ថៃ៖ តារាសម្តែងស្រីនាង Noey Chotika ដោយហេតុតែមានបំណងចង់ធ្វើអំពើល្អ សម្រាប់ព្រះមហាក្សត្ររបស់ខ្លួន បានសម្រេចចូលខ្លួនទៅធ្វើជាអ្នកស្ម័គ្រចិត្តចែកចាយ ចំណីអាហារដល់សាធារណៈជនទូទៅ ដែលបានធ្វើដំណើរមកគោរពវិញាណក្ខន្ធ ព្រះមហាក្សត្រ ព្រះចៅ Bhumibol Adulyadej នៅទីធ្លាមុខព្រះបរមរាជវាំង។

រួមជាមួយនឹងវត្តមានរបស់ក្រុមអ្នកស្ម័គ្រចិត្ត ព្រមទាំងតារាសម្តែងប្រុសស្រីជាច្រើន រូបផ្សេងទៀតនោះ ដែលបានឈរចែកអាហារ  នាង Noey Chotika ត្រូវបានអ្នកគាំទ្រ កោតសរសើរថា គឺជាតារាស្រីកាចឆ្នាស់តែក្នុងរឿងទេ តែនៅក្រៅឆាកវិញជាមនុស្ស ដែលមានសន្តានចិត្តសប្បុរសធម៌ជួយការងារសង្គម។

ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ ក្រោយនាងបានផុសរូបនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមស្រាប់តែមាន Comment របស់អ្នកគាំទ្រនាងផុសភ្លាមយ៉ាងដូច្នេះ នៅពីក្រោមរូបនាងថា៖ «សូមអនុមោទនាបុណ្យផងចា៎! សុំទោសណាចាស៎ បងមិនបានតាំងចិត្តទេ តែចៃដន្យអីឃើញក្រចកដៃរបស់ប្អូនវាដូចជាក្រហមពេកហើយ ទៅប្តូរពណ៌ចេញទៅណា៎!»។ បន្ទាប់មកសាមីខ្លួននាង Noey Chotika ក៏បានបង្ហោះ បំភ្លឺឆ្លើយតបទៅនឹងមតិយោបល់ខាងលើភ្លែតដែលមានន័យដូចតទៅនេះថា៖

«ខ្ញុំចង់បញ្ជាក់ដូចខាងក្រោមទាក់ទងនឹងរឿងក្រចកពណ៌ក្រហមនេះ៖

១. ខ្ញុំបានលាបវាតាំងពីមុនពេលដែលបានទទួលដំណឹងថាព្រះមហាក្សត្រ ចូលទិវង្គត។

២. ខ្ញុំមិនអាចលាងសម្អាតវាចេញភ្លាមៗដោយខ្លួនឯងបានទេ ព្រោះវាត្រូវបានតុបតែងឡើងដោយជែល ត្រូវទៅហាងលាងសម្អាត។

៣. ខ្ញុំគិតថាយើងអាចធ្វើអ្វីបានខ្លះដើម្បីតបស្នងគុណព្រះរាជា និងអាចជួយគ្នា ធ្វើអ្វីបានខ្លះ?នៅក្នុងគ្រាមានទុក្ខលំបាកបែបនេះ ខ្ញុំគិតថាពេលនេះសំខាន់ត្រូវតែ មកជួយគ្នាសិន មិនមែនទៅហាងធ្វើក្រចកនោះទេ។

ចុងក្រោយនាងក៏បានបន្ថែមថា៖ «ក្នុងចិត្តពិតៗ ខ្ញុំចង់ប្តូរវាចេញណាស់ ប៉ុន្តែមិនបានតាំងចិត្តធ្វើឱ្យវាក្លាយទៅជារឿងដែលបានប៉ះពាល់ទៅដល់ អារម្មណ៍អ្នកទាំងអស់គ្នាខ្លាំងដល់ថ្នាក់នេះទេ! អរគុណ»។

ទោះជាយ៉ាងនេះក្តីក្រោយមានរូបនាងលាបថ្នាំក្រចកពណ៌ក្រហមទៅចែក ចំណីអាហារ មានអ្នកគាំទ្រជាច្រើបានចូលទៅបញ្ចេញគំនិតយោបល់ខុសៗគ្នា ជាច្រើន ដោយម្នាក់ៗសុទ្ធតែមិនពេញចិត្តលើរូបនាង Noey Chotika សម្តែងចេញ មកបែបនេះទេ ព្រោះវាហាក់ដូចជាបង្ហាញថា នាងដូចជាមិនមែនមកបុណ្យសពទេ ព្រោះ លេងខ្លួនសម្បើមពេកក្នុងពិធីបុណ្យសព មើលទៅវាដូចជាមិនស៊ីគ្នាជាមួយ នឹងបរិយាកាសសោះ ណាមួយខ្លួនជាតារាល្បីផង ដូច្នេះពេលទៅណាមកណា គួរតែធ្វើជាគំរូដល់មហាជនទូទៅ មិនមែនអាងខ្លួនជាតារាធ្វើអ្វីក៏ចេះ តែសមទាំងអស់នោះទេ៕

ខាងក្រោមនេះជារូបភាពនាង Noey Chotika កំពុងចែកបាយទឹក នៅមុខព្រះបរមរាជវាំង ដែលត្រូវបានគេរិះគន់៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]