កំពង់ចាម៖ ការប្រកួតកីឡាជាតិនៃវិញ្ញាសាហែលទឹកទាំងផ្នែកបុរស និងផ្នែកនារី បានបញ្ចប់ហើយកាលពីម្សិលមិញនេះ នៅមជ្ឃមណ្ឌលកីឡាហែលទឹកតេជោសែន ស្ថិតក្នុងខេត្តកំពង់ចាម។

ក្នុងនោះ កីឡាការិនី ហែមថុន វិទីនី ដែលតំណាងឲ្យក្រសួងមហាផ្ទៃ បានឈ្នះនូវមេដាយមាសចំនួន៤ម្នាក់ឯង នៅក្នុងការប្រកួតកីឡាជាតិឆ្នាំ២០១៦។

ទន្ទឹមនឹងនេះ កាលពីយប់មិញ កីឡាការិនីរូបនេះ ក៏បានថ្លែងប្រាប់នៅក្នុងគណនីបណ្តាញសង្គមរបស់នាងផងដែរថា «ការប្រកួតរបស់ខ្ញុំគឺបានបញ្ចប់ហើយ។ ដំណឹងល្អសម្រាប់ក្រុមក្រសួងមហាផ្ទៃ គឺខ្ញុំឈ្នះមេដាយមាសចំនួន៤»

ជាមួយនឹងជ័យជំនះមេដាយមាសចំនួន៤  វិទីនី ក៏បានទទួលការអបអរសាទរពីសំណាក់អ្នកគាំទ្រជាច្រើននាក់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ 

កីឡាការិនីឆ្នើមរូបនេះបន្តទៀតថា «ក្រសួងមហាផ្ទៃអើយខ្ញុំជួយបានត្រឹមតែមាស 4ទេ...មិនដឹងថាមហាផ្ទៃយើងអាចជាប់ចំណាត់ថ្នាក់លេខ១ ក្រុមក្នុងការប្រកួតកីឡាជាតិលើកនេះឬក៏អត់ទេ ស៊ូស៊ូទាំងអស់គ្នា»

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃកំពុងស្ថិតក្នុងចំណាត់លេខ២ នៃតារាងមេដាយសរុប ខណៈរាជធានីភ្នំពេញកំពុងនាំមុខ ឈរលេខ១ បណ្តោះអាសន្ន៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កីឡា​វាយ​សី បញ្ចប់​បេស​កក​ម្ម​ប្រកួត​កីឡា​ជាតិ ខណៈ​​រាជ​​ធានី​​ភ្នំ​​ពេញ ឈ្នះ​មេ​ដាយ​ច្រើន​ជាង​គេ ។ គួររំលឹកផងដែរថា កីឡាវាយសី បានបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាជាតិ លើកទី១ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជាហើយ បន្ទាប់​ពី​ដំណើរ​ការ​នៃ​ការ​ប្រកួត​អស់​រយៈ​ពេល ៥ថ្ងៃ កាលពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ នៅលើទីលានពហុកីឡដ្ឋានជាតិ ប៉ុន្ដែប្រភេទកីឡាមួយចំនួនធំ នៅមិនទាន់បញ្ចប់នោះទេ គ្រាដែលពិធីបិទការប្រកួតផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាចុងសប្តាហ៍តែម្តង។

សម្រាប់លទ្ធផលនៃការប្រកួតកីឡាវាយសីនេះ ចំណាត់ថ្នាក់លេខ១ ចំពោះក្រុមដណ្ដើមបានមេដាយច្រើនជាងគេ គឺបានទៅក្រុមកីឡារាជ​ធានី​ភ្នំពេញ ដែល​ដណ្ដើម​បាន​មេ​ដាយ​សរុប ៥គ្រឿង រួមមានមេដាយមាស ៣វិញ្ញាសា មេដាយប្រាក់ ១វិញ្ញាសា និង​មេ​ដាយសំរឹទ្ធ ១វិញ្ញាសា ហើយចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡាមកពីខេត្តកំពង់ឆ្នាំង ដណ្ដើមបានមេដាយមាស ៣វិញ្ញាសា។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាបានឲ្យដឹងថា «ការប្រកួតនេះបានបញ្ចប់ដោយជោគជ័យ ទាំងគណៈកម្មការរៀបចំ គណៈ​កម្ម​ការ​ឲ្យ​ពិន្ទុ និង​ការ​ប្រកួត​របស់​កីឡាករ-កីឡាការិនីជាដើម គឺសុទ្ធតែប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ។ តាមរយៈការប្រកួតនេះ លោករំពឹងថា ស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ កីឡាវាយសីនឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំទទួលក្រុមភ្ញៀវមកពីបណ្ដាប្រទេសផ្សេងៗទៀតក្នុងប្លុកអាស៊ាន»។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ មានកីឡា ៥ប្រភេទហើយ ដែលបានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិនេះ គឺមានកីឡា​វាយ​សី ប៉េតង់ តេក្វាន់ដូ វាយ​កូន​ឃ្លី​លើ​តុ និងកីឡាសូរិនហ្សិកាំប៉ូ ខណៈកីឡាកាយសម្ព័ន្ធវិញ គ្រោងនឹងបញ្ចប់នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកានេះ។ ចំណែកកីឡាកំពុងបន្ដយុទ្ធនាការយ៉ាងក្ដៅគគុកលើទីលាន រួមមានកីឡាអត្តពលកម្ម ហែលទឹក ចំបាប់ ល្បុក្កតោ បាល់បោះ បាល់ទាត់ បាល់ទះ ប្រដាល់ និងកីឡាវាយកូនបាល់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]