ក្លាយខ្លួនជាម្ចាស់ហាងហាំបឺហ្គ័រ McDonald's មួយកន្លែង គឺជារឿងមួយដ៏ល្អសម្រាប់ធ្វើជាអាជីវកម្មរកប្រាក់កម្រៃ ប៉ុន្តែវាតម្រូវឲ្យមានប្រាក់ច្រើនណាស់ ដើម្បីអាចដំណើរការទៅបាន។

ហាងបឺហ្គ័រ McDonald's រកប្រាក់ចំណូលបានជាមធ្យម ២,៥លានដុល្លារ នៅក្នុងការលក់ជារៀងរាល់ឆ្នាំរបស់ខ្លួន ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ដើម្បីបើកហាងនេះមួយបាន ពីព្រោះអ្នកត្រូវមានលុយសុទ្ធក្នុងដៃយ៉ាងហោចណាស់ក៏ ៧៥០,០០០ដុល្លារដែរ ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្ម។ 

ក្រុមហ៊ុន McDonald's បានឲ្យដឹងថា ការចំណាយពេលចាប់ផ្តើម ដែលរួមបញ្ចូលទាំងការសាងសង់ និងការចំណាយលើសម្ភារៈផ្សេងៗ ជាមធ្យមចាប់ពី ៩៥៥,៧០៨ដុល្លារ ទៅដល់ ២,៣លានដុល្លារ ។ រីឯការចំណាយសរុប គឺអាស្រ័យទៅលើទីតាំងភូមិសាស្រ្ត និងទំហំនៃភោជនីយដ្ឋាន ព្រមទាំងការជ្រើសរើសឧបករណ៍ផ្ទះបាយ រចនាបថនៃការតុបតែងហាង និងទេសភាពជុំវិញជាដើម។

ប៉ុន្តែជាសំណាងល្អ អ្នកអាចចំណាយប្រាក់ត្រឹមតែ ៤០ភាគរយ មុនបាន ដើម្បីចាប់ផ្តើមបើកដំណើរការ ខណៈចំនួនទឹកប្រាក់ដែលនៅសេសសល់ គឺអាចធ្វើការបង់រំលោះបាន។ ដូច្នេះ ដើម្បីចាប់ផ្តើមបាន អ្នកនឹងត្រូវចំណាយប្រាក់ចំនួន ៤៥,០០០ដុល្លារ សម្រាប់ថ្លៃសុំសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ និងថ្លៃសេវាកម្មប្រចាំខែគឺស្មើនឹង ៤ភាគរយ នៃការលក់សរុប។ នៅមិនទាន់អស់ទេ អ្នកក៏នឹងត្រូវបង់ថ្លៃជួលទៅឲ្យក្រុមហ៊ុននេះ ដែលជាធម្មតាគឺប្រហែល ៨,៥ភាគរយ នៃការលក់ក្នុង១ខែ។

គួរបញ្ជាក់ថា ការចំណាយសម្រាប់សុំសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ លើស្លាកសញ្ញា McDonald's នេះ គឺមានតម្លៃប្រហាក់ប្រហែលគ្នាទៅនឹងហាង KFC, Wendy's, និងហាង Taco Bell ផងដែរ។ ខណៈការសុំសិទ្ធិធ្វើអាជីវកម្មលើស្លាកសញ្ញាហាង Subway គឺមានតម្លៃថោកជាងឆ្ងាយណាស់ ដោយអ្នកត្រូវចំណាយត្រឹមតែ ១១៦,០០០ដុល្លារ ទៅ ២៦៣,០០០ដុល្លារ ដើម្បីដំណើរការហាងមួយកន្លែង ហើយតម្រូវការលុយសុទ្ធក្នុងដៃ ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្ម គឺត្រឹមតែ ៣០,០០ដុល្លារ ទៅ ៩០,០០០ដុល្លារប៉ុណ្ណោះ៕ 

ប្រភព៖ BusinessInsider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]