ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅផ្សារស្រីស្នំ ឃុំជ្រោយនាងនួន ទីប្រជុំជនស្រុកស្រីស្នំ ខេត្តសៀមរាប លោក ង៉ែត ចេក ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានបង្ហាញនូវការវាយតម្លៃក្រោយពីចុះប្រតិបត្តិការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីនោះថា ប្រភេទទំនិញម្ហូបអាហារ ដែលបងប្អូនផលិតក្នុងមូលដ្ឋាន និងផលិតផលក្នុងស្រុកមានសុវត្ថិភាពល្អ។ លោកបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូបមួយចំនួនរួមមាន អំបិល ស្ពៃជ្រក់ និងសរសៃគុយទាវជាដើម លទ្ធផលបង្ហាញថា អំបិលមានវត្តមានអ៊ីយ៉ូតត្រឹមត្រូវ ហើយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Salicylic Acid , Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
លោកបានបញ្ជាក់បន្ថែមទៀតថា ដោយឡែកចំពោះការពិនិត្យមើលលើផលិតផលកំប៉ុង ដប និងផលិតផលវេចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារ និងនៅតាមផ្ទះមួយចំនួនស្ថិតជុំវិញ នៃផ្សារស្រីស្នំនោះ ជាលទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ច្រែះស៊ីកំប៉ុង ហួសកាលបរិច្ឆេតប្រើប្រាស់ជាដើម ។
ទំនិញម្ហូបអាហារទាំងនេះ ត្រូវបានសាខាកាំកុងត្រូលខេត្តសៀមរាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ។ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ទឹកក្រូចដបជ័រ(ដបធំចម្រុះផលិតនៅប្រទេសថៃ ចំណុះ ១,២៥០លីត្រ ស្មើចំនួន ៦៤ដប និងទឹកក្រូចដបជ័រ ផលិតនៅប្រទេសថៃដូចគ្នា ចំណុះ ០.៤៥០0លីត្រ ចំនួន១៦ដប។
លោកបានបន្តឱ្យដឹងទៀតថា បើទោះជាយ៉ាងណា មន្ត្រីកាំកុងត្រូលនៅតែបន្តប្រើប្រាស់វិធានការអប់រំបន្តអនុវត្តចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឱ្យបានយល់ដឹងអំពីផលវិបាកទាំងឡាយ ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងគ្រោះថ្នាក់នៃការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារនោះ។
លោកបានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ការអប់រំក៏នៅតែបន្តធ្វើ តែវិធានការនៃការដកហូត ក៏ត្រូវតែបានអនុវត្តផងដែរ ចាប់ពីពេលនេះតទៅ ដូចភ្លៀងរលឹម ដើម្បីសុខភាពប្រជាពលរដ្ឋពលរដ្ឋ៕
ប្រភព៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀតមន្ត្រីកាំកុងត្រូលខេត្តសៀម រាប បន្តចុះពិនិត្យទំនិញដាក់លក់នៅផ្សារចារឈូក តែរកមិនឃើញសារធាតុគីមី។ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន ដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារចារឈូក និងនៅតាមផ្ទះ ស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ។
បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូប មួយចំនួន រួមមាន ស្ពៃជ្រក់ សរសៃគុយទាវ និង សណ្តែកបណ្តុះ រួចមកជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid ,Borax និង Sodium Hydrosulfite (ម្សៅស) នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួនស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំរួចមក លទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ច្រែះសុី ហួសកាលបរិេច្ឆទ ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្ត សៀម រាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ ។ ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖
_ ទឹកក្រូចដបជ័រដបធំផលិតនៅប្រទេសថៃ ចំណុះ 1,25 លីត្រចំនួន 89ដប ។
_ ទឹកក្រូចដបជ័រ ផលិតនៅប្រទេសថៃ ចំណុះ 0.40លីត្រ ចំនួន12ដប ។
_ប្រេងខ្យង ផលិតនៅប្រទេសថៃ ចំណុះ0.60លីត្រ ចំនួន23ដប ។
_ ទឹកដោះគោខាប់ ម៉ាក My Boy ចំណុះ380g ផលិតនៅប្រទេសថៃ ចំនួន21កំប៉ុង ។
_ ផ្សឹត និងស្ពៃកំប៉ុង ផលិតនៅប្រទេសចិន ចំនួន33កំប៉ុង ។
ទន្ទឹមនោះក្រុមការងារ ក៏បានទិញយកគំរូនៃផលិតផលម្ហូបអាហារ មួយចំនួនដែលមានដូចជា ស្លឹកគ្រៃហាន់រួច ស្ករត្នោត សាច់ជ្រូក សាច់គោ ថ្លើមជ្រូក ថ្លើមគោ បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំព្យាបាលសត្វជាបន្តទៀត។
ឆ្លៀតឳកាសនោះដែរ ក្រុមកាងារក៏ បាន ចែកផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ។ ក្រុមការងារក៏បានថ្លែងសរសើរ និងអរគុណដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ចសហការល្អ និងដោយរីករាយ ជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាលមកពីផលិតផល ខូចគុណភាព ដោយបានស្ម័គ្រចិត្តផ្តល់ដល់ក្រុមការងារ នូវផលិតផលខូចគុណភាពទាំងអស់នោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]