(កំពង់ស្ពឺ)៖ សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍រថយន្តធំ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍បញ្ជាក់ថា បើយោងតាមកម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ដោយផ្នែកតាមបញ្ជាលោកអភិបាលខេត្តកំពង់ស្ពឺរថយន្តធំៗ នឹងផ្អាកចរាចរណ៍ដោយស្ថានភាពទឹក បានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរវែង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមានកម្លាំងអាវុធហត្ថ បានដាក់ការពារសុវត្តិភាពជូនម្ចាស់រថយន្ត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង ម៉្យាងការពារបាក់ខូចខាតផ្លូវជាតិផងដែរ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ជំនន់ទឹកភ្លៀងកំពុងគំរាមកំហែង កំណាត់ផ្លូវជាតិ លេខ៥ ក្នុងស្រុកកំពង់ត្រឡាចជាង ៥០០ម៉ែត្រ ។គួររំលឹកផងដែរថា ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើអោយតំបន់មួយចំនួនជន់លិច ដោយក្នុងនោះនៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច។ កាលពីព្រឹកថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០១៦ កន្លងទៅនេះ ទឹកភ្លៀងបានជនហូរកាត់ផ្លូវជាតិ ជាង៥០០ម៉ែត្រ ហើយដែលបច្ចុប្បន្នមន្ត្រីនៅ ក្នុងខេត្តកំពុងដឹកអាចម៏ដី យកទៅទប់កំុអោយទឹកហូរកាត់ផ្លូវ នាំបង្កការខូចខាតផងដែរ។

លោក កែវ ពៅ ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាននឹងកំពុងដឹកនាំ កម្លាំងដោយសហការជាមួយ កម្លាំងនគរបាល និងមន្ទីធនធានទឹកខេត្ត យកការ៉ុងច្រកដីទប់ទឹកទាំង កណ្តាលភ្លៀងដែលកំពុង គំរាមកំហែងកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង ៥០០ ម៉ែត្រ នៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ឆ្នាំងបានឲ្យដឹងថា ទឹកភ្លៀង នៅល្ងាចមិញមានកម្រិត ៧៩.៥ មីលីម៉ែត្រ និងយប់ឈានចូលថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៦ នេះ មានកម្រិត ៨០ មីលីម៉ែត្រ ដោយភ្លៀងគ្រប់ដណ្ដប់ ៧ ស្រុកនិងក្រុង ក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងនោះជំនន់ទឹកភ្លៀងបានជន់លិច ស្ថិតនៅតំបន់ក្រាំងពន្លៃ ហើយទឹកកំពុងលិចផ្លូវចំនួន ២កន្លែងផងដែរ ដោយទី១ នៅខាងត្បូងផ្សារត្រាច ៣០ម៉ែត្រ និងទី២ នៅម្តុំស្ពានក្រាំងពន្លៃ ៦០ម៉ែត្រ និងមានលិចស្រូវប្រមាណ ១៥០ ហិកតានៅស្រុកកំពង់ត្រឡាច និងស្រុក សាមគ្គីមានជ័យ ប្រហែល១២០ ហិកតា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]