ថៃ៖ កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលាកន្លងទៅ សារព័ត៌មានក្នុងស្រុករបស់ថៃ ក៏ដូចជាខាងសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសថៃ បានប្រកាសឲ្យដឹងជាផ្លូវការថា រាល់ការប្រកួតនៅសល់ទាំងអស់ ត្រូវបានរំសាយចោលជាកំហិត ដោយសារតែប្រជាជនទាំងអស់ត្រូវកាន់ទុក្ខការចូលទិវង្គតរបស់ព្រះមហាក្សត្រថៃ ព្រះបាទ Bhumibol Adulyade ដែលដំណឹងនេះធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ទាក់ទងនឹងការរំសាយលីកបាល់ទាត់នេះ បានធ្វើឲ្យក្លិបមួយចំនួនសម្តែងការមិនពេញចិត្តផងដែរ ជាពិសេសគឺក្លិបដែលនៅបាតតារាងតែម្តង ដោយកាលពីម្សិលមិញ ក្លិប Chainat Hornbill FC និង Army United បានសម្តែងនូវការមិនពេញចិត្ត ហើយបានលើកឡើងថា «ការធ្វើបែបនេះពិតជាអយុត្តិធម៌ណាស់ ពីព្រោះការប្រកួតនៅសល់តែ៣ប្រកួតតែប៉ុណ្ណោះ និងមួយវិញទៀត ក្រុមបាតតារាងទាំងពីរនេះសុទ្ធតែមានឱកាសស្រោចស្រង់ពិន្ទុបានវិញ» ។

គួរបញ្ជាក់ផងដែរថា ព្រះមហាក្សត្រថៃ​ Bhumibol Adulyade បានចូលទិវង្គតកាលពីថ្ងៃទី១៣ តុលា ២០១៦ កន្លងទៅ ក្នុងព្រះជន្ម ៨៨ព្រះវស្សា ដែលនេះហើយជាមូលហេតុធ្វើឲ្យមានការរំសាយចោលនូវការប្រកួតទាំងអស់ ដែលធ្វើឲ្យក្លិបបាតតារាងទាំង២ខាងលើ ជួបនូវផលវិបាក ខណៈដែលក្លិប SCG Muangthong United វិញ លើកពានជាស្វ័យប្រវត្តិតែម្តង។ ចំណែកពាន Cup វគ្គផ្តាច់ព្រ័តវិញ ត្រូវចាប់ឆ្នោតរើសអ្នកឈ្នះ។

ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទងនឹងបញ្ហានេះ ក្លិប Chainat Hornbill FC និង Army United ក៏ត្រូវបានខាងសហព័ន្ធបាល់ទាត់ប្រទេសថៃ ធ្វើការណាត់ជួបផងដែរ ដើម្បីពន្យល់ពីហេតុផលមួយចំនួន ជុំវិញការសម្រេចចិត្តនេះ៕ 

ប្រភព៖ CNA

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ស្ដេចប្រទេសថៃ ព្រះអង្គ Bhumibol Adulyadej បានសោយទិវង្គតហើយ ។ គួររំលឹកផងដែរថា ស្ដេចប្រទេសថៃ ព្រះអង្គ Bhumibol Adulyadej ដែលជាស្ដេចសោយរាជ្យវែងជាង គេនៅលើពិភពលោក កាលពីថ្ងៃទី ១៣ តុលា ឆ្នាំ២០១៦ វេលាម៉ោង​ ៣និង៥២នាទីល្ងាច បានសោយទិវង្គត ក្នុងជន្មាយុ ៨៨ព្រះវស្សា នេះបើតាមការផ្សព្វផ្សាយពីថ្នាក់ជាតិក្នុងប្រទេសថៃ។

គួរឲ្យដឹងថា ព្រះអង្គ Bhumibol Adulyadej ត្រូវបានមហាជនជាច្រើន នៅទូទាំងពិភពលោកស្គាល់ពីកិត្តិនាមព្រះអង្គ ដែលព្រះអង្គបានឡើងសោយរាជ្យអស់ពេល ៧០ឆ្នាំ បន្ទាប់ពី បានទទួលជោគជ័យពីបងប្រុសរបស់ព្រះអង្គព្រះនាម Ananda Mahidol កាលពីថ្ងៃទី ០៩ មិថុនា ឆ្នាំ១៩៤៦៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]