ចិន៖ ការសុំមិត្តស្រីរៀបការមួយ ត្រូវបរាជ័យយ៉ាងហួសចិត្ត ដោយសារតែខាងស្រី បដិសេធមិនព្រម ក៏ព្រោះតែមូលហេតុចិញ្ចៀនសុំរៀបការនោះតូចពេក។

ប្រភពព័ត៌មានចិន រាយការណ៍ឲ្យដឹងថា រំលងប៉ុន្មានថ្ងៃមុននេះ បុរសជាមិត្តប្រុស បានសុំមិត្តស្រីខ្លួន រៀបការ មុខចំណោមមនុស្សចោមរោមមើលយ៉ាងច្រើន នៅទីសាធារណ:មួយកន្លែង ក្នុងទីក្រុងឆេងឌូ និងមានទាំងការបង្ហាញក្បាច់រាំជាក្រុម សម្តែងឲ្យនារីជាមិត្តស្រីនោះ ទស្សនាយ៉ាងជក់ចិត្តទៀតផង ដើម្បីឲ្យនាងភ្ញាក់ផ្អើល។ បន្ទាប់មកទៀត បុរសជាមិត្តប្រុស បានលុតជង្គង់ចុះ​ បង្ហាញប្រអប់ពណ៌ក្រហម ដែលមានចិញ្ចៀនសុំរៀបការ ធ្វើឲ្យនារីជាមិត្តស្រីរំភើបដល់ស្រក់ទឹកភ្នែក។ តែផ្ទុយពីការរំពឹងទុក នៅពេលដែលខាងប្រុសបើកប្រអប់ បង្ហាញចិញ្ចៀន ស្រាប់តែខាងស្រី មានការខកចិត្ត និងបដិសេធមិនព្រមទទួលយកទៅវិញ ព្រោះតែចិញ្ចៀននោះមានទំហំតូច មិនដល់មួយការ៉ាត់ផងនោះ។ នាងបានងាក និងដើរចេញទៅបាត់ ដោយមិននិយាយអ្វីមួយម៉ាត់ ក្រោយពេលឃើញចិញ្ចៀនរួច។

ក្រោយមក សារឆ្លើយឆ្លងរវាងនារីជាមិត្តស្រី និងមិត្តភក្តិរបស់នាង បានបែកធ្លាយនៅលើអនឡាញ ធ្វើឲ្យគេដឹងការពិតតែម្តង។ ខាងស្រីបានសរសេរថា៖ «គាត់បានយល់ព្រមទិញចិញ្ចៀនពេជ្រធំមួយ យ៉ាងហោចណាស់ក៏១ការ៉ាត់ដែរ តែហេតុអ្វីចិញ្ចៀននោះ តូចបែបនេះ? តើគាត់អត់យកចិត្តទុកដាក់ និងខ្វាយខ្វល់ពីខ្ញុំទេ?» មិត្តភក្តិរបស់នាងតបថា «កុំបារម្ភអី ប្រហែលជាចិញ្ចៀនអាធំ កំពុងរង់ចាំឯង ពេលក្រោយក៏ថាបានដែរ»៕

ប្រិយមិត្តមានយោបល់យ៉ាងណាដែរ?




ប្រភព៖ Shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]