(ភ្នំពេញ)៖ វគ្គជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះនឹងបញ្ចប់ទៅវិញល្ងាចថ្ងៃសុក្រ ទី២១ ខែ​តុលា​នេះ​ហើយ គ្រា​ដែល​ក្រុម​បាល់​ទាត់​កម្ពុជា ត្រូវ​ជួប​ទីម័រឡេស្តេ និងឡាវ ប៉ះប្រ៊ុយណេនាម៉ោង ៦៖៣០​នា​ទី​ដូច​គ្នា​។

មិនលំបាកនោះទេសម្រាប់ក្រុមគោព្រៃកម្ពុជា ដែលត្រូវជួបក្រុមបាតតារាងទំម័រឡេស្តេក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែល​មាន​អ្នក​ទស្សនា​ច្រើន​កុះ​ករ ក្រោម​តម្លៃ​សំបុត្រ ១ម៉ឺ​ន​រៀល ក្រោម​ដំបូល និង ៥ពាន់រៀល នៅ​ក្រៅ​ដំបូល ជា​មួយ​នឹង​ក្តី​សង្ឃឹម​ខ្ពស់​ឡើង​ទៅ​វគ្គ​ចែក​ពូល​នៅ​ប្រទេស​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា បន្ទាប់​ពី​កម្ពុជា​រក​បាន​៦​ពិន្ទុ​ពេញ ពីការឈ្នះ២ប្រកួតជាប់ៗគ្នាទៅលើក្រុមឡាវ ២-១ មុនបំបាក់ប្រ៊ុយណេ ៣-០ ទៀត។

ប្រវត្តិជួបគ្នា៥ដង គិតចាប់តាំងពីឆ្នាំ២០០៨មក កម្ពុជា បានយកឈ្នះទីម័រឡេស្តេ (Timor Leste) ៣ដងដោយលទ្ធផល ៣-២ ៤-២ និង​មិត្ត​ភាព​ចុង​ក្រោយ​នា​ពេល​ថ្មីៗ​នេះ​ឈ្នះ ២-០ ក្រៅពីស្មើ១ដង ដោយលទ្ធផល ២-២ និង​ចាញ់​១​ប្រកួត ដោយ​លទ្ធ​ផល ៥-១។

សូមបញ្ជាក់ផងដែរថា លេង២ប្រកួតមកនេះ កម្ពុជារបូតតែ១គ្រាប់គត់ ក្រៅពីស៊ុតបញ្ចូលទីគេបាន ៥គ្រាប់ ខណៈទីម័រ​ស៊ុត​បញ្ចូល​ទី​គេ​បាន​២​គ្រាប់ និង​របូត​វិញ​៤​គ្រាប់។ កម្ពុជា​ប្រាថ្នា​ត្រឹម​ស្មើប៉ុណ្ណោះ ដើម្បីផ្តាច់ក្តីសង្ឃឹមរបស់ឡាវ និងប្រ៊ុយណេ ដែល​ប្រកួត​គ្នា​នៅ​ពហុ​កីឡដ្ឋាន RSN របស់​ក្លឹប​ភ្នំពេញ​ក្រោន​ដែល​មាន​៣​ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា​នោះ។ តែយ៉ាងក៏ដោយ កម្ពុជាត្រូវតែឈ្នះ ដើម្បីទទួលបានប្រាក់រង្វាន់ ៥ម៉ឺនដុល្លារពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ចំពោះជ័យជំនះទៅលើប្រ៊ុយណេ និងទីម័រឡេស្តេ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រុម​បាល់​ទាត់​កម្ពុជា ឡើង​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៦៧ របស់​ពិ​ភព​លោក​ជា​ប្រវត្តិ​សាស្រ្ត។ គួររំលឹកផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកើន៦លេខពីចំណាត់ថ្នាក់លេខ១៧៣ មកកាន់ចំណាត់ថ្នាក់លេខ១៦៧ នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​ពិភព​លោក FIFA Ranking គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី​២០ ខែ​តុលា ឆ្នាំ​២០១៦ នេះ ក្នុង​ចំណោម ២១០​ប្រទេស​ដែល​ជា​សមា​ជិក​របស់ FIFA​។

ការកើនចំណាត់ថ្នាក់នេះដែរ គឺក្រុមគោព្រៃកម្ពុជា នៅឈរនៅលើក្រុមខ្លាំងប្រចាំតំបន់អាស៊ាន សិង្ហបុរីទៀតផង​ដែរ ដែល​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៧១ នៅ​ពេល​ដែល​កម្ពុជា​បាន​យក​ឈ្នះ ២-១ នៅ​ស្តាត​អូឡាំពិក​ក្នុង​មិត្ត​ភាព​អន្តរ​ជាតិ​។

សូមបញ្ជាក់ផងដែរ នាពេលថ្មីៗនេះ ក្រុមគោព្រៃកម្ពុជា បានកំពុងតែលេងឡើងជើង និងសហការគ្នាបានល្អយកឈ្នះគូ​ប្រកួត​ជា​បន្ត​បន្ទាប់ មិន​ដែល​ស្មើ​ឡើយ ក្រៅ​ពី​ចាញ់​តែ​ហុង​កុង​១គត់ ក្រោមលទ្ធផល ៤-២ ក្នុងទឹកដីរបស់គេ និងចាញ់ ២-០ ក្នុងទឹកដីនៃពហុកីឡដ្ឋានជាតិអូឡាំពិកនៃជំនួបមិត្តភាពអន្តរជាតិ។

ទន្ទឹមគ្នានោះដែរ ក្រុមបាល់ទាត់អាហ្សង់ទីន បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ វិញ ដោយរុញច្រានអាល្លឹម៉ង់ ធ្លាក់មកលេខ២ ប្រេស៊ីលលេខ៣ និងប៊ែលហ្ស៊ិក ឈរនៅចំណាត់ថ្នាក់លេខ៤៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]