ភ្នំពេញ៖ ខ្សែបំរើស្លាបរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ឈិន ឈឿន បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ទំនាក់ទំនងស្នេហារបស់កីឡាកររូបនេះ ដោយកាលពីយប់មិញនេះ រូបគេបានលើកឡើងថា ខ្លួននិងភរិយា នឹងមានបុត្រ ខណៈដែលពួកគេទាំងពីរស្រលាញ់គ្នា១០ឆ្នាំហើយ។

គួរបញ្ជាក់ផងដែរថា ឈិន ឈឿន និងភរិយា បានរៀបការជាមួយគ្នា ដោយសព្វថ្ងៃ ប្រពន្ធកំពុងតែមានទម្ងន់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺពួកគេ នៅតែបន្តភាពផ្អែមល្ហែមជាមួយគ្នា។

ចំពោះសារដែលបង្ហោះកាលពីយប់មិញវិញ កីឡាករ ឈិន ឈឿន បានបញ្ជាក់ថា «ស្រលាញ់គ្នា១០ឆ្នាំ តាំងពីរបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះជិតបានដូចបំណងដែលពួកយើងបានប៉ងហើយ នឹងមិននឹកស្មានថាពួកខ្ញុំបានការជាមួយគ្នានោះទេ ព្រោះពេលនោះវាពិបាក នឹងជួបបញ្ហាច្រើន តែឥលូវបានដូចបំណងប្រាថ្នាហើយ ហើយលូវថែមទាំងមានBaby ទៀត មិនមែន ១ មិនមែន ២ គឺ ៣ អ្នក ។ ខ្ញុំសង្ឃឹមថាគ្រួសារដល់តូចមួយនេះ នឹងជួយតែរឿងល្អៗ នឹងសុភមង្គលជារៀងរហូត។ រាត្រីសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នា ជាពិសេស អ្នកគាំទ្រ ជាទីស្រលាញ់»

ទាក់ទងនឹងសារនៅក្នុងហ្វេសបុករបស់កីឡាករ ឈិន ឈឿន កាលពីយប់មិញនេះ ក៏មានបងប្អូនអ្នកគាំទ្រ ក៏ដូចជាមិត្តភក្កិជាច្រើនចូលមកអបអរសារទេផងដែរ ហើយក្នុងនោះក៏មានអ្នកគាំទ្រខ្លះច្រឡំថា កីឡារូបនេះនឹងមានកូនភ្លោះ៣នាក់ទៀតផង ប៉ុន្តែ ឈិន ឈឿន ក៏បានបញ្ជាក់ពីលើទៀតផងដែរថា មិនមែនកូនភ្លោះបីនោះទេ តាមពិតគឺ រូបលោក និងភរិយា ហើយនិងកូនមួយទៀត សរុបទៅចំនួន៣នាក់ ។

គួររំលឹកផងថា កីឡាករ ឈិន ឈឿន នឹងមានភារកិច្ចសំខាន់មួយជាមួយក្រុមជម្រើសជាតិនៅថ្ងៃអាទិត្យខាងមុខនេះ ដោយកម្ពុជា និងត្រូវប៉ះ ឡាវ ក្នុងវគ្គជម្រុះ AFC Suzuki Cup ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕  

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកឡើងវិញថា កីឡាករខ្សែបម្រើប្រយុទ្ធ ក្លឹបក្រសួងការពារជាតិ ឈិន ឈឿន ថា ព្រោះតែចិត្តស្រឡាញ់ បាល់ទាត់ពេកសុខចិត្ត ចាកចេញពីផ្ទះ ទៅនៅពហុកីឡដ្ឋាន ស្តាតចាស់ ។ ថ្លែងទាំងសម្តីអួលដើមករ នឹកដល់រឿងអតីតកាល ឈិន ឈឿន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ឲ្យដឹងថា «កាលពី ១០ឆ្នាំមុនខ្ញុំគ្រាន់តែជាក្មេងរើសបាល់ម្នាក់ ដោយអង្គុយក្រៅតារាងមើលបងៗលេង ដោយខំហ្វឹកហាត់ខ្លួនឯង និងគេឲ្យចូលហាត់តិចៗ» ។

តារាបាល់ទាត់របស់ក្លឹប ក្រសួងការពារជាតិរូបនេះ បានបន្តថា «ពេលនោះ ខ្ញុំតែងតែបោកអាវកាក់ឲ្យគេ និងសុំគេគេង មុខបន្ទប់តែប៉ុណ្ណោះ តែពេលដែល ក្លឹបក្រសួងការពារជាតិ ចាប់ផ្តើមរើសយុវជន ក៏ចូលហាត់ ដោយកាលនោះ មានអាយុជាង ១០ឆ្នាំ» ។ ជម្រើសជាតិខ្មែរ ឈិន ឈឿន បានបន្ថែមទៀតថា «នៅភ្នំពេញនេះ គឺខ្ញុំនៅជាមួយនឹងអ៊ុំ តែក្រោយមកទៀត ខ្ញុំក៏សូមចាកចេញ ដោយទៅសុំគេរស់នៅ ស្តាតចាស់ ព្រោះតែខ្ញុំស្រឡាញ់បាល់ពេក » ។ ឈិន ឈឿនថា «មានឈ្មោះ ប៉ុណ្ណេះ គឺជួបសព្វគ្រប់ហើយ តាំងពីមានប្រាក់ខែតែ ៥ម៉ឺន ហើយពេលនេះ គឺមានប្រាក់ខែជាង ៤០០ដុល្លារ ដែលជាតម្លៃខ្លួនលេងឲ្យក្លឹប» ។ បញ្ជាក់ផងដែរថា ឈិន ឈឿន នឹងដឹកដៃគូស្នេហ៍របស់ខ្លួន ចូលរោងការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបញ្ចប់ជីវិតនៅលីវ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]