ឥណ្ឌា៖ រឿងរ៉ាវគួរឲ្យរន្ធត់ និងមិនគួរឲ្យជឿមួយបានកើតឡើង ដោយសារមានស្រ្តីជាម្តាយមីងម្នាក់ បានបោះទម្លាក់ក្មួយប្រុសបង្កើតខ្លួនឯងពីជាន់ទី៣ ព្រោះតែនាងបានលឺសម្លេងចម្លែកម៉្យាង និងហាក់បីដូចជាមានអ្វីម្យ៉ាងសណ្ឋិត ហើយប្រាប់ឲ្យនាងធ្វើបែបនេះ។

ហេតុការណ៍នេះបានកើតឡើង នៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង នៅក្នុងប្រទេសឥណ្ឌា។ ស្រ្តីជាម្តាយមីងបានបោះទម្លាក់ ក្មួយប្រុសបង្កើតរបស់ខ្លួន ពីជាន់ទី៣ ប៉ុន្តែសំណាងល្អ ក្មេងប្រុសរងគ្រោះ មិនទាន់បាត់បង់អាយុជីវិតនៅឡើយទេ និងសព្វថ្ងៃកំពុងទទួលបានការសង្គ្រោះ និងថែទាំក្នុងបន្ទប់ ICU ។ 

ស្រ្តីជាម្តាយមីងមានឈ្មោះ Sarita  បានសារភាពថានាងពិតជាបានទម្លាក់ក្មួយប្រុសបង្កើតរបស់ខ្លួនពីជាន់ទី៣ កម្ពស់ជិត៤ម៉ែត្រ ពិតមែន ដោយសារតែមានសម្លេងអ្វីម្យ៉ាងក្នុងខួរក្បាលរបស់នាង ប្រាប់នាងឲ្យធ្វើដូច្នោះ។ នាងបានសារភាពបន្ថែមទៀតថា នាងពិតជាមិនដឹងនូវអ្វីដែលបាននាងធ្វើនោះទេ ស្រាប់តែសុខៗក៏ប្រព្រឹត្តរឿងឆ្កួតលីលាបែបនេះតែម្តង។

ប្រភពឲ្យដឹងថា ក្មេងរងគ្រោះទើបតែកើតបានប៉ុន្មានខែប៉ុណ្ណោះ ចំនែកម្តាយបង្កើតមានសុខភាពខ្សោយពេក ទើបមិនបាននាំកូនប្រុសដែលកំពុងឈឺ មកមន្ទីរពេទ្យដោយផ្ទាល់ ដូច្នេះហើយក៏ឲ្យម្តាយមីងជាអ្នកនាំមកជំនួស រួចក៏មានរឿងនេះកើតឡើងតែម្តង។

សកម្មភាពដែលស្ត្រីជាម្តាយមីង បោះក្មួយប្រុសបង្កើតពីជាន់ទី៣នេះ ថតបានដោយកាមេរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យ។ គេឃើញស្ត្រីជាម្តាយមីងឈ្មោះ Sarita បានបីក្មេងប្រុសរងគ្រោះចេញទៅក្រៅបន្ទប់ រួចក៏ដើរសំដៅទៅមាត់បង្អួច ហើយធ្វើសកម្មភាពតែម្តង។ បន្ទាប់មក ស្រ្តីដែលជាម្តាយមីងនោះ ក៏បានដើរត្រលប់មកបន្ទប់វិញ ដោយបានកាន់ក្រណាត់មួយធ្វើជាកំពុងបីក្មេង ដើម្បីកុំឲ្យមានគេសង្ស័យ ។

លុះដល់វេលាម៉ោង៥:៣០នាទី ទាបភ្លឺ បុរសដែលជាប្តី និងជាពូបង្កើតរបស់កុមាររងគ្រោះ បានភ្ញាក់ពីដំណេក រួចដើរសំដៅមកមើលក្មួយ ស្រាប់តែបាត់ខ្លួនមិនឃើញនៅលើគ្រែ ធ្វើឲ្យមានការឆោឡោពេញមន្ទីរពេទ្យ រហូតដល់ថ្នាក់ប្តឹងប៉ូលិសទៀតផង ។

បន្ទាប់ពីទូរស័ព្ទប្តឹងប៉ូលិសបានមួយសន្ទុះ ក៏ស្រាប់តែមានបុរសម្នាក់ដែលប្រចាំការនៅមន្ទីរពេទ្យ មកប្រាប់ថាឃើញក្មេងប្រុសកំពុងដេកយំ លើសំណាញ់ដែក ក្រៅមន្ទីរពេទ្យ ហើយបានជួយសង្រ្គោះក្មេងម្នាក់នោះរួចរាល់ហើយ។

បច្ចុប្បន្ន ក្មេងប្រុសរងគ្រោះ កំពុងសម្រាកព្យាបាលក្នុងបន្ទប់ ICU និងមិនមានរបួសធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតទេ។ ចំនែកស្រ្តីជាម្តាយមីងវិញ ត្រូវបានប៉ូលិសចាប់ខ្លួនពីបទ ប៉ុនប៉ងមនុស្សឃាតទៅលើកុមារ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]