ភ្នំពេញ៖ ពិធីបុណ្យកឋិនទាន គឺសំដៅដល់សំពត់ ដែលគេយកទៅប្រគេនដល់ ភិក្ខុសង្ឃ។ តាមដូនតាខ្មែរយើងពីដើមមក តែងនិយមប្រារព្ធធ្វើពិធីបុណ្យកឋិនទាន តាំងពីថ្ងៃទី ១រោចខែអស្សុជ ដល់ថ្ងៃទី ១៥កើត ខែកត្តិក ដែលមានរយៈពេល២៩ថ្ងៃ (នៅចន្លោះខែតុលា ដល់ខែវិច្ឆិកា)។ ពាក្យកឋិន ឬ កថិន អាចសសេរបានពីរយ៉ាង បែបនេះ តែភាគច្រើននិយមសរសេរជា កឋិន ដូច្នេះវិញតាមគម្ពីរវិន័យបីដក។

ពាក្យ “កឋិន” មកពី “កថៈ” ដែលមានន័យថា “កម្រ” ឬ “រស់បានដោយកម្រ ពោលសរសើរ ប្រជុំនៃរូបធម៌ និងនាមធម៌ ស្ថិតស្ថេរភ្ជាប់ខ្លួន សង្រ្គោះទុក ឬក្រសោបទុក ដែលមានសេចក្តីប្រៀបធៀប ដូចជាមែកឈើដែលគេកាត់ ចេញពីដើមហើយយកទៅដោតនៅក្នុងដី។ មែកឈើនោះរមែងចាប់ប្ញស ដុះមែក លាស់ត្រួយនៅលើដីបានដោយកម្រណាស់។ យ៉ាងណាមិញ ឯកឋិននេះវិញក៏ជាកិច្ចមួយ ដែលគេធ្វើបានដោយកម្រយ៉ាងនោះដែរ ព្រោះត្រូវចំណាយច្រើន និងមានចិត្តសទ្ធាជ្រះថ្លាណាស់ ទើបអាចធ្វើបាន។


#ប្រភពនៃពិធីបុណ្យកឋិនទាន៖ ដកស្រង់ចេញពីសៀវភៅ «ពន្លឺធម្មទេសនា»

តាមវិន័យបីដកបានចែងមកថា «ក្នុងបឋមពោធិកាល ដែលព្រះបរមសាស្រ្តា ទ្រង់ឱ្យ ភិក្ខុប្រើប្រាស់តែបង្សុកូលចីពរ (បានមកពីការបង្សុកូលរបស់ញាតិញោមពុទ្ធបរិស័ទ) ពុំទាន់ឱ្យប្រើគហិបតីចីវរនៅឡើយទេ។ សម័យថ្ងៃមួយ កាលដែលទ្រង់គង់ចាំ ព្រះវស្សានៅវត្តជេតពន់ ជិតដល់ថ្ងៃចូលវស្សា មានព្រះសង្ឃចំនួន៣០អង្គ គង់នៅស្រុកបាវា ប្រាថ្នាចង់មកថ្វាយបង្គំព្រះអង្គមុនថ្ងៃចូលវស្សា តែមិនទាន់ក៏ចូលវស្សានៅជនបទមួយត្រង់កណ្តាលផ្លូវ។

លុះបវារណាចេញវស្សារួចហើយ ទើបព្រះសង្ឃទាំងនោះនាំគ្នា មកថ្វាយបង្គំព្រះអង្គ។ ដោយពេលដែលភិក្ខុនិមន្តមកនោះមាន ភ្លៀងច្រើនពេកភិក្ខុទាំងឡាយក៏មានស្បង់ចីវរ ទទឹកជោកដោយទឹកភ្លៀង ហើយដោយហេតុតែចង់ឃើញ ព្រះភក្រ្តព្រះអង្គឆាប់ៗ ក៏នាំគ្នាទៅបង្គំថ្វាយទាំងស្បង់ចីវរទទឹកជោក។ ព្រះអង្គទតឃើញដូច្នេះទ្រង់ក៏ អនុញ្ញាតិឱ្យភិក្ខុក្នុងព្រះពុទ្ធសាសនា ទទួលសំពត់កឋិនដែលជាគហបតីចីវរបាន ហើយភិក្ខុ ដែលបានទទួលអនុមោទនាកឋិននោះ ត្រូវាបានអានិសង្ស ៥យ៉ាងផងដែរ។ ចាប់តាំងពីពេលនោះមកភិក្ខុសង្ឃ ក្នុងព្រះពុទ្ធសាសនា ក៏បានទទួលកឋិនចីវរអំពីពួក គហិបតីអ្នមមានធំៗ និងសាមញ្ញជនទាំងឡាយ ដែលមានសទ្ធាជ្រះថ្លាធ្វើកឋិនបន្ត រហូតមកដល់សម័យបច្ចុប្បន្ននេះ។

ជួបសម្ភាសន៍ជាមួយលោកយាយផៃ ដែលជាចាស់ទុំប្រតិបត្តិសីលប្រាំបីយ៉ាង ខ្ជាប់ខ្ជួនម្នាក់ ដែលរស់នៅរាជធានីភ្នំពេញ លោកយាយបានរៀបរាប់ប្រាប់ ឱ្យដឹងយ៉ាងដូច្នេះថា៖ «កឋិនជាប្រភេទបុណ្យចីវរបច្ច័យម្យ៉ាង ដែលមានលក្ខណៈ ពិសេសប្លែកជាងបុណ្យឯទៀតៗ ព្រោះដោយហេតុតែ បុណ្យនេះត្រូវប្រកបដោយអង្គ ពិសេសៗជាច្រើន មិនអាចខ្វះមួយណាបានឡើយ បើមានខ្វះណាមួយក្នុងកិច្ចនៃ បុណ្យនេះនោះ គឺគេមិនអាចធ្វើឡើងជាកឋិនបានឡើយ។ ឯធាតុសំខាន់ៗទាំងនោះ គឺរួមមានដូចជា៖ ទី១៖ «ស្បង់ចីវរ» ត្រូវតែមានលក្ខណៈសម្បត្តិត្រឹមត្រូវតាម  ពុទ្ធប្បញ្ញត្តិមិនអាចធ្វើលំៗបានឡើយ។ ទី២៖ «អ្នកទទួល» អ្នកទទួលក្រាលគ្រង និងអនុមោទនាផល ដែលបានមកពីកឋិនទាន គឺត្រូវតែជាភិក្ខុសង្ឃតែប៉ុណ្ណោះ រីឯពពួកសាមណេរ គឺមិនអាចទទួលកឋិនបានឡើយ។

ទី៣ «ភិក្ខុ» ភិក្ខុអ្នកទទួល ត្រូវតែជាភិក្ខុ ដែលបានគង់ចាំព្រះវស្សាអស់រយៈពេល៣ខែ ពេញលេញបរិបូរណ៍ យ៉ាងត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ ដោយមិនបានដាច់វស្សា ដូចជាត្រូវនិមន្តយយាងចេញ ទៅរៀននៅឯវត្តផ្សេងហើយ ទើបត្រឡប់មកវិញ ជាដើម។ ចំណែកឯភិក្ខុដែលមានការទាស់ទែង ខ្វែងគំនិតគ្នា ឬជាភិក្ខុចូលបរិមិក វស្សាគឺចូលវស្សាលើកទី១នៃឆ្នាំ ក៏មិនត្រូវអនុញ្ញាតិ្តឱ្យទទួលក្រាលគ្រងកឋិន នោះដែរ។ ទី៤គឺ «ការទទួល» សម្រាប់ភិក្ខុមួយអង្គអាចទទួលសំពត់កឋិនបានតែម្តង ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ខុសពីបុណ្យចីវរបច្ច័យដទៃទៀតដែលភិក្ខុអាចទទួលនៅពេល ណាក៏បានហើយទទួលប៉ុន្មានដងក៏បាន។ ទី៥ «ការប្រារព្ធធ្វើពិធីបុណ្យ» សម្រាប់ មួយវត្ត គឺអាចធ្វើកឋិនបានតែម្តងប៉ុណ្ណោះ ក្នុង១ឆ្នាំ។ ឯរយៈពេលធ្វើ ទៀតសោត គឺមានរយៈពេលធ្វើបានត្រឹមតែ២៩ថៃ្ងប៉ុណ្ណោះសម្រាប់ រយៈពេល១ឆ្នាំពេញនេះ»។

ឯលោកយាយណន ដែលមានទីលំនៅនៅរាជធានីភ្នំពេញដូចគ្នា ក៏បានថ្លែងឱ្យដឹងយ៉ាងដូច្នេះដែរថា៖ «ម្នាលភិក្ខុទាំងឡាយកាលបើ បានក្រាលកឋិនហើយ នឹងសម្រេចបាននូវអានិសង្ស៥យ៉ាងគឺ៖

១. ភិក្ខុអាចត្រាច់ទៅណា ដោយពុំចាំបាច់លាភិក្ខុផងគ្នា។

២. ភិក្ខុត្រាច់ទៅណា ដោយពុំចាំបាច់យកត្រៃចីវរគ្រប់ត្រៃចីវរគ្រប់ទាំង៣ ទៅជាមួយបាន។

៣. ភិក្ខុអាចទទួលឆាន់គណភោជន គឺភោជនដែលគេនិមន្តឈ្មោះភត្ត។

៤. ភិក្ខុអាចទុកដាក់អតិរេកចីវរ បានតាមតម្រូវការ។

៥. ចីវរណាដែលកើតឡើងនៅក្នុងអាវាស(វត្ត)ណា ចីវរនោះមានដល់ភិក្ខុទាំងនោះ។ អានិសង្សទាំង៥យ៉ាងនេះ ក៏ជាហេតុជួយសម្រាល ដល់បន្ទុករបស់បព្វជិតអ្នកបួស ក្នុងព្រះពុទ្ធសាសនាបានខ្លះ ហើយអានិសង្សនេះមានរយៈពេល ៥ខែគិតចាប់ថៃ្ង ដែលបានទទួលកឋិនរហូតដល់ថៃ ១៥កើតខែផល្គុន។

ហេតុដូច្នេះទើបគេតែងពោលសរសើរនូវកឋិនថា ជាទានដ៏ពិសេសមួយ និងធ្វើបាន ដោយកម្រ។ ពិសេសអាចជួយសម្រាល បន្ទុកដល់ភិក្ខុសង្ឃបានច្រើនផង ទើបកឋិនជាទានមានអានិសង្សច្រើនជាងចីវរទានឯទៀតៗ ហើយកាលពីដើម គេមានជំនឿថា ប្រសិនបើវត្តណាមិនមាន ការហែរកឋិនចូលរយៈពេល៣ឆ្នាំ នោះនឹងត្រូវរំលាយវត្តនោះចោល។ ប៉ុន្តែរឿងនេះដែរ យើងក៏មិនមានឃើញចែង នៅក្នុងគម្ពីរណាមួយនៃព្រះពុទ្ធសាសនាទេ។ ឯបច្ចុប្បន្នចំពោះវត្តណាមិនមាន ការហែរកឋិនចូល ទោះរយៈពេលប៉ុន្មនាឆ្នាំក៏ដោយក៏គ្មានបញ្ហាអ្វីដែរ គ្រាន់តែ ព្រះសង្ឃដែលគង់នៅក្នុងអារាមនោះមិនបានទទួលអានិសង្ស ៥យ៉ាងនេះប៉ុណ្ណោះ»។

ចំណែកចុងក្រោយលោកយាយ ចាន់ ក៏បន្ថែមទៀតថា៖ «បុគ្គលណា ដែលមានសទ្ធាជ្រះថ្លាធ្វើកឋិន នឹងទទួលបានអានិសង្ស៥យ៉ាង ដូចគ្នាគឺ៖

១. ដោយអំណាចនៃបុណ្យរមែង បរិបូណ៌ទៅដោយបញ្ញាដ៏ច្រើន។

២. ដោយអំណាចនៃបុណ្យរមែង ជាអ្នកមានរូបល្អ។

៣. ដោយអំណាចនៃបុណ្យរមែង ជាអ្នកមានពណ៌សម្បុរកាយស្អាតល្អ។

៤. ដោយអំណាចនៃបុណ្យរមែង ជាអ្នកមានរូបរាងទ្រង់ទ្រាយស្អាតល្អ។

៥. ដោយអំណាចនៃបុណ្យរមែង បានកើតជាស្តេចចក្រពត្តិក្នុងភពណាមួយមិនខាន។

ផ្ទុយមកវិញ យើងងាកមកមើលប៉ុន្មានឆ្នាំចុងក្រោយនេះ មានពាក្យចចាមអារ៉ាម មកថា ការធ្វើបុណ្យកឋិនធ្វើឱ្យ «ដាក់ខ្លួន ធ្លាប់រាសី រកស៊ីមិនឡើង» ជាដើម។ មិនតែប៉ុណ្ណោះ ថែមទាំងធ្វើឱ្យអាយុខ្លីទៀតផង ប៉ុន្តែមានអ្នកខ្លះ ក៏បានប្រាប់ឱ្យដឹងដែរថា បើធ្វើកឋិន នៅអាយុបន្ទាប់ពី ៥០ឆ្នាំឡើងទៅ គឺមិនមានបញ្ហាទាំងអស់នេះ កើតឡើងនោះទេ។

តាមដែលដឹងតៗគ្នាមកទស្សនៈបែបនេះ មានតែនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះ ហើយមានតែនៅតំបន់មួយចំនួនទេ ជាពិសេសគឺនៅរាជធានីភ្នំពេញតែម្តង។ ចំណែកឯនៅតាមបណ្តាប្រទេសដទៃទៀតវិញដូចជាប្រទេស ថៃ និងភូមាជាដើម គេក៏មានធ្វើកឋិនដូចជាយើងដែរក្នុងពុទ្ធសាសនា ប៉ុន្តែមិនមានពាក្យចចាអារ៉ាម កើតឡើងដូចនៅក្នុងប្រទេសយើងនោះទេ។ ទោះជាវាគ្មានប្រភពច្បាស់លាស់ថា កើតមានជំនឿបែបនេះតាំងពីពេលណាមកក្តី តែវាក៏បានធ្វើឱ្យអ្នកដែលមានការ យល់ដឹងតិចតួចអំពីព្រះពុទ្ធសាសនាមួយចំនួន នាំគ្នាក្រែងរអាស្ទើរគ្រប់ៗគ្នាជាខ្លាំង ។

ជាក់ស្តែង តាមដែលបានសាកសួរពីលោកយាយទាំង ៣នាក់ខាងលើ គាត់មានមតិ យោបល់ស្របគ្នាយ៉ាងដូច្នេះថា ពាក្យចចាមអារ៉ាមទាំងនេះមិនសមហេតុផងទេ ព្រោះបើតាមការបង្រៀនរបស់ព្រះពុទ្ធសាសនាកន្លងមក ទស្សនៈបែបនេះ គ្រាន់តែការគិតបែបអវិជ្ជមានចំពោះពុទ្ធសាសនា។ គេប្រឌិតឡើងក្នុងគោលបំណង បណ្តុះបង្អាក់អ្នកដែលមានសទ្ធាជ្រះថ្លាចំពោះ សាសនាព្រះពុទ្ធតែប៉ុណ្ណោះ។ សរុបមកគឺធ្វើ បុណ្យ ធ្វើទាន រមែងបានទទួលផលមកវិញ ជានិច្ចមិនថាជាតិនេះ ឬជាតិមុខនោះទេ។

ក្រៅពីនេះឆ្លងតាមការសាកសួរបន្តទៀតលោកយាយទាំង ៣ក៏បានប្រាប់ឲ្យដឹងផងទៀតថា ផលប្រយោជន៍នៃកឋិនទា នមានច្រើនណាស់សម្រាប់សង្គមកម្ពុជាយើង  បច្ចុប្បន្ននេះ ដូចជា៖

កឋិនជាបុណ្យមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ហេតុនេះមានសប្បុរសជន ជាច្រើនបាន ចូលរួមចំណែកជួយខ្នះខ្នែងក្នុងកឋិន ដែលជាហេតុធ្វើឱ្យមានឈ្មោះ ថាបានចូលរួម ចំណែកក្នុងការថែរក្សាកាពារ និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរ គង់វង្ស និងរុងរឿងយូរអង្វែង។ ពេលធ្វើកឋិន ក្រៅអំពីសំពត់កឋិនទៅ នៅមានសម្ភារៈ ប្រើប្រាស់ដូចជាអាហារ និងថវិកា ជាដើមផងដែលនឹងបានជាប្រយោជន៍ដល់ ព្រះសង្ឃចាស់ព្រឹទ្ធាចារ្យ ក្មេងវត្ត និងជនឥតទីពឹងទាំងឡាយប្រើប្រាស់។

ក្រៅពីប្រើប្រាស់ចាត់ចែងក្នុងវត្តនៅមានវត្តជាច្រើន បានយករបស់ទាំងនោះ ទៅប្រើជាប្រយោជន៍សាធារណៈ ដូចជាចូលរួមសាងសាលារៀន ស្ពានថ្នល់សាលា សំណាក់ និង អាគារពេទ្យជាដើមផងដែរ។ ជាបុណ្យមួយដែលជួយកាត់បន្ថយនូវ បញ្ហាអវិជ្ជមានក្នុងសង្គម ព្រោះទម្រាំបានចេញជាកឋិន គេបានចំណាយចិត្តកាយ ធនធាន ញាតិមិត្រមកជួបជុំគ្នាសាងក្តីល្អជាមួយគ្នា ដែលនេះជាវប្បធម៌នៃការ ចែករំលែកគ្នា កើតចេញពីសន្តិភាពសាមគ្គីភាពគ្នាទើបអាចធ្វើបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]