បរទេស៖ កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបមួយកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញអីុនធឺណែត បន្ទាប់ពីអនាគតកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ត្រូវបានដួលសន្លប់ភ្លាមៗ ក្រោយពីរូបនាងរំភើបចិត្តខ្លាំង ពេលមិត្តប្រុសសុំរៀបការ។

ប្រភពបានឲ្យដឹងថា នារីវ័យក្មេងជាសង្សារទប់អារម្មណ៍មិនបាន រហូតដល់ថ្នាក់ដួលសន្លប់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Reyna Renteria ស្លៀកឈុតរ៉ូបពណ៌ស រួមជាមួយនឹងអាវក្រៅពណ៌ខ្មៅផងដែរ។ រីឯមិត្តប្រុសរបស់នាងវិញ មានឈ្មោះថា German Benitez

ដោយឡែក តាមរយៈខ្សែវីដេអូឃ្លីបវិញ គេឃើញថា ដំបូងឡើយលោក Benitez គឺបានឈរនៅចំពោះមុខមិត្តស្រីរបស់គាត់ ដោយក្នុងដៃមានកាន់នូវ ប្រអប់តូចមួយ (ប្រអប់ចិញ្ចៀន) ដែលនឹងត្រូវប្រគល់វាទៅឲ្យនាង Renteria ជាសង្សារ រួមជាមួយនឹងការអមដោយភ្លេងតន្រ្តីកំដរអារម្មណ៍ នៅទីនោះផងដែរ។

ប៉ុន្តែជារឿងដ៏គួរឲ្យហួសចិត្ត និងមិននឹកស្មានដល់នោះ ខណៈតួឯកស្រីនាង Renteria បានដើរសំដៅទៅកាន់មិត្តប្រុស ហើយទទួលបានប្រអប់ចិញ្ចៀន ភ្ជាប់ពាក្យភ្លាមនោះ ស្រាប់តែធ្វើឲ្យរូបនាង រំភើបក្នុងចិត្តយ៉ាងក្រៃលែង រហូតដល់ថ្នាក់គាំងបេះដូង ដួលសន្លប់ស្តូកស្តឹងនៅនឹងដី បង្កឲ្យមានភាពភ្ញាក់ផ្អើល ដល់គ្រប់គ្នាតែម្តង។ យ៉ាងណាមិញ ភ្លាមៗនោះដែរ រូបនាងក៏ត្រូវបានគេ ជួយសង្គ្រោះផងដែរ។

គួរឲ្យដឹងដែរថា បន្ទាប់ពីហេតុការណ៍ដែលបានកើតឡើងនេះហើយ ដំបូងឡើយនាង Renteria បានបង្ហោះរូបភាព ដែលនាងបានដួលសន្លប់នៅនឹងដី តែមួយសន្លឹក ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម របស់នាងតែប៉ុណ្ណោះ។ ប៉ុន្តែ Renteria បានសរសេរភ្ជាប់នូវសារខ្លីមួយថា «ប្រសិនណាបើរូបភាពដែលខ្ញុំបានបង្ហោះឡើងនេះ ទទួលបានការ Like ចំនួន១០០ ខ្ញុំនឹងបង្ហោះវីដេអូស្តែងៗ នៃការដួលសន្លប់របស់នាងខ្ញុំ ក្នុងថ្ងៃមិត្តប្រុសរបស់ខ្ញុំ សុំខ្ញុំរៀបការ ឲ្យអ្នកទាំងអស់គ្នាបានទស្សនា។ យល់ព្រមទេ?»

ផ្ទុយទៅវិញ អ្វីដែលមិននឹកស្មានដល់នោះ រូបភាពរបស់នាង បានទទួលការចុច Like រហូតដល់ទៅច្រើនជាង ២ ០០០ Like ឯណោះ។ ជាហេតុធ្វើឲ្យនាង Renteria ធ្វើតាមសន្យា ដោយបង្ហោះចែកចាយ នូវវីដេអូឃ្លីបរបស់នាង លើបណ្តាញសង្គមផងដែរ ដោយទទួលបានការចុចចូលមើល រហូតដល់ទៅ ៣.៧លានដង ជាមួយនឹងចំនួនអ្នកចុច Share រហូតដល់ទៅ ៦៣ ០០០ដងផងដែរ។

លើសពីនេះ នាង Renteria ថែមទាំងទទួលរហស្សនាម ពីសំណាក់អ្នកនិយមលេងអីុនធឺណែតជាច្រើនថា ហៅនាងថា «LadyCompromiso (LadyEngagement)»  ផងដែរ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងដែរ? 

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ខាងស្រី រំភើបដល់ស្រក់ទឹកភ្នែក តែពេលឃើញ ចិញ្ចៀនពេជ្រសុំរៀបការតូចពេក បដិសេធរួច ដើរចេញ។ ការសុំមិត្តស្រីរៀបការមួយ ត្រូវបរាជ័យយ៉ាងហួសចិត្ត ដោយសារតែខាងស្រី បដិសេធមិនព្រម ក៏ព្រោះតែមូលហេតុចិញ្ចៀនសុំរៀបការនោះតូចពេក។

ប្រភពព័ត៌មានចិន រាយការណ៍ឲ្យដឹងថា រំលងប៉ុន្មានថ្ងៃមុននេះ បុរសជាមិត្តប្រុស បានសុំមិត្តស្រីខ្លួន រៀបការ មុខចំណោមមនុស្សចោមរោមមើលយ៉ាងច្រើន នៅទីសាធារណ:មួយកន្លែង ក្នុងទីក្រុងឆេងឌូ និងមានទាំងការបង្ហាញក្បាច់រាំជាក្រុម សម្តែងឲ្យនារីជាមិត្តស្រីនោះ ទស្សនាយ៉ាងជក់ចិត្តទៀតផង ដើម្បីឲ្យនាងភ្ញាក់ផ្អើល។ បន្ទាប់មកទៀត បុរសជាមិត្តប្រុស បានលុតជង្គង់ចុះ​ បង្ហាញប្រអប់ពណ៌ក្រហម ដែលមានចិញ្ចៀនសុំរៀបការ ធ្វើឲ្យនារីជាមិត្តស្រីរំភើបដល់ស្រក់ទឹកភ្នែក។

តែផ្ទុយពីការរំពឹងទុក នៅពេលដែលខាងប្រុសបើកប្រអប់ បង្ហាញចិញ្ចៀន ស្រាប់តែខាងស្រី មានការខកចិត្ត និងបដិសេធមិនព្រមទទួលយកទៅវិញ ព្រោះតែចិញ្ចៀននោះមានទំហំតូច មិនដល់មួយការ៉ាត់ផងនោះ។ នាងបានងាក និងដើរចេញទៅបាត់ ដោយមិននិយាយអ្វីមួយម៉ាត់ ក្រោយពេលឃើញចិញ្ចៀនរួច។

ក្រោយមក សារឆ្លើយឆ្លងរវាងនារីជាមិត្តស្រី និងមិត្តភក្តិរបស់នាង បានបែកធ្លាយនៅលើអនឡាញ ធ្វើឲ្យគេដឹងការពិតតែម្តង។ ខាងស្រីបានសរសេរថា៖ «គាត់បានយល់ព្រមទិញចិញ្ចៀនពេជ្រធំមួយ យ៉ាងហោចណាស់ក៏១ការ៉ាត់ដែរ តែហេតុអ្វីចិញ្ចៀននោះ តូចបែបនេះ? តើគាត់អត់យកចិត្តទុកដាក់ និងខ្វាយខ្វល់ពីខ្ញុំទេ?» មិត្តភក្តិរបស់នាងតបថា «កុំបារម្ភអី ប្រហែលជាចិញ្ចៀនអាធំ កំពុងរង់ចាំឯង ពេលក្រោយក៏ថាបានដែរ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]