ពិភពលោកមួយនេះ សម្បូរទៅដោយ ទីកន្លែងដែលមានភាពអស្ចារ្យជាច្រើន ដែលអ្នកគួរតែទៅទស្សនា យ៉ាងហោចណាស់ ក៏បានម្តងក្នុងមួយជីវិតរបស់អ្នកដែរ។ ជាពិសេស អាហារប្លែកៗ ប្រចាំតំបន់ជុំវិញពិភពលោក ដែលអ្នកគួរតែសាកល្បង។

ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងភោជនីយដ្ឋានមួយចំនួន បែរជាធ្វើឲ្យអ្នក មិនចាប់អារម្មណ៍នឹងអាហារដែលអ្នកទទួលទានទៅវិញ ទោះបីជាម្ហូបនោះមានរសជាតិឆ្ងាញ់ និងមានសេវាកម្មល្អកម្រិតណាក៏ដោយ។ នេះក៏ព្រោះតែ ទីតាំងភោជនីយដ្ឋានទាំងនោះ មានភាពស្រស់ស្អាតខ្លាំង រហូតទាល់តែមិនឃ្លានផងក៏មិនដឹង។

ខាងក្រោមនេះ គឺជាភោជនីយដ្ឋាន ទាំង ១៣ ដែលនឹងធ្វើឲ្យអ្នកជក់ចិត្ត ទាក់អារម្មណ៍ជាប់តែទៅនឹងទេសភាព ដ៏អស្ចារ្យមិនអាចបំភ្លេចបាន! 

# ភោជនីយដ្ឋាន “Grotta Palazzese” ក្នុងរដ្ឋ Bari ប្រទេស អ៊ីតាលី

ភោនីយដ្ឋាន ដ៏ទាក់ទាញមួយនេះ មានទីតាំងស្ថិតក្នុងទីក្រុង Polignano a Mare រដ្ឋ Bari ប្រទេសអ៊ីតាលី។ ជាពិសេស Grotta Palazzese ត្រូវបានសាងសង់ ក្នុងរូងថ្ម ជាច្រើនសត្សវត្សកន្លងមកហើយ និងបានក្លាយជាទីកន្លែងទទួលទានអាហារ មួយគ្មានពីរ របស់ពិភពលោក។ ភោជនីយដ្ឋាននេះ មានកម្ពស់ប្រមាណ ២២ ម៉ែត្រកន្លះ ពីនីវ៉ូសមុទ្រ ដែលអាចឲ្យអ្នកទទួលទានអាហារ ព្រមទាំងគយគន់សម្រស់ឆ្នេរ ក្នុងពេលតំណាលគ្នា។ Grotta Palazzese បើកតែក្នុងរដូវក្តៅប៉ុណ្ណោះ (ពីខែឧសភា ដល់ខែតុលា) និងមានតម្លៃមុខម្ហូប ចាប់ពី ១០០ ដុល្លារអាមេរិកឡើងទៅ។ 

# ភោជនីយដ្ឋាន “Le Panoramic” ក្នុងតំបន់ Chamonix ប្រទេស បារាំង

ភោជនីយដ្ឋាន Le Panoramic នេះមានទីតាំងនៅលើភ្នំ ដែលមានកម្ពស់ ៣,០០០ ម៉ែត្រ ពីលើកម្រិតកម្ពស់ទឹកសមុទ្រ នៅក្នុងតំបន់ភ្នំ Alps ប្រទេសបារាំង។ Le Panoramic មិនត្រឹមតែជាភោជនីយដ្ឋាន ដែលបម្រើអាហារថ្ងៃត្រង់ និងអាហារសម្រន់ប៉ុណ្ណោះទេ វាថែមទាំងមានទិដ្ឋភាពជាទេសភាពភ្នំ Mont-Blanc ដ៏ស្រស់ស្អាតប្លែកភ្នែកទៀតផង។ នៅទីនោះមានម្ហូបអាហារបែបប្រពៃណី ក៏ដូចជា pasta ស៊ុប សាច់បន្ទះ និងថ្លើមក្ងានផងដែរ។ 

# ភោជនីយដ្ឋានក្រោមសមុទ្រ “Ithaa” នៅម៉ាល់ឌីវ

ភោជនីយដ្ឋាននៅក្រោមសមុទ្រមួយនេះ មានជម្រៅ ៥ ម៉ែត្រ និងត្រូវបានរចនាឡើង សម្រាប់តែភ្ញៀវ ១៤ នាក់តែប៉ុណ្ណោះ។ ភោជនីយដ្ឋាន Ithaa ដែលមានទេសភាពដ៏ធំទូលាយ នៃទិដ្ឋភាពសមុទ្រ ២៧០ដឺក្រេនេះ ផ្តល់នូវអាហារបែបអឺរ៉ុប និងអាហារក្នុងស្រុករួមគ្នា ប៉ុន្តែភ្ញៀវដែលមកកាន់ទីនោះ មិនមែនសុទ្ធតែមានគោលបំណងទទួលទានអាហារ តែម្យ៉ាងនោះទេ។ ជាពិសេស ភោជនីយដ្ឋាននេះ អាចកក់សម្រាប់ប្រារព្ធពីធីជប់លៀង ឬពីធីមង្គលការបានថែមទៀតផង។ 

# ភោជនីយដ្ឋាន “Ali Barbour” នៅឆ្នេរសមុទ្រ Diani ប្រទេស កេនយ៉ា

ប្រសិនបើអ្នកមានឱកាសបានទៅ ប្រទេស កេនយ៉ា នោះអ្នកមិនត្រូវភ្លេចទៅកាន់ ភោជនីយដ្ឋាននេះឲ្យសោះ! ភោជនីយដ្ឋាន Ali Barbour មានទីតាំងនៅក្នុងរូងភ្នំ ដែលអាចមើលធ្លុះដល់មេឃ ហេតុនេះអ្នកនឹងមិនមានអារម្មណ៍ថា គួរឲ្យខ្លាចឡើយ។ ផ្នែកខាងក្នុងនៃ Ali Barbour មានរចនាបទតាមបែបប្រពៃណី អាហ្រ្វិក។ ជាពិសេស ពន្លឺភ្លើងពិល ដែលបង្កើតជាបរិយាកាសបែបវេទមន្ត និងរ៉ូមែនទិក (ល្អបំផុត សម្រាប់ការណាត់ជួបរវាងគូស្នេហ៍)។ 

# ភោជនីយដ្ឋាន “The Sierra Mar” ប្រទេស កាលីហ្វញ៉ា

ភោជនីយដ្ឋានរបស់ប្រទេសកាលីហ្វញ៉ានេះ មានទីតាំង នៅលើចំណោតដីខ្ពស់ នៅជិតទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ (San Francisco)។ នៅភោជនីយដ្ឋាន The Sierra Mar នេះ អ្នកនឹងភ្ញាក់ផ្អើលពីទេសភាពថ្ងៃលិច ដ៏សែនស្រស់ស្អាតជាក់ជាមិនខានឡើយ! ជាពិសេស ទីនោះប្រើប្រាស់គ្រឿងផ្សំអាហារប្រចាំតំបន់ ចាប់តាំងពីព្រឹក ដល់ល្ងាចផងដែរ។ 

# ហាងកាហ្វេ “The River” ក្នុងទីក្រុង ញូវយ៉ក

ក្រៅពី តម្លៃថ្លៃកប់ពពក និងបរិយាកាសបែបអ្នកអភិជននោះ ហាងកាហ្វេនេះ មានទេសភាពដ៏សែនស្រស់ស្អាត ដែលនឹងធ្វើឲ្យអ្នកចងចាំ ពេញមួយជីវិតរបស់អ្នក! The River លាតសន្ធឹងតាមក្រោមបណ្តោយស្ពាន Brooklyn ជាមួយនឹងទេសភាពសន្លឹម ដាច់កន្ទុយភ្នែក នៃអាគារខ្ពស់ៗ របស់ទីក្រុងញូវយ៉ក និងរូបសំណាកតំណាងឲ្យសេរីភាព (Statue of Liberty) ទៀតផង។ 

# ភោជនីយដ្ឋាន “The Samaya Villas Bali” លើកោះបាលី ប្រទេស ឥណ្ឌូនេស៊ី

កោះបាលី មានភាពល្បីល្បាញដោយសារតែ ទេសភាពថ្ងៃលិច និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត មិនគួឲ្យជឿ។ ហេតុនេះ អ្នកនឹងកាន់តែរំភើបជាក់ជាមិនខាន ប្រសិនបើអ្នកបានអង្គុយទទួលទានអាហារ នៅលើឆ្នេរនោះ! នៅទីនោះ អ្នកអាចទទួលទានអាហារ ដែលមានរសជាតិឆ្ងាញ់លំដាប់ពិភពលោក ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងទេសភាពថ្ងៃលិច រួមគ្នា ដែលមិនអាចបំភ្លេចបាន។ 

# ភោជនីយដ្ឋាន “Le Jules Verne” ក្នុងទីក្រុងប៉ារីស ប្រទេស បារាំង

Le Jules Verne គឺជាភោជនីយដ្ឋានមួយ ដែលមានភាពល្បីល្បាញខ្លាំងបំផុត ប្រចាំទីក្រុងប៉ារីស ដែលមានទីតាំងស្ថិត នៅក្នុង Eiffel Tower និងមានកម្ពស់ ១២៤ ម៉ែត្រ។ នៅពេលថ្ងៃ ពន្លឺថ្ងៃធម្មជាតិ ជះពាសពេញភោជនីយដ្ឋាន។ រីឯនៅពេលល្ងាចវិញ បរិយាកាសក្នុងភោជនីយដ្ឋាន មានភាពស្ងប់ស្ងាត់ និងអន្លង់អន្លោច។ នៅទីនោះ អ្នកអាចសម្លឹងមើលទេសភាពជុំវិញទីក្រុង ស្តាប់តន្ត្រីពិរោះៗ និងបរិភោគអាហារលំដាប់ខ្ពស់ ក្នុងពេលតែមួយ។ 

# ភោជនីយដ្ឋានលើអាគារខ្ពស់ “The Skyline Queenstown” ប្រទេស នូវែលសេឡង់

តំបន់ Queenstown គឺជាតំបន់ទេសចរណ៍ផ្សងព្រេង ដែលបានទាក់ទាញ ភ្ញៀវទេសចរណ៍ជាច្រើន ទៅកំសាន្ត ដោយការជិះក្បូនលេង លោតទម្លាក់ខ្លួនពីទីខ្ពស់ និងកីឡាបែបរន្ធត់ៗផ្សេងៗទៀត។ ជាពិសេស នៅពេលដែលអ្នកមានអារម្មណ៍ថាឃ្លាន អ្នកមិនចាំបាច់ទៅណាឆ្ងាយឡើយ ដោយអ្នកគ្រាន់តែជិះ កន្រ្តកយោងឡើងទៅ The Skyline Queenstown នោះអ្នកនឹងអាចទទួលបានការទទួលទានអាហារដ៏ឆ្ងាញ់ពិសារ ជាមួយនឹងការគយគន់ទេសភាពដែលសឹងតែមិនអាចដកភ្នែកបាន។ 

# ភោជនីយដ្ឋាន “Delaire Graff” ក្នុងទីក្រុង Stellenbosch ប្រទេស អាហ្វ្រិកខាងត្បូង

នៅពេលដែលអ្នកអង្គុយទទួលទានអាហារនៅ Delaire Graff អ្នកនឹងអាចគយគន់ទេសភាពដ៏ស្រស់ស្អាត របស់ភ្នំ Simonsberg និងវាលចំការទំពាំងបាយជូរ ប្រចាំប្រទេស អាហ្វ្រិកខាងត្បូង។ ទេសភាពទាំងនោះ បានធ្វើឲ្យ Delaire Graff ក្លាយជាភោជនីយដ្ឋានមួយ ដែលមានបរិយាកាស ដ៏អស្ចារ្យ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺអ្នកអាចទទួលទានអាហារតាមបែបអាហ្វ្រិកកម្រៗ ជាច្រើនមុខ ជាមួយនឹងស្រាផលិតក្នុងស្រុកនោះទៀតផង។ 

# ភោជនីយដ្ឋាន “Ngorongoro Crater Lodge” ក្នុងតំបន់ Ngorongoro ប្រទេស តង់ហ្សានី

ភោជនីយដ្ឋាន និងសណ្ឋាគារ Ngorongoro Crater គឺជាទីតាំងមួយដែលមានភាពទាក់ទាញខ្លាំងក្លាណាំស់ ក្នុងប្រទេស តង់ហ្សានី។ ទំហំផ្ទៃដីជុំវិញនោះ មានវិសាលភាព ៨,៣០០ គីឡូម៉ែត្រការ៉េ លាតសន្ធឹងពៅជ្រលងភ្នំ Rift ទៅជ្រលងភ្នំ Serengeti ដែលអាចឲ្យអ្នកមើលឃើញប្រទេសអាហ្វ្រិក បានមួយផ្នែកធំ។ អ្នកអាចយកកែវពង្រីកទៅតាម ដើម្បីមើលឃើញសត្វជាច្រើនក្បាល នៅតាមវាលស្មៅ។ 

# ភោជនីយដ្ឋាន “The Signature Room ជាន់ទី ៩៥” ក្នុងទីក្រុងឈីកាហ្គោ

ប្រសិនបើអ្នកមានក្តីសុបិន ចង់មើលឃើញភាពស្រស់ស្អាត នៃទីក្រុងឈីកាហ្គោទាំងមូលនោះ អ្នកមិនត្រូវភ្លេច ភោជនីយដ្ឋាន The Signature Room ជាន់ទី ៩៥ ឡើយ (នៅជាន់ទី ៩៦ មានជាបារ)។ អ្នកអាចគយគន់ទេសភាព ភ្លើងពណ៌ ដ៏សែនស្រស់ស្អាតនៃទីក្រុង ជាមួយនឹងទេសភាពបឹង Michigan ទៀតផង។ ជឿទេថា អ្នកអាចនឹងមិនចាប់អារម្មណ៍ ទទួលទានអាហារឡើយ នៅពេលដែលបានឃើញទេសភាពទីក្រុង ឈីកាហ្គោនោះ។ 

# ភោជនីយដ្ឋានលើសមុទ្រ “Ocean Restaurant” លើកោះ Bora Bora

កោះ Bora Bora មានភាពល្បីល្បាញ ដោយសារតែសមុទ្រថ្លាឆ្វង់ និងរមណីយដ្ឋានដ៏ប្រណីត។ អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះគឺ ភោជនីយដ្ឋានប្រចាំកោះ Bora Bora អនុញ្ញាតឲ្យភ្ញៀវទេសចរ អាចអង្គុយទទួលទានអាហារលើទឹកសមុទ្រថ្លាឆ្វង់ ដូចជាកញ្ចក់នោះបានទៀតផង។ អ្នកមិនត្រឹមតែបរិភោគអាហារ ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្តប៉ុណ្ណោះទេ អ្នកនឹងអាចថែមទាំងគយគន់ទេសភាពសមុទ្រ បានយ៉ាងសប្បាយរីករាយផងដែរ៕ 

ប្រភព៖ Bright Side | Wikipedia | Daily Mail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]