(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមភ្ញៀវហុងកុង នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះហើយ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិជើងទី២ ខណៈជើងទី១ ក្រុមគោព្រៃកម្ពុជានេះ បានចាញ់ម្ចាស់ផ្ទះហុងកុង ដោយលទ្ធផល ២-៤ កាលពីដើមខែកញ្ញាកន្លងទៅ ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតកម្ដៅសាច់ដុំដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខនេះ ដោយត្រូវប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ។

សូមទស្សនាវីដេអូកាលពីក្រុមគោព្រៃកម្ពុជា បរាជ័យក្រោមថ្វីជើងហុងកុង នៅលើទឹកដីហុងកុង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ដូចខាងក្រោម៖

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កម្ពុជា ចាញ់ម្ចាស់ផ្ទះ ហុងកុង ៤-២ ក្នុងជំនួបមិត្តភាព ។ គួររំលឹកផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហុងកុង ដោយលទ្ធផល ៤-២ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅកីឡដ្ឋាន Mong Kok នៃទីក្រុងហុងកុង ហើយនេះក៏ជាលើកទី៥ ដែរ ដែលកម្ពុជាបរាជ័យក្រោមថ្វីជើងក្រុមហុងកុង ក្នុងចំណោមលទ្ធផលធ្លាប់ជួបគ្នា ៦ប្រកួតទាំងលើកនេះ ដោយក្រុមគោព្រៃកម្ពុជា ធ្លាប់ឈ្នះម្ដងគត់ដោយលទ្ធផល ២-១ ក្នុងជំនួបពានរង្វាន់ AFC Asain Cup កាលពីឆ្នាំ១៩៧២ ។

ជំនួបមិត្តភាពនេះ ក្រុមម្ចាស់ផ្ទះហុងកុង បានបើកឆាកនាំមុខ ១គ្រាប់មុនត្រឹមនាទី១១ ដែលធ្វើសម្រេចដោយកីឡាករ Jaimaes Mckeo មុននឹងខ្សែបម្រើវ័យក្មេងកម្ពុជា ច្រឹង ពលរដ្ឋ វាយបកតាមស្មើ ១-១ នៅនាទី២០ ។ បន្ទាប់មកទើបហុងកុងបានបន្ថែម ២គ្រាប់ទៀតមុនបញ្ចប់តង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Itaparica នៅនាទី៣១ និងកីឡាករ Alessandro ធ្វើសម្រេចគ្រាប់ទី៣ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រនៅនាទី៤២ ក្រោយកីឡាករ ច្រឹង ពលរដ្ឋ បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ។

ឈានចូលតង់ទី២ ថ្វីត្បិតកីឡាករក្រុមភ្ញៀវកម្ពុជាមានមាឌតូចជាក្រុមហុងកុងក៏ពិតមែន រហូតតាមបាន ១គ្រាប់វិញ ដែលតែតបញ្ចូលទីដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី៦១ បន្ទាប់ពីទទួលបានបាល់ពីកីឡាករ ប្រាក់ មុន្នីឧត្តម ។ ប៉ុន្ដែគួរឲ្យសោកស្ដាយឈានដល់នាទីទី៨៦ កីឡាករហុងកុង Kwan Yee បានបន្ថែម ១គ្រាប់ទៀត ដែលជាគ្រាប់ចុងក្រោយធ្វើឲ្យហុងកុង យកឈ្នះក្រុមគោព្រៃកម្ពុជា ៤-២ តែម្ដង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]