ភ្នំពេញ៖ តារាកំប្លែង អ្នកនាង ប៉េង ប៉ោង ដែលត្រូវគេដឹងថា ជាកូនស្រីនាយវីតាមីនសេ បានចូលមន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិត កាលពីយប់មិញនេះ។

បើយោងតាមទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានរៀបរាប់ថា អ្នកនាង ប៉េងប៉ោង បានចូលបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារតែ លើសឈាម និងពិបាកដកដង្ហើម។ ប៉ុន្តែក្រោយពីបានយកចិត្តទុកដាក់ពីលោកគ្រូពេទ្យ ស្ថានភាពរបស់ អ្នកនាង ប៉េងប៉ោង បានត្រឡប់មកជាធម្មតាបន្តិចវិញ ព្រមទាំងបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។ ចំពោះអាការៈជាតិស្ករឡើងដល់៤០០ រលាកបំពង់ក និងសម្ពាធឈាម ក៏បានចុះវិញហើយដែរ​ តែរូបនាងនៅតែដាក់អ៊ុកស៊ីសែននៅឡើយ។ 

ជាមួយគ្នានោះដែរ ក៏មានតារាមួយចំនួន បានទៅសួរសុខទុក្ខ អ្នកនាង ប៉េងប៉ោង ដោយផ្ទាល់ នៅឯមន្ទីរពេទ្យ មានដូចជា លោក អ៊ឹម ជីវ៉ា កញ្ញា សួង សុខារ៉ានីត និង លោក គង្គារ ជាដើម៕

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងស្ថានភាពជម្ងឺនេះដែរ សម្រាប់នាយ វីតាមីន ដែលត្រូវជាឪពុកអ្នកនាង ប៉េងប៉ោង ក៏មិនសូវមានសុខភាពល្អប៉ុន្មានដែរ ដែលជម្ងឺចាស់ នៅតែបន្តយាយី។

មួយរយៈចុងក្រោយនេះ ប្រិយមិត្តទស្សនិកជនមួយចំនួនងឿងឆ្ងល់ ព្រោះហាក់មិនសូវបានឃើញនាយវីតាមីនសេ ចូលរួមសម្តែងកំប្លែង ។

ជុំវិញបញ្ហានេះក្រុមគ្រួសារអះអាងកាលពីពេលកន្លងមកថា មូលហេតុដែលធ្វើឲ្យតារាកំប្លែងវីតាមីនសេ មិនសូវចេញមុខសម្តែងញឹកញាប់ដូចមុននោះ គឺដោយសារបញ្ហាសុខភាព ។

នាយវីតាមីនសេ នៅអាចចូលរួមសម្តែងបានខ្លះដែរក្នុងវង់កំប្លែងរបស់គាត់សម្រាប់កម្មវិធីវិស្សមកាលតន្ត្រីរបស់ស្ថានីយទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃសុក្រ ។

នាយវីតាមីនសេ នៅតែតាំងចិត្តបន្តអាជីពសម្តែងទៀត ប្រសិនបើទស្សនិកជននៅតែគាំទ្រ និងអាស្រ័យលើបញ្ហាសុខភាព។ ជាងនេះទៅទៀតនាយវីតាមីនសេ ទទួលយកការសម្តែងតាមបណ្តាខេត្តនានាដដែល ប៉ុន្តែក្នុងលក្ខខណ្ឌទៅជាក្រុម ជាពិសេសគឺមានវត្តមាននាងទៅជាមួយដែរ ។

កាលពីអំឡុងឆ្នាំ២០១៥តារាកំប្លែងលោក ម៉ៅ សាមឿន ហៅវីតាមីនសេ ត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីវះកាត់ ភ្លាមៗ ដោយគាត់មានបញ្ហាដោយសារជំងឺបូសហូរខ្ទុះ។ បន្ទាប់ពីទទួលការវះកាត់ជំងឺបូសហូរខ្ទុះដោយជោគជ័យរួចមក តារាកំប្លែងវីតាមីនសេមានជំងឺផ្សេងៗទៀត ដូចជាជំងឺលើសឈាម លើសជាតិស្ករ និងឫសដូងបាតជាដើម ដែលទាមទារឲ្យមានការព្យាបាលជាប្រចាំ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉េងប៉ោង