បើនិយាយពី តុក្កតា Barbie ឈុតបុរាណខ្មែរ គឺមានអ្នកស្គាល់ និងចែករំលែក (share) តគ្នាជាច្រើនក្នុងបណ្ដាញសង្គម ប៉ុន្តែបើនិយាយពីឈ្មោះអ្នកច្នៃម៉ូត គឺមិនសូវមានអ្នកស្គាល់ប៉ុន្មាននោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកច្នៃម៉ូតរូបនេះ នៅតែបន្តស្នាដៃរបស់ខ្លួន និងមានគម្រោងបើកហាងមួយនៅលើទឹកដីអង្គរ ខេត្តសៀមរាប នាពេលដ៏ឆាប់ខាងមុខ។

ជាកូនប្រុសពៅក្នុងគ្រួសារ ដែលមានបងប្អូន៦នាក់ លោក ជៀប ស៊ីបូរ៉ា ស្ថាបនិកតុក្កតា Barbie ឈុតខ្មែរ គឺយុវជនទី១ ដែលបានកែច្នៃរូបតុក្កតាជ័រ ឲ្យក្លាយទៅជារូបនារីអប្សរា និងនារីរបាំដែលគ្រងសម្លៀកបំពាក់តាមបែបបុរាណខ្មែរដ៏ទាក់ទាញ និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ភ្ញៀវបរទេស និងអាណិកជនខ្មែរនៅក្រៅស្រុក។

នេះអាចនិយាយបានថា កូនខ្មែរ ពិតជាមានសមត្ថភាព និងទេព្យកោសល្យ រួមទាំងគំនិតគិតបានល្អិតល្អន់ ដើម្បីបង្កើតបានសមិទ្ធផលមួយ ដែលអាចទទួលបានការគាំទ្រដ៏ច្រើន ពីសំណាស់អ្នកគាំទ្រ។ 

លោក ជៀប ស៊ីបូរ៉ា ជានិស្សិតឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យា បាននិយាយថា ដំបូងឡើយលោកមានបំណងចង់ក្លាយជាអ្នកគំនូរបុរាណនោះទេ ប៉ុន្តែបន្ទាប់ពីលោក មកដាក់ពាក្យប្រឡងយកអាហារូបករណ៍ ផ្នែកលម្អស្ថាបត្យកម្ម នៅសាលារចនា កាលពីឆ្នាំ២០១៣ មិនទទួលបានជោគជ័យ លោកក៏ត្រឡប់ទៅស្រុកកំណើតនៅឯខេត្តសៀមរាប វិញ។

ដោយអស់ជំនឿចិត្តលើខ្លួនឯងខាងផ្នែកសិល្បៈ បូរ៉ា ក៏សម្រេចចិត្តបន្តការសិក្សាលើជំនាញអាយធី (IT) ជំនួសវិញ ប៉ុន្តែដោយក្តីស្រឡាញ់ខាងផ្នែកសិល្បៈ និងទេព្យកោសលពីកំណើត រយៈពេល ២ឆ្នាំក្រោយមក លោកក៏បានចាប់ផ្តើមកែច្នៃរូបតុក្កតាជ័រ ដែលមានសម្លៀកបំពាក់តាមបែបបុរាណខ្មែរ ដោយបានសិក្សាតាមរយៈឯកសារនៅតាមបណ្ណាល័យ និងឯកសារមួយចំនួនស្តីពីសម្លៀកបំពាក់ខ្មែរ ដែលសេសសល់តាំងពីជំនាន់អណានិគមបារាំង ។

បន្ទាប់ពីចាប់ផ្តើមកែច្នៃរូបតុក្កតាជ័រ Barbie ឈុតបុរាណខ្មែរ ស្នាដៃរបស់លោក បានទទួលការគាំទ្រជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ដោយទទួលបានជោគជ័យបែបនេះ លោកក៏បន្តកែច្នៃរូបតុក្កតាបន្ថែមទៀត និងទទួលបានការគាំទ្រជាច្រើន ពីសំណាក់ភ្ញៀវបរទេស និងអាណិកជនខ្មែរនៅក្រៅស្រុក ធ្វើការបញ្ជាទិញពីលោក។

ស្ថិតក្នុងសម្បុរស្រអែម អ្នករស់នៅក្នុងទឹកដីអង្គរ រូបនេះ បានឲ្យដឹងទៀតថា ដោយទទួលបានជោគជ័យ លោកក៏ចាប់ផ្តើមសិក្សាស្រាវជ្រាវបន្ថែមទៀត ទៅលើម៉ូតសម្លៀកបំពាក់តាមបែបបុរាណខ្មែរ ក្នុងគោលបំណងបង្កើនសមត្ថភាព និងដើម្បីឱ្យបរទេសនៅលើសកលលោក ស្គាល់ពីសិល្បៈ វប្បធម៌ខ្មែរកាន់តែច្បាស់ជាងមុនទៅទៀត។ 

ក្រឡេកមកមើលការច្នៃ តុក្កតា Apsara BarbieBarbie ឈុតខ្មែរ ឯណេះវិញ ស្ថាបនិកតុក្កតារូបនេះ បានថ្លែងថា តុក្កតាដែលលោកបានរចនាឡើង គឺជាតុក្កតា រូបនារីអប្សរា មានសម្លៀកបំពាក់តាមបែបបុរាណខ្មែរ និងនារីរបាំដែលមានសម្លៀកបំពាក់ មានស្បៃមួយឈុតជាដើម។ លោកបន្តថា ជាធម្មតា តុក្កតាមួយ លោកត្រូវចំណាយពេលពីមួយសប្តាហ៍ ទៅ ដល់មួយខែ អាស្រ័យទៅលើប្រភេទម៉ូតសម្លៀកបំពាក់ដែលលោកធ្វើ។

ចំពោះតុក្កតា លោកបានបញ្ជាទិញពីសហរដ្ឋអាមេរិក ដែលមាន Band Name ល្បីៗ ក្នុងតម្លៃចាប់ពីជាង ២០ ដុល្លារឡើងទៅក្នុងមួយរូប អាស្រ័យទៅលើប្រភេទ គុណភាព និងទម្រង់មុខមាត់របស់តុក្កតានីមួយៗ។ ចំណែកក្រណាត់ហូល ឬស្បៃភាគច្រើនលោកបានទិញពីប្រទេសជិតខាង ព្រោះមានលក្ខណៈភ្លឺរលោង និងមានតម្លៃសមរម្យ។

រីឯតម្លៃនៅក្នុងតុក្កតានីមួយៗវិញ លោក ជៀប ស៊ីបូរ៉ា បាននិយាយថា “ប្រជាជនខ្មែរដែលមានជីវភាពល្មមៗ មិនសូវហ៊ានទិញនោះទេ អូន ហើយភាគច្រើនគឺមានតែភ្ញៀវបរទេស និងអាណិកជនខ្មែរក្រៅប្រទេសប៉ុណ្ណោះ ដែលកុម្ម៉ង់ទិញពីបង“

ទន្ទឹមនឹងនេះ លោកក៏មានផលវិបានច្រើនណាស់ដែរ ក្នុងការកែច្នៃតុក្កតា Barbie ឈុតខ្មែរ ដោយសារ លោកមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើ តុក្កតាដែលលោកកុម្ម៉ង់ទិញមានតម្លៃថ្លៃ ពិបាករកទិញ និងរកពណ៌ហូល ហើយវាមានតម្លៃថ្លៃ និងផលវិបាកមួយចំនួនទៀតដូចជា ការចាក់ស្បៃ ធ្វើមកុដ និងគ្រឿងអលង្ការជាដើម។ 

បច្ចុប្បន្នស្ថាបនិកតុក្កតា Barbie ឈុតខ្មែរ លោក ជៀប ស៊ីបូរ៉ា ក៏កំពុងវិវត្តស្នាដៃរបស់លោកបន្ថែមទៀត ដោយលោកបានបង្កើត “តុក្កតា ២៥ខេត្តក្រុង” ដោយលោកបង្កើតវាឡើង ដើម្បីផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ក៏ដូចជារឿងព្រេងនិទានដែលបានកើតឡើងនៅក្នុងខេត្តនីមួយៗ។

ចំពោះការបង្កើត “តុក្កតា ២៥ខេត្តក្រុង” នេះដែរ ស៊ីបូរ៉ា ហាក់មានផលវិបាកច្រើន ដោយលោកត្រូវចំណាយពេលច្រើន ក្នុងការស្វែររកឯកសាររបស់ខេត្តនីមួយៗ និងឯកសារដែលទាក់ទងទៅនឹង រឿងព្រេងនិទានប្រចាំខេត្ត ទាំងនោះទៀត។

ស៊ីបូរ៉ា បាននិយាយថា “ចំពោះខេត្តខ្លះមិនមានរឿងព្រេងនិទានទេ ចឹងបងត្រូវរកព្រឹត្តិការណ៍ណាមួយ ដែលកើតឡើងក្នុងខេត្តហ្នឹងជំនួសវិញ ហើយសម្លៀកបំពាក់ និងគ្រឿអលង្ការ ក៏ជារឿងមួយដ៏សំខាន់ដែរ ដើម្បីឲ្យវាស៊ីគ្នាទៅនឹងខេត្តនីមួយៗ ”។

ចំពោះ “តុក្កតា ២៥ខេត្តក្រុង” នេះ ក៏ទទួលបានការគាំទ្រច្រើនណាស់ដែរ បើទោះជាពេលនេះ ស៊ីបូរ៉ា នៅមិនទាន់បញ្ចប់វា ១០០ភាគរយក៏ដោយ។ លោកសង្ឃឹមថា ស្នាដៃរបស់លោក និងអាចធ្វើឲ្យលោកបើកហាងមួយបាន ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីឱ្យបរទេសលើសកលលោក ស្គាល់ខ្មែរកាន់តែច្បាស់ ហើយក៏ដើម្បីជួយលើក ស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ ផងដែរ។

គួរបញ្ជាក់ថា ស៊ីបូរ៉ា ក៏ធ្លាប់ដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួន នៅក្នុងកម្មវិធីពិព័រណ៍ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន ២ដង សាលសន្និសីទចតុមុខ ចំនួន ១ដង និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចំនួន ១ដង ហើយនៅពេលខាងមុននេះ ស៊ីបូរ៉ា ក៏មានគម្រោងបង្កើតកម្មវិធីពិព័រណ៍របស់ខ្លួន ដើម្បីដាក់តាំងស្នាដៃ ថ្មីៗផងដែរ។

នេះគឺជារឿងដ៏ល្អមួយ ដែលកូនខ្មែរជំនាន់ក្រោយ គំនិតគិតបានល្អិតល្អន់ ដល់ចំនុចនេះ ក្នុងការជួយលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ៕

ដូច្នេះ តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះស្នាដៃ តុក្កតា Barbie ឈុតខ្មែរ របស់អ្នករស់នៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប រូបនេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]