(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា នឹងជួបប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិទល់នឹងម្ចាស់ផ្ទះសិង្ហបុរី (Singapore) នារាត្រីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ ដើម្បីត្រៀមប្រកួតពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដូចគ្នា នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់ Khmertalking នាព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ។

ក្រុមដែលមានរហស្សនាមថា «គោព្រៃ» នោះបានចាប់ផ្ដើមប្រមូលផ្ដុំកីឡាករជាថ្មីនាថ្ងៃទី៣១ ខែតុលា នៅឯទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ បន្ទាប់ពីប្រកាសរំសាយ១សប្ដាហ៍ ក្រោយយកឈ្នះគូប្រជែង ៣ប្រកួតជាប់គ្នាក្នុងនាមម្ចាស់ផ្ទះវគ្គជម្រុះបឋមនៃពានរង្វាន់ AFF Suzuki Cup 2016 កាលពីពេលថ្មីៗកន្លងទៅ។

លោក ខៀវ សាម៉េត បានបញ្ជាក់ថា «ការប្រមូលផ្ដុំហ្វឹកហាត់នេះ គឺធ្វើឡើង ដើម្បីត្រៀមប្រកួតសន្សំពិន្ទុក្នុងពូលនៃពាន AFF Suzuki Cup 2016 ខណៈក្រុមដែលកំពុងឈរនៅលេខ១៦៧ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ស្ថិតក្នុងពូល B ជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម ដែលនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះហើយ»។

កម្ពុជា ទើបតែយកឈ្នះសិង្ហបុរី ២-១ ក្នុងមិត្តភាពអន្តរជាតិនេះដូចគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ក្រោមក្រសែភ្នែក អ្នកចូលរួមទស្សនាផ្ទាល់ពេញស្តាតតែម្តង ប្រមាណជាង៥ម៉ឺននាក់ និងក្រោមដំណក់ទឹកភ្លៀងផងដែរនោះ ហើយក្រុម ក៏ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ១៧១ ក្នុង FIFA Ranking សិង្ហបុរី ក៏ត្រៀមប្រកួតពាន AFF Suzuki Cup 2016 ផងដែរ ដោយស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន ឥណ្ឌូនេស៊ី និងក្រុមការពារតំណែងជើងឯកថៃ។

ជាការត្រៀមខ្លួននេះទៀតសោត ក្រុមជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការមួយ មុននឹងចេញដំណើរទៅប្រទេសមីយ៉ាន់ម៉ា គឺត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ ដើម្បីពង្រឹងសមត្ថភាពកីឡាករបន្ថែម ក៏ដូចជាជម្រុះកីឡាករ ៣នាក់ចេញ ទុក២៣នាក់ទៅប្រកួតប្រជែងដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2016 ខាងលើផងដែរ ដែលគ្រោងនឹងចាកចេញពីកម្ពុជានៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​ពាន​វគ្គ​ជម្រុះ​ AFF SUZUKI CUP 2016 ។ គួររំលឹកផងដែរថា ទីបំផុត​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​សាង​នូវ​ប្រវត្តិសាស្ត្រ​គួ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត និង​មិន​ធ្លា​ប់មាន​អស់​រយៈពេល​៨​ឆ្នាំ​មកនេះ បន្ទាប់​ពី​បាន​យកឈ្នះ​លើក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត នៅ​ក្នុង​លទ្ធផល​៣-២ នា​ការ​ប្រកួត​វគ្គ​ជម្រុះ​ចុង​ក្រោយ ពាន​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2016 នៅ​លើ​ទីលាន​ពហុ​កី​ឡ​ដ្ធា​ន​ជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​២១ កន្លង​មកនេះ​។

គួ​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០០៨​មក ក្រុម​ជម្រើសជាតិ​កម្ពុជា​ពុំដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ម្ដងណា​ឡើយ ។ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទៈ​រៀបចំ​ការ​ប្រកួត បាន​យកឈ្នះ​៣​ប្រកួត​ជាប់​គ្នា ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា មានឱកាស​បាន​ឡើង​ទៅ​វគ្គ​ប្រកួត​ចែក​ពូ​ល ជា​បន្ត ។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​ចុង​ក្រោយ​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ ក្រុម​ជម្រើសជាតិ​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​មែនទែន គ្រាន់តែ​បើក​ឆាក​ប្រកួត​២​នាទី​ដំបូង ត្រូវ​កីឡាករ ទិ​ត្យ ឌី​ណា ទាត់​បញ្ចូល​ទី​ក្រុម​ទី​ម័​រ​ខាងកើត​បាន ១​គ្រាប់​នាំមុខ​មុន ខណៈ​១​គ្រាប់​ទៀត រកបាន​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ពាក់អាវ​លេខ​១១ នៅ​នាទី​ទី​១៧ មុន​ពេល​ក្រុម​ទី​ម័​រ តាម​សង​បាន​២​គ្រាប់​វិញ គឺ​នៅ​នាទី​ទី​២០ ដែល​ជា​គ្រាប់​បាល់ទាត់​ប៉េ​ណា​ល់​ទី ចម្ងាយ​១១​ម៉ែត្រ ជា​ថ្វី​ជើង​របស់​កីឡាករ Anggisu ពាក់អាវ​លេខ​៦ និង​១​គ្រាប់​ទៀត រកបាន​ដោយ​កីឡាករ​ពាក់អាវ​លេខ​២២ Nelson នៅ​នាទី​៣៥ ទោះជា​យ៉ាងណា​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​តែ​ធ្វើការ​ព្យាយាម​លេង​វាយ​សម្រុក ដើម្បី​រក​គ្រាប់​បន្ថែម​នាំមុខ​ទាល់តែ​បាន គឺ​នៅ​នាទី​៧៧ កីឡាករ ចាន់ វឌ្ឍនាការ ជា​អ្នក​សម្រេច​បាន​នូវ​គ្រាប់​ទី​២​របស់​ខ្លួន ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​លើក​ក្រុម​ជម្រើសជាតិ ទី​ម័​រ​ខាងកើត នៅ​ក្នុង​លទ្ធផល​៣​ទល់​នឹង​២​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]