ចិន៖ វីដេអូដ៏គួរឲ្យរន្ធត់តក់ស្លុតមួយ ត្រូវបានចែកចាយដោយមហាជននៅលើបណ្តាញសង្គមរបស់ប្រទេសចិន ដែលបង្ហាញពី បុរសជាឪពុកមួយរូប បានដួលសង្កត់លើកូនប្រុសខ្លួនឯង បណ្តាលឲ្យបាក់ក. ស្លាប់យ៉ាងអាណោចអធ័ម នៅក្នុងផ្សារទំនើបមួយកន្លែង។

វីដេអូដែលកំពុងចលាចលនៅក្នុងបណ្តាញសង្គមនេះ ត្រូវបានចាក់ផ្សាយបន្តដោយបណ្តាញផ្សព្វផ្សាយនៅក្នុងទីក្រុងក្វាងចូវ ដែលយកចេញពីវីដេអូ CCTV នៅក្នុងផ្សារទំនើប ។  

នៅក្នុងវីដេអូប្រមាណជាង ៣០វិនាទីនេះ គេឃើញក្មេងប្រុសរងគ្រោះពាក់អាវក្រហមក្រឡាឆ្នូត ដើរកាន់ដៃឪពុករបស់ខ្លួនយោលនៅពីក្រោយ ដែលហាក់បីដូចជាកំពុងតែដើរបណ្តើរ ប្រលែងគ្នាបណ្តើរ ប៉ុន្តែស្រាប់តែពេលនោះ បុរសជាឪពុកទំនងជាអស់ជំហខ្លួន ក៏ស្រាប់តែរអិលផ្ងារក្រោយ ដួលសង្កត់មកលើកូនប្រុសតែម្តង។

បន្ទាប់ពីដួលសង្កត់លើកូនប្រុសហើយ បុរសជាឪពុកក៏ស្ទុះងើបចេញយ៉ាងឆាប់រហ័ស ស្របពេលដែលស្ត្រីម្នាក់ ដែលឈរក្បែរទីតាំងកើតហេតុ ហើយបានឃើញទិដ្ឋភាពនោះ ក៏ប្រញាប់មកជួយសង្គ្រោះបឋមផងដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក្មេងប្រុសនោះ បានបាក់ក. ស្លាប់បាត់បង់ជីវិតទៅហើយ បានត្រឹមធ្វើឲ្យបុរសជាឪពុកមានវិប្បដិសារីតែប៉ុណ្ណោះ។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា ថ្វីត្បិតតែវីដេអូដែលបង្ហោះនៅក្នុងបណ្តាញសង្គមចិនមួយនេះមិនទាន់ស្គាល់ប្រភពច្បាស់ក៏ពិតមែន ប៉ុន្តែអ្នកដែលចែករំលែកបន្ត ក៏បានផ្តល់ជាសារមួយសម្រាប់ឪពុកគ្រប់រូបផងដែរ ឲ្យចេះប្រយ័ត្នប្រយែងជាមួយកូនៗរបស់ខ្លួន៕ 

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ម្តាយមីងបោះទម្លាក់ ក្មួយប្រុសបង្កើតពីជាន់ទី៣ ក្នុងមន្ទីរពេទ្យ ។ គួររំលឹកផងដែរថា រឿងរ៉ាវគួរឲ្យរន្ធត់ និងមិនគួរឲ្យជឿមួយបានកើតឡើង ដោយសារមានស្រ្តីជាម្តាយមីងម្នាក់ បានបោះទម្លាក់ក្មួយប្រុសបង្កើតខ្លួនឯងពីជាន់ទី៣ ព្រោះតែនាងបានលឺសម្លេងចម្លែកម៉្យាង និងហាក់បីដូចជាមានអ្វីម្យ៉ាងសណ្ឋិត ហើយប្រាប់ឲ្យនាងធ្វើបែបនេះ

ហេតុការណ៍នេះបានកើតឡើង នៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង នៅក្នុងប្រទេសឥណ្ឌា។ ស្រ្តីជាម្តាយមីងបានបោះទម្លាក់ ក្មួយប្រុសបង្កើតរបស់ខ្លួន ពីជាន់ទី៣ ប៉ុន្តែសំណាងល្អ ក្មេងប្រុសរងគ្រោះ មិនទាន់បាត់បង់អាយុជីវិតនៅឡើយទេ និងសព្វថ្ងៃកំពុងទទួលបានការសង្គ្រោះ និងថែទាំក្នុងបន្ទប់ ICU ។

ស្រ្តីជាម្តាយមីងមានឈ្មោះ Sarita បានសារភាពថានាងពិតជាបានទម្លាក់ក្មួយប្រុសបង្កើតរបស់ខ្លួនពីជាន់ទី៣ កម្ពស់ជិត៤ម៉ែត្រ ពិតមែន ដោយសារតែមានសម្លេងអ្វីម្យ៉ាងក្នុងខួរក្បាលរបស់នាង ប្រាប់នាងឲ្យធ្វើដូច្នោះ។ នាងបានសារភាពបន្ថែមទៀតថា នាងពិតជាមិនដឹងនូវអ្វីដែលបាននាងធ្វើនោះទេ ស្រាប់តែសុខៗក៏ប្រព្រឹត្តរឿងឆ្កួតលីលាបែបនេះតែម្តង។

ប្រភពឲ្យដឹងថា ក្មេងរងគ្រោះទើបតែកើតបានប៉ុន្មានខែប៉ុណ្ណោះ ចំនែកម្តាយបង្កើតមានសុខភាពខ្សោយពេក ទើបមិនបាននាំកូនប្រុសដែលកំពុងឈឺ មកមន្ទីរពេទ្យដោយផ្ទាល់ ដូច្នេះហើយក៏ឲ្យម្តាយមីងជាអ្នកនាំមកជំនួស រួចក៏មានរឿងនេះកើតឡើងតែម្តង។

សកម្មភាពដែលស្ត្រីជាម្តាយមីង បោះក្មួយប្រុសបង្កើតពីជាន់ទី៣នេះ ថតបានដោយកាមេរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យ។ គេឃើញស្ត្រីជាម្តាយមីងឈ្មោះ Sarita បានបីក្មេងប្រុសរងគ្រោះចេញទៅក្រៅបន្ទប់ រួចក៏ដើរសំដៅទៅមាត់បង្អួច ហើយធ្វើសកម្មភាពតែម្តង។ បន្ទាប់មក ស្រ្តីដែលជាម្តាយមីងនោះ ក៏បានដើរត្រលប់មកបន្ទប់វិញ ដោយបានកាន់ក្រណាត់មួយធ្វើជាកំពុងបីក្មេង ដើម្បីកុំឲ្យមានគេសង្ស័យ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]