(ភ្នំពេញ)៖ ហេតុការណ៍គ្រោះចរាចរណ៍មួយបានកើតឡើង ម៉ូតូមួយគ្រឿងទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យយុវជនម្នាក់ដួលខ្ទាតចូលក្រោម កង់រថយន្តដឹកដី កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៨៖៣២នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្លូវជាតិលេខ៣ មុខក្លោងទ្វាវត្តជន្លង់ម្លូក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថូ​ ស៊ាវឡុង អាយុ២០ឆ្នាំ ស្រុកកំណើតនៅភូមិព្រែកពោធិក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកវ៉េវ RSX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA.7362 បើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯតៃកុងបើកបររថយន្តឈ្មោះ មាស បុរី អាយុ ២៣ឆ្នាំមុខរបរបើកឡាន រស់នៅភូមិពាមសង្កាត់ព្រៃស ខណ្ឌដង្កោ បើករថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌សពាក់ស្លាកលេខPP.0735 បើកបរស្រប់ទិសគ្នា។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុគេឃើញម៉ូតូ២គ្រឿង បើកបរស្រប់ទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតគ្នា បណ្តាលឱ្យម៉ូតូជនរងគ្រោះខាងលើ ដួលចូលក្រោមកង់រថយន្ត ដឹកដីខាងលើកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ភ្លាមៗនោះម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោល រីឯរថយន្តបង្កនិងតៃកុងត្រូវបានសមត្ថកិច្ចឃាត់ជាប់ ដើម្បីរងចាំជំនាញចរាចរណ៍ជើងគោក រាជធានីភ្នំពេញ មកធ្វើការវាស់វេងដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់​ដែរថា ដោយឡែកករណីមួយវិញទៀតបុរស​ម្នាក់​កំពុង​តែ​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​កុងតឺន័រ​បុក​កិន​បែកក្បាល​ស្លាប់។

នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែវិច្ឆិកា​ កន្លងទៅ តាម​បណ្ដោយ​ផ្លូវ​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បាន​បុក​បុរស​ម្នាក់​ពេញទំហឹង ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ បែកក្បាល​ខ្ទាត​ខួរ​ពេញ​ផ្លូវ ហើយ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ ទើប​ធ្វើ​ឲ្យ​អ្នកបើកបរ​បញ្ជា​ចង្កូត​ មិន​ទាន់​ក៏​បាន​បុក​បុរស​នោះ​បែកក្បាល​ខ្ទាត​ខួរ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។

ជាមួយ​គ្នា​នោះ​ដែរ​សមត្ថកិច្ច​ បាន​មក​ដល់​កន្លែង​កើតហេតុ ក៏​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​សាច់ញាតិ ហើយ​ធ្វើការ​ពិនិត្យ​ អត្តសញ្ញាណ​ជន​រង​គ្រោះ រួច​បញ្ជាក់​ថា ជន​រង​គ្រោះ​មានឈ្មោះ ព្រុំ អឿ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មានស្រុក​កំណើត​នៅ​ភូមិ​ម្រិញ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​កុងតឺន័រ បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​នូវ​តែ​រថយន្ត​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ រក្សា​ទុក​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ ដោះស្រាយ​ជា​ក្រោយ​។ រីឯ​សាកសព​ជន​រង​គ្រោះ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]