កូរ៉េខាងត្បូង៖ ទន្ទឹមនឹងការវិលត្រឡប់មកវិញ ជាមួយអ៊ាល់ប៊ុមថ្មីរបស់ Black Pink នៅថ្ងៃទី១ ខែវិច្ឆកាខាងមុខនេះ Black Pink ក្រុមចម្រៀងនារីថ្មីប្រចាំផលិតកម្ម YG ត្រូវបានអ្នកគាំទ្រជាច្រើន យកពួកគេទៅប្រៀបធៀបជាមួយនឹង TWICE ក្រុមចម្រៀងនារីថ្មីប្រចាំផលិតកម្ម JYP ដែលបច្ចុប្បន្នត្រូវបានគេដឹងថា ក្រុមចម្រៀងនារីចំណូលថ្មីទាំង២ក្រុមនេះ កំពុងតែមានឥទ្ធិពលល្បីខ្លាំង នៅក្នុងវិស័យតន្រ្តី Kpop ផងដែរ។

គួររំលឹកថា កាលពីកំឡុងឆ្នាំ ២០០៩ គឺជាពេលវេលាដ៏គួរឲ្យរំភើបបំផុត និងពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងអស្ចារ្យ នៅក្នុងពិភពតន្រ្តី Kpop រវាងកំពូលក្រុមចម្រៀងនារី Girls' Generation ប្រចាំផលិតកម្ម SM និងក្រុមចម្រៀង 2NE1 ប្រចាំផលិតកម្ម YG។

កាលនោះគឺនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ ក្រុមចម្រៀង Girls' Generation បានចេញ Mini-Album ជាលើកទី២របស់ខ្លួន ដែលមានឈ្មោះថា “Tell Me Your Wish” ឬ “Genie” ។ ទន្ទឹមនឹងការផ្សព្វផ្សាយអ៊ាល់ប៊ុមលើកទី២ របស់ពួកគេ ចន្លោះពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៩ ពួកគេក៏បានឈ្នះពាន់រង្វាន់ចំនួន២ ពីការប្រគំតន្រ្តី Inkigayo Award និង ១ពាន់រង្វាន់ផ្សេងទៀត ពីការកម្មវីធីតន្រ្តី Music Bank ផងដែរ។

មិនថាយ៉ាងណា ១សប្តាហ៍ក្រោយមក នៅដើមខែកក្កដា ឆ្នាំ២០០៩ ស្រាប់តែក្រុមចម្រៀងនារី 2NE1 ក៏បានចាប់ផ្តើមផ្សព្វផ្សាយ នូវចម្រៀងទោលលើកទី៣របស់ខ្លួន ដែលមានចំណងជើងថា “I Don’t Care” ដែលពួកគេបានផ្សព្វផ្សាយរហូតដល់ ខែកញ្ញា ទើបពួកគេបានមានឱកាសឈ្នះពាន់រង្វាន់រហូតដល់ទៅ៥ ពីកម្មវិធីប្រគំតន្ត្រីប្រចាំសប្តាហ៍ Music Bank និង៣ពាន់រង្វាន់ផ្សេងទៀត ពីកម្មវិធីតន្រ្តី Inkigayo រួមទាំង៤ពានរង្វាន់ទៀតពី កម្មវិធីតន្ត្រី M! Countdown ផងដែរ។

ដោយសារតែការផ្សព្វផ្សាយ និងប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ពួកគេកាលពីពេលនោះ ទើបក្រុមទាំង២នេះ មិនអាចចៀសផុតពីការប្រឈមមុខប្រកួតប្រជែង នៅលើឆាកតន្រ្តីបានឡើយ ដែលធ្វើឲ្យឆ្នាំ២០០៩ គឺជាឆ្នាំដែលរំភើបរីករាយបំផុតសម្រាប់អ្នកគាំទ្រវិស័យចម្រៀង Kpop។

ទោះជាយ៉ាងណា មកដល់បច្ចុប្បន្ននេះ ក៏មានក្រុមចម្រៀងនារីចំណូលថ្មី TWICE ប្រចាំផលិតកម្ម JYP បានប្រកាសជាផ្លូវការ ថានឹងវិលត្រឡប់មកវិញជាមួយនឹង Mini-Album នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះហើយ។ TWICE ទទួលបានប្រជាប្រិយភាពខ្លាំងបំផុត បន្ទាប់ពីចេញចម្រៀងបទ "Cheer Up" កាលពីអំឡុងខែមិនា ដែលពួកគេទទួលបានចំណាត់ថ្នាក់លេខ១ ស្ទើរតែពេញរយៈពេលមួយខែតែម្តង។

ដោយឡែក ងាកមកក្រុមចម្រៀងនារីថ្មី BLACK​PINK ប្រចាំផលិតកម្ម YG វិញម្តង ត្រឹមតែរយៈពេលមិនប៉ុន្មានខែផង ពួកគេទទួលបានជោគជ័យយ៉ាងខ្លាំងក្លា បន្ទាប់ពីចេញបទចម្រៀងដំបូងបង្អស់របស់ពួកគេ ដែលមានចំណងជើងថា”Boombayah” និង “Whistle” ដែលចម្រៀងរបស់ពួកគេបានវាយផ្តាច់មុខ តារាងតន្រ្តីទាំងអស់ផងដែរ។ ហើយថ្មីៗនេះ BlackPink និង TWICE ក៏បានវិលត្រឡប់មកវិញនូវអាល់ប៊ុមថ្មីដូចគ្នា ដោយខុសកាលបរិច្ឆេទត្រឹមតែប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ។

ជាចុងក្រោយអ្នកគាំទ្រជាច្រើន កំពុងតែទន្ទឹងរង់ចាំមើលលទ្ធផល ថាតើក្រុមចម្រៀងរលកក្រោយ ទាំង២ក្រុមនេះ អាចជំនួសតំណែងម្ចាស់ក្សត្រីនៃKpop គឺក្រុម​2NE1 និង Girls' Generation បានដែរឬទេ? ហើយតើពួកគេនឹងអាច តទល់ប្រយុទ្ធគ្នា ដូចជា 2NE1 និង Girls' Generation កាលពី៧ឆ្នាំមុនដែរឬទេ?

ប្រភព៖ Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]