(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិ៣ បន្ដជន់លិច នៅចន្លោះគីឡូម៉ែត្រលេខ៣៤ ដល់គីឡូម៉ែត្រលេខ៤៧ អាជ្ញាធរមូលដ្ឋានស្នើឲ្យប្រជាពលរដ្ឋ ដែលមានរថយន្ដធុនធំមេត្តាវៀងផ្លូវ ទៅផ្លូវជាតិលេខ៤វិញ ព្រោះនៅពេលនេះ ផ្លូវជាតិលេខ៤មានសភាពធម្មតាវិញហើយ។ នេះបើការឲ្យដឹងពីលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ។

លោក ប្រធានមន្ទីរសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្លូវជាតិលេខ៣ នៅបន្ដលិច៣កន្លែងដដែល យើងចង់ឲ្យប្រជាពលរដ្ឋ មានរថយន្ដធុនធ្ងន់វៀងផ្លូវសិន នៅចន្លោះគីឡូម៉ែត្រលេខ៣៤ ដល់៤៧ យើងមិនចង់ឲ្យគាត់ធ្វើដំណើរតាមហ្នឹងទេ ព្រោះកាលណាបើបើកកាត់វាអាចបណ្ដាលឲ្យខូចផ្លូវកាន់តែខ្លាំង ប៉ុន្ដែឡានតូចធ្វើដំណើរបានធម្មតា»។

ជាមួយគ្នានេះដែរ លោក ហុង ចាន់សុខា បានធ្វើការបដិសេធចោលទាំងស្រុង នូវពាក្យចចាមរាមថា ផ្លូវជាតិលេខ៤ មានការដាច់មិនអាចធ្វើចរាចរណ៍បាន ដែលនេះជាពាក្យមិនពិតនោះទេ ព្រោះពេលនេះ ផ្លូវជាតិលេខ៤ មានសភាពធម្មតាវិញហើយ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះរថយន្តធំ ព្រោះទឹកហូរកាត់ខ្លាំង នៅចំណុចអូរវែង ស្រុកភ្នំស្រួច ។ គួររំលឹកផងដែរថា សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍រថយន្តធំ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ។

សេចក្តីរាយការណ៍បញ្ជាក់ថា បើយោងតាមកម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ដោយផ្នែកតាមបញ្ជាលោកអភិបាលខេត្តកំពង់ស្ពឺរថយន្តធំៗ នឹងផ្អាកចរាចរណ៍ដោយស្ថានភាពទឹក បានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរវែង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមានកម្លាំងអាវុធហត្ថ បានដាក់ការពារសុវត្តិភាពជូនម្ចាស់រថយន្ត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង ម៉្យាងការពារបាក់ខូចខាតផ្លូវជាតិផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]