(ភ្នំពេញ)៖ កីឡាវាយសី បានបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាជាតិ លើកទី១ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជាហើយ បន្ទាប់​ពី​ដំណើរ​ការ​នៃ​ការ​ប្រកួត​អស់​រយៈ​ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ប៉ុន្ដែប្រភេទកីឡាមួយចំនួនធំ នៅមិនទាន់បញ្ចប់នោះទេ គ្រាដែលពិធីបិទការប្រកួតផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាចុងសប្តាហ៍តែម្តង។

សម្រាប់លទ្ធផលនៃការប្រកួតកីឡាវាយសីនេះ ចំណាត់ថ្នាក់លេខ១ ចំពោះក្រុមដណ្ដើមបានមេដាយច្រើនជាងគេ គឺបានទៅក្រុមកីឡារាជ​ធានី​ភ្នំពេញ ដែល​ដណ្ដើម​បាន​មេ​ដាយ​សរុប ៥គ្រឿង រួមមានមេដាយមាស ៣វិញ្ញាសា មេដាយប្រាក់ ១វិញ្ញាសា និង​មេ​ដាយសំរឹទ្ធ ១វិញ្ញាសា ហើយចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡាមកពីខេត្តកំពង់ឆ្នាំង ដណ្ដើមបានមេដាយមាស ៣វិញ្ញាសា។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាបានឲ្យដឹងថា «ការប្រកួតនេះបានបញ្ចប់ដោយជោគជ័យ ទាំងគណៈកម្មការរៀបចំ គណៈ​កម្ម​ការ​ឲ្យ​ពិន្ទុ និង​ការ​ប្រកួត​របស់​កីឡាករ-កីឡាការិនីជាដើម គឺសុទ្ធតែប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ។ តាមរយៈការប្រកួតនេះ លោករំពឹងថា ស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ កីឡាវាយសីនឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំទទួលក្រុមភ្ញៀវមកពីបណ្ដាប្រទេសផ្សេងៗទៀតក្នុងប្លុកអាស៊ាន»។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ មានកីឡា ៥ប្រភេទហើយ ដែលបានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិនេះ គឺមានកីឡា​វាយ​សី ប៉េតង់ តេក្វាន់ដូ វាយ​កូន​ឃ្លី​លើ​តុ និងកីឡាសូរិនហ្សិកាំប៉ូ ខណៈកីឡាកាយសម្ព័ន្ធវិញ គ្រោងនឹងបញ្ចប់នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកានេះ។ ចំណែកកីឡាកំពុងបន្ដយុទ្ធនាការយ៉ាងក្ដៅគគុកលើទីលាន រួមមានកីឡាអត្តពលកម្ម ហែលទឹក ចំបាប់ ល្បុក្កតោ បាល់បោះ បាល់ទាត់ បាល់ទះ ប្រដាល់ និងកីឡាវាយកូនបាល់៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  រាជធានីភ្នំពេញ ទម្លាក់ខេត្តកំពត ឡើងឈរកំពូលតារាងមេដាយ​ ក្នុងការប្រកួតកីឡាជាតិ បណ្ដោះអាសន្ន ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅ ដែលជាថ្ងៃទី០៥ នៃការប្រកួតកីឡាជាតិ លើកទី១ គឺក្រុមអត្តពលិកនៃរាជធានីភ្នំពេញ បានដណ្ដើមកៅអីកំពូលតារាង នៃការដណ្ដើមបានមេដាយបានច្រើនជាងគេ ក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្ររបស់កម្ពុជានេះហើយ គ្រាដែលក្រុមអត្ដពលិកខេត្តកំពត ដែលឈរលេខ១ រយៈពេល ៤ថ្ងៃកាលពីថ្ងៃបើកឆាកប្រកួតដំបូងនោះ បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ។

យោងតាមការបូកសរុបលទ្ធផល ដែលឲ្យដឹងអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា មកទល់ពេលនេះក្រុមអត្តពលិករាជធានីភ្នំពេញ ដណ្ដើមបានមេដាយសរុប ២៣គ្រឿង ក្នុងនោះមានមេដាយមាស៩ មេដាយប្រាក់១០ និងមេដាយសំរឹទ្ធ៥ ហើយតាមពីក្រោយដោយក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ ដែលដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស៩ មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ៥ ។

ដោយឡែកក្រុមអត្ពលិកកីឡានៃខេត្តកំពត ដែលធ្លាក់ពីកំពូលតារាងមកឈរលេខរៀងទី៣ គឺដណ្ដើមបានមេដាយសរុប ១៥គ្រឿង ក្នុងនោះមានមេដាយមាស៧ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ៤ ។ រីឯខេត្ត-ក្រុង និងក្រសួងចំនួន ១៤ស្ថាប័នផ្សេងទៀត ក៏ដណ្ដើមបានមេដាយជាបន្ដបន្ទាប់ផងដែរ គ្រាដែលកីឡា ២ប្រភេទ ត្រូវបានបញ្ចប់ គឺកីឡាវាយកូនឃ្លីលើតុ និងកីឡាតេក្វាន់ដូ ហើយការប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]