ចិន៖ សារព័ត៌មាន មីរ័រ បានផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ក្រុមគ្រូពេទ្យ បានបណ្តុះត្រចៀកស្តាំមួយចំហៀង នៅលើកំភួនដៃបុរសម្នាក់ ដើម្បីយកមកជំនួសត្រចៀករបស់គាត់ ដែលបានបាត់បង់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ។

ការវះកាត់បណ្តុះកោសិកាប្លាស្ទិច ត្រចៀកសិប្បនិម្មិតនេះ ត្រូវបានធ្វើឡើងនៅលើដៃបុរសម្នាក់ ដើម្បីជំនួសត្រចៀកដែលបាត់បង់របស់គាត់ ឲ្យគាត់មានជីវិតសាមញ្ញ ដើម្បីរស់ជាថ្មីម្តងទៀត។

វេជ្ជបណ្ឌិតដឹកនាំការវះកាត់បណ្តុះនេះ លោក Guo Shuzhong និងក្រុមរបស់លោក បានប្រើប្រាស់ឆ្អឹងខ្ចី ពីឆ្អឹងជំនីរបស់បុរសនោះ ដើម្បីបង្កើតត្រចៀកខាងស្តាំថ្មីមួយ នៅក្នុងដំណើរការនាឆ្នាំក្រោយ ដែលនឹងត្រូវកាត់យកទៅភ្ជាប់ជំនួសត្រចៀកដែលបានដាច់បាត់។

អ្នកជំងឺដែលត្រូវបានគេស្គាល់ឈ្មោះត្រឹមថា លោក Ji ត្រូវបានគេថតរូបដៃរបស់លោក ដោយមានត្រចៀកមួយកំពុងតែដុះចេញពីកំភួនដៃស្តាំ បន្ទាប់ពីមានការពិសោធន៍ជាប្រវត្តិសាស្រ្តមួយចំនួន។

លោក Ji ត្រូវការត្រចៀកមួយចំហៀង ដើម្បីជំនួសត្រចៀកចាស់ដែលបាត់បង់ នៅក្នុងគ្រោះថ្នាក់រថយន្តកាលពីឆ្នាំមុន ដើម្បីទទួលបានមុខមាត់ដែលមានសរីរាង្គគ្រប់គ្រាន់ដូចកាលពីមុនវិញ។ ដូច្នេះលោក ក៏បានមករកលោកវេជ្ជបណ្ឌិត Guo Shuzhong ដែលមានបទពិសោធន៍ ជាង ៣០ឆ្នាំ ដើម្បីឲ្យគាត់ជួយ។

គួរបញ្ជាក់ថា នីតិវិធីនៃការបណ្តុះត្រចៀកថ្មីនេះ ត្រូវបានធ្វើឡើង ៣ដំណាក់កាលដោយដំណាក់ការទី១ ក្រុមគ្រូពេទ្យ ត្រូវធ្វើការពង្រីកស្បែកកំភួនដៃរបស់លោក Ji មុនពេលដែលពួកគេយកឆ្អឹងខ្ចីទៅបង្កើតជាត្រចៀកថ្មី និងក្រោយមកយកមកបណ្តុះលើដៃ។

ហើយដំណាក់កាលទី៣ គឺរង់ចាំដល់ត្រចៀកថ្មីលូតលាស់ពេញលេញ ទើបកាត់យកមកភ្ជាប់នឹងក្បាលវិញ ដែលនឹងត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយ។ នីតិវិធីទាំងនេះ ត្រូវបានគេចាត់ទុកថា ជាជោគជ័យដ៏ធំមួយ៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]