(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាសិស្សវិទ្យាល័យបឹងត្របែក និងបក្ខពួក២នាក់ទៀត បានធ្វើសកម្មភាពឆប់កាបូបដៃ ពីស្ដ្រីម្នាក់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ នៅមុខផ្ទះលេខ៣៦ ផ្លូវ៩៩ ក្រុម២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ប៉ុន្តែភ្លាមៗនោះត្រូវបានកម្លាំង នគរបាលដេញតាមបង្ក្រាប និងចាប់ខ្លួន ខណៈបក្ខពួកទាំង២នាក់នោះ បានរត់គេចខ្លួនបាត់។

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបដៃ ពីជនរងគ្រោះដែលកំពុងជិះម៉ូតូ ជាមួយប្តី បានសម្រេច ប៉ុន្តែពេលបើកគេចនោះក៏ជ្រុល ទៅបុកម៉ូតូអ្នកដំណើរ បណ្តាលឲ្យដួលជ្រុះកាបូប ហើយត្រូវបាននគរបាល ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ចាន់ ពិសិដ្ឋ ជាសិស្សវិទ្យាល័យបឹងត្របែក រួមនឹងម៉ូតូជិះធ្វើសកម្មភាព ម៉ាក Honda C125 ព័ណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FT-9090 ព្រមទាំងដកហូតកាបូបជនរងគ្រោះ មកវិញផងដែរ ដែលក្នុងនោះមានលុយ១០ដុល្លារ ទូរស័ព្ទចុចពិល មួយគ្រឿង ចំណែកពីរនាក់ទៀតគេចខ្លួនរួចបាត់។

មន្ដ្រីដដែលបានបន្ថែមថា បើតាមចម្លើយសារភាព ពីជនសង្ស័យបានឲ្យដឹងថា បក្ខពួកដែលរត់គេចខ្លួនទាំង២នាក់ ទី១-ឈ្មោះ វង្ស ស៊ីថា អាយុ១៥ឆ្នាំ ជាអ្នកឆក់ និងទី២-ឈ្មោះ ចិន អាយុ១៩ឆ្នាំ ជាអ្នកជិះម៉ូតូបិទគូថ។ ចំណែកជនរងគ្រោះឈ្មោះ មុត ចន្ថា អាយុ៦១ឆ្នាំ ស្នាក់នៅ ផ្ទះលេខ២០៧បេ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសួរនាំ ដើម្បីស្រាវជ្រាវ រកបក្ខពួកដែលរត់គេចខ្លួន យកផ្ដន្ទាទោស តាមច្បាប់៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ស្ត្រីម្នាក់ត្រូវក្រុមអាជីវករ ឃាត់ខ្លួនប្រគល់ឲ្យ នគរបាលប៉ុស្ដិ៍ទួលសង្កែ ក្រោយឆក់កាបូបលុយ មិនបានសម្រេច ។ គួររំលឹកផងដែរថា ស្ត្រីម្នាក់ត្រូវបានក្រុមអាជីវករ ឃាត់ខ្លួនភ្លាមៗប្រគល់ឲ្យ កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ យកទៅសួរនាំ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយ ពីស្ត្រីរងគ្រោះម្នាក់ ដែលកំពុងឈរលក់ដូរ មិនបានសម្រេច។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅត្រង់ចំណុចក្នុងផ្សារទំនប់ ហៅផ្សារងិនអាន ស្ថិតក្នុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងតែ ឈរលក់ដូរ ដូចសព្វដង នៅក្នុងផ្សារ ខណៈនោះស្រាប់តែលេចមុខស្ត្រី ត្រូវជនសង្ស័យមកធ្វើសកម្មភាព ឆក់យកកាបូបលុយតែម្ដង និងព្យាយាមរត់ ប៉ុន្តែរត់មិនរួចត្រូវស្ត្រីរងគ្រោះ និងក្រុមអាជីវករជួយ ចាប់ឃាត់ខ្លួនបានភ្លាមៗនៅ និងកន្លែងកើតហេតុដោយដកហូតបាន កាបូបលុយមកវិញផងដែរ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងទៀតថា ស្ត្រីសង្ស័យជាចោរឆក់មានឈ្មោះ វេន ស្រីវឿន អាយុ២០ឆ្នាំ មានមុខរបរមិនពិត ប្រាកដស្នាក់នៅ ភូមិស្រែអំបិល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិត្រពាំងក្ដារ ឃុំត្រពាំងក្ដារ ស្រុកដងទង់ ខេត្តកំពត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]