ភពដែនដីមួយនេះ មិនខ្វះទេ ទីកន្លែងដែលស្រស់ស្អាត មិនគួរឲ្យជឿជាច្រើនតាមបណ្តាប្រទេសទាំងឡាយ ពាសពេញពិភពលោក មិនថាជាស្នាដៃរបស់ធម្មជាតិ ឬក៏មនុស្សនោះទេ។ ទន្ទឹមនឹងនោះដែរ ផែនដីដ៏ធំនេះ ក៏សម្បូរទៅដោយទីកន្លែងគ្រោះថ្នាក់ជាច្រើន ហើយក្នុងនោះក៏មាន Bermuda Triangle ដែលជាកន្លែងដ៏គួរឲ្យខ្លាច មានអាថ៌កំបាំង និងមិនធ្លាប់មាន នរណាម្នាក់ស្រាយចម្ងល់បានឡើយ។

Bermuda Triangle (ឬត្រូវបានគេស្គាល់ថាជា Devil’s Triangle ដែលអាចប្រែមកបានថាជា តំបន់ត្រីកោណបិសាច) គឺជាតំបន់ត្រីកោណដ៏អាថ៌កំបាំងមួយ ស្ថិតនៅភាគខាងលិច នៃមហាហាសមុទ្រអាត្លង់ទិចខាងជើង។ Bermuda Triangle គឺជាកន្លែងដែលនាវា និងយន្តហោះជាច្រើនសន្ធឹកសន្ធាប់ បានបាត់ខ្លួន ដោយមិនដឹងមូលហេតុ ហើយថែមទាំងគ្មានអ្នកបកស្រាយបានច្បាស់ទាល់តែសោះ។ តំបន់ជុំវិញ Bermuda Triangle គឺជាផ្លូវទឹកដឹកជញ្ជូនមួយដ៏ធំ របស់ពិភពលោក ដែលមាននាវាជាច្រើនឆ្លងកាត់ញឹកញាប់ ដើម្បីចុះទៅកំពង់ផែអាមេរិក កំពង់ផែអ៊ឺរ៉ុប និងកោះការាបៀន (Caribbean)។ សូម្បីតែនាវាកម្សាន្ត និងយន្តហោះឯកជន ក៏ចរាចរណ៍ជារៀងរាល់ថ្ងៃដែរ។

ប៉ុន្តែ នាវា ឬយន្តហោះ ដែលឆ្លងកាត់ចូលតំបន់ Bermuda Triangle ប្រាកដជាត្រូវបាត់ខ្លួនជាក់ជាមិនខាន។ សូម្បីតែ សាក្សីដែលជា អ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែក របស់ទាហានជើងទឹកសហរដ្ឋអាមេរិក ដែលបានរស់រានមានជីវិតពីហេតុការណ៍កើតឡើងនៅ Bermuda Triangle ក៏មិនអាចបកស្រាយបានថាមានមូលហេតុអ្វី ឲ្យប្រាកដដែរ។ 

យន្តហោះចម្បាំងជាច្រើន ក៏បានដាច់ការទាក់ទងទាំងស្រុង នៅខណៈពេលដែលហោះកាត់តំបន់ Bermuda Triangle នេះ ហើយថែមទាំងស្វែងរកបំណែកតួយន្តហោះតែបន្តិច ក៏មិនឃើញផង។ រីឯទូក និងយន្តហោះដទៃផ្សេងទៀត ក៏ធ្លាប់បានបាត់ស្រមោលសូន្យឈឹង ក្រោយពីបានធ្វើដំណើរក្នុងតំបន់នោះ ទាំងដែលមានអាកាសធាតុស្រលះចែស និងមិនបានផ្តល់សញ្ញាគ្រោះថ្នាក់ណាមួយ តាមរលកធាតុអាកាសទៀតផង។ មួយវិញទៀត ទោះបីជាមានសៀវភៅ និងទ្រឹស្តីជាច្រើន ត្រូវបានសរសេរទាក់ទងនឹងតំបន់ត្រីកោណ Bermuda Triangle នេះយ៉ាងណាក៏ដោយ ក៏គ្មានអ្នកនិពន្ធណាម្នាក់ ក្នុងចំណោមនោះអាចបញ្ជាក់ និងបកស្រាយអំពីការបាត់ខ្លួននាវា និងយន្តហោះដ៏ចម្លែកក្នុងតំបន់នោះបានឡើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ១៩៦៤ លោក Vincent Gaddis បានសរសេរអត្ថបទមួយក្នុងទស្សនារដ្តី Argosy ថាតំបន់ត្រីកោណ Bermuda Triangle មានព្រំដែន ដែលជាជ្រុងជុំវិញនោះមានដួចជា កំពង់ផែ Miami កោះ Bermuda និងកោះ Puerto Rico ។ ក្រោយមកក៏មាន អ្នកនិពន្ធផ្សេងទៀត បានកំណត់ព្រំដែន និងទំហំរបស់តំបន់ Bermuda Triangle ថាមានផ្ទៃក្រឡាពី ១,៣០០,០០០ ទៅ ៣,៩០០,០០០ គីឡូម៉ែត្រការ៉េ។

ដំណឹងល្អនោះគឺ ថ្មីៗនេះ អ្នកស្រាវជ្រាវហាក់ដូចជា អាចបកស្រាយចម្ងល់ដែលជា អាថ៌កំបាំង របស់តំបន់ត្រីកោណ Bermuda Triangle ជាយូរមកនេះបានហើយ បើយោងទៅតាមគេហទំព័រ Science Channel ។ 

ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអាមេរិកមួយក្រុម មកពីសាកលវិទ្យាល័យរដ្ឋ Colorado បានធ្វើការវិភាគ រូបភាពពីផ្កាយរណប នៃអាកាសធាតុក្នុងតំបន់ដ៏គ្រោះថ្នាក់ និងគួរឲ្យព្រឺខ្លួននោះ ហើយជាលទ្ធផល ពួកគេក៏បានកត់សម្គាល់ឃើញមាន ចន្លោះពពករាងឆកោន មិនប្រក្រតីជាច្រើន នៅលើតំបន់ត្រីកោណបិសាច Bermuda Triangle នោះ។ អ្នកជំនាញខាងផ្នែកឧតុនិយម បានចាត់ទុកពពកទាំងនោះយ៉ាងច្បាស់ថាជា “air bombs” (អាចប្រែជាភាសាខ្មែរបានថាជា គ្រាប់បែកខ្យល់ព្យុះ) ។

ពួកគេជឿថា ពពករាងឆកោនទាំងនេះហើយ ជាមូលហេតុចម្បងបំផុត ដែលបណ្តាលឲ្យកកើតមានខ្យល់ព្យុះដ៏ក្លាំងខ្លាយ៉ាងសម្បើម ដោយមានល្បឿនលឿនមិនគួរឲ្យជឿ រហូតដល់ជាង ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្លាំងខ្យល់ ដ៏មហិមានេះ អាចបង្កជាព្យុះគួចឡើងភ្លាមៗ និងអាចបង្កើតរលក បានកម្ពស់ជាង ១៣ ម៉ែត្រឯណោះ។

អ្នកត្រូវដឹងថា គ្មាននាវាណាមួយ ដែលអាចរួចខ្លួនចេញពី ខ្យល់ព្យុះកម្រិតខ្លាំងយ៉ាងនេះទេ។ សូម្បីតែ យន្តហោះ ក៏មិនអាចទប់លំនឹងរបស់ខ្លួនលើអាកាសបាន ដោយសារកម្លាំងខ្យល់ខ្លាំងយ៉ាងនោះដែរ។

ទោះបីជាពពក អាចផ្លាស់ប្តូរជាច្រើនទម្រង់ផ្សេងៗជាច្រើន ក៏ពិតមែនក៏ដោយចុះ ក៏តាមការសង្កេតរូបភាពពីផ្កាយរណបបានបង្ហាញថា តំបន់ត្រីកោណបិសាច Bermuda Triangle មិនមែនមានអាកាសធាតុប្រក្រតី ដូចទីកន្លែងដទៃនោះទេ។ ហេតុនេះ ពពករាងឆកោនទាំងនោះ គឺជាបញ្ហាចោទដ៏សំខាន់។ ការប្រកាសចេញនូវ របកគំហើញនេះ ទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់មនុស្សជាច្រើនពាសពេញពិភពលោក ដើម្បីចង់ឲ្យពួកគេបន្តការស្រាវជ្រាវតទៅទៀត។ ក្រុមអ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក កំពុងតែព្យាយាមដោះស្រាយ និងរកមូលហេតុថាហេតុអ្វីបានជាមាន ចន្លោះពពករាងឆកោនបែបនេះ៕ 

ប្រភព៖ Bright Side | History | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]