(កំពត)៖ សពជនរងគ្រោះទាំង៤នាក់ ដែលបានស្លាប់ដោយហេតុការណ៍ទូកទេសចរណ៍ ដឹកភ្ញៀវមើលអំពិលអំពែក តាមមាត់សមុទ្រ នាក្រុងកំពត ខេត្តកំពត បានគឿងជាមួយខ្សាច់ បណ្តាលឲ្យផ្អៀង រហូតធ្វើឲ្យភ្ញៀវលោតចូលទឹកនោះ បានរកឃើញអស់ហើយ គិតត្រឹមវេលាម៉ោងជិត២រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសពជនរងគ្រោះម្នាក់រកឃើញភ្លាមៗក្រោយកើតហេតុ ម្នាក់ទៀតរកឃើញនៅព្រឹកមិញ និង២នាក់ ជាម្តាយ និងកូនប្រុសត្រូវបានរកឃើញនៅរសៀលថ្ងៃនេះ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា សពជនរងគ្រោះទាំង៤នាក់ មាន៣នាក់ ជាម្តាយក្មេក ប្រពន្ធ និងកូនប្រុសរបស់ នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត លោក សាន យ៉េត ហើយស្រ្តីវ័យចំណាស់ម្នាក់ទៀត ជាអ្នករស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជាមួយគ្នានេះ សម្រាប់ម្ចាស់ទូកទេសចរណ៍មួយនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីចាត់ការតាមច្បាប់។

សម្រាប់ការបាត់ជីវិតសាច់ញាតិរបស់នាយការិយាល័យសុខាភិបាល ដ៏គួរឲ្យអាសូរយ៉ាងពន់ពេកនោះ ស្នងការនគរបាលខេត្ត បាននាំយកថវិកា ចំនួន២លានរៀល ព្រមទាំងទឹកក្រូច១០កេះ ទឹកសុទ្ធ១០កេះ ដោយមួយលានរបស់សម្តេចក្រឡាហោម ស ខេង និងមួយលានរៀលទៀតជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដើម្បីចូលរួមបុណ្យសព។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមមាត់សមុទ្រ ជិតស្ពានថ្មី ក្រុងកំពត ខេត្តកំពត ក្រោយទូកទេសចរណ៍ដ៏ធំមួយផ្ទុកមនុស្សជាង៧០នាក់ បានគឿងជាមួយខ្សាច់ ហើយផ្អៀងធ្វើឲ្យមានការជ្រួលច្របល់អ្នកនៅលើទូក រហូតលោតចូលទឹកតែម្តង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើង ដោយសារតែទូកទេសចរណ៍មួយនេះ ក្រោយត្រឡប់មកពីមើល អំពិលអំពែកតាមមាត់សមុទ្រនោះ បានគឿងខ្សាច់ (ក្រោយទឹកនាច) ស្រាប់តែបណ្តាលឲ្យទូកផ្អៀង ហើយមានអ្នកខ្លះធ្លាក់ចូលទឹក ពេលនោះក៏ម្នាក់ៗ ឆោឡោយ៉ាងខ្លាំង ដោយគិតថាទូកលិច ទើបម្នាក់ៗនាំគ្នាលោតចេញពីទូក រហូតមានស្លាប់យ៉ាងដូច្នេះ»។

នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងស្រង់ទូកមកលើគោក ដើម្បីបន្តធ្វើកោសល្យវិច្ច័យបន្ថែម រកមូលហេតុ នៃគ្រោះថ្នាក់មួយនេះ៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

ដោយឡែកក្នុងថ្ងៃទី១៥ វិច្ឆិកានេះដែរ នៅឯខេត្ដបន្ទាយមានជ័យក៏មានករណី ដ៏ភ្ញាក់ផ្អើល និងគួរឲ្យសោកសង្រេងជាទីបំផុត ដែលទារកម្នាក់កើតមក បែរជាមានមុខមាត់ដ៏ចម្លែក និងមិនធ្លាប់ជួបប្រទះពីមុនមក។

នេះបើគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ម្នាក់ ដែលទើបតែបង្ហោះរូបភាព និងសារកាលពីប៉ុន្មានម៉ោងមុន បានឲ្យដឹងថា <<សុំអំពាវនាវដល់ស្ត្រីគ្រប់រូប ដែលមានផ្ទៃពោះដាច់ខាតត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យនៅ តាមសេវាសាធារណៈដើម្បីទទួលបាននូវដំបូន្មានពីអ្នកគ្រូ លោកគ្រូពេទ្យនៅអំលុងមានផ្ទៃពោះណា អរគុណ។

បានប្រសូត្រនៅថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៦ មានអាយុ ៧ខែ ២៥ ថ្ងៃនៅមណ្ឌលសុខភាពណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជយ័ ជាតំបន់ដាច់ស្រយាល សុំខាងកម្មវិធីផ្តល់ថ្នាំបង្ការ នឹង មន្ត្រីដែលបានបណ្តុះបណ្តាលផ្នែកជំងឺឆ្លង មេត្តាចុះពិនិត្យនឹងរៀបចំទៅមន្ទីរពេទ្យបង្អែកភ្នំស្រុករួចហើយរៀបចំបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាសៀបរាប។

( វាមិនមែនជាជំងឺអ្វីដែលឆ្លងទេ​ វាជាប្រភេទមួយនៃជំងឺ​ genetic ដែលមានឈ្មោះ​ Harlequin ichthyosis in newborn )

វាមិនអាចរស់បានយូរទេ​ ស្បែករបស់វាមានសណ្ឋានដូចជាថង់ប្លាស្ទិច​រុំ​ រួមរឹតខ្លួន​ និងស្រួយបែកប្រេះ​ ចុងបញ្ចប់គឺស្លាប់។>>

នេះបើតាមការស្រាវជ្រាវ បានឲ្យដឹងថា ទារកនេះមានជម្ងឺម្យ៉ាងដ៏កម្រ ដែលមានឈ្មោះថា Harlequin-type Ichthyosis ដែលបង្កឲ្យស្បែកក្រាស់ និងប្រែ ស ជាកង់ដូចជាតួក្នុងរឿង Fantastic Four (The Thing)។ ជម្ងឺដ៏កម្រនេះកើតមានលើទារក ១ក្នុង ៣00 000 ករណី ហើយក្មេងដែលមានជម្ងឺដ៏កម្រនេះ ភាគច្រើនមិនអាចរស់បានមួយសប្ដាហ៍ទេ ដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗ ជាពិសេសការឆ្លងមេរោគ តាមស្បែកដែលប្រែ ស។ មួយវិញទៀតការសង្គ្រោះទារកបែបនេះ ទាមទារការយកចិត្តទុកដាក់ខ្លាំងបំផុត និងតម្រូវឲ្យមានបរិក្ខាពេទ្យទំនើបៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]