(អូស្ត្រាលី)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល​ផ្ទាំងរូបភាព ផ្សព្វផ្សាយពីកម្មវិធី «កំពូលតារាបង្ហាញម៉ូដកម្ពុជា» (Cambodia Next Top Model) បានដាក់រូបភាព របស់អ្នកនាង យ៉ាន លីនដា ធ្វើជាពិធីការីនី ជំនួស អ្នកនាង យុគ ចិន្តា ធ្វើឲ្យអ្នកគាំទ្រ អ្នកនាង យ៉ាន លីនដា ជាច្រើនបង្ហាញក្ដីសប្បាយចិត្តយ៉ាងខ្លាំង ចំពោះ​ការវិលវិញរបស់​នាង មកក្នុងប្រទេសកម្ពុជាវិញ ពិសេសកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ។ ប៉ុន្តែក្ដីរំពឹង និងការអបអរសាទរ របស់អ្នកគាំទ្រ ត្រូវបានស្កកចិត្ត ព្រោះតែសាមីខ្លួន គឺអ្នកនាង យ៉ាន លីដា បានប្រកាសជាសាធារណៈថា នាងមិនអាចចូលរួម ឬបង្ហាញវត្តមានក្នុងកម្មវិធីនេះ បានទេ ហើយហេតុផលអ្វីឲ្យច្បាស់នោះ ក៏នាងមិនបានបញ្ជាក់ដែរ។

អតីតតារាបង្ហាញម៉ូដ និងជាតារាចម្រៀង អ្នកនាង យ៉ាន លីដា ត្រូវបានគេមើលឃើញថា ប្រសិនបើនាងធ្វើជាពិធីការិនីក្នុងកម្មវិធី «កំពូលតារាបង្ហាញម៉ូដកម្ពុជា» គឺពិតជាមានការគាំទ្រច្រើនខ្លាំង ព្រោះ​ស័ក្តិសមនឹង​សមត្ថភាពរបស់នាង ហើយជានារីដែលពូកែ ក្នុងការតុបតែងខ្លួន និងមានរសនិយមរបរទេសខ្លាំង​។

យ៉ាងណាមិញ ក្រោយពីរូបភាពបង្ហោះ ពេញបណ្ដាញសង្គម អ្នកនាង យ៉ាន លីនដា ដែលកំពុងតែជ្រកកោនលើទឹកដី អូស្ត្រាលី បាន​ចេញមុខបកស្រាយ ក្នុងបណ្ដាញសង្គមរបស់នាងថា «រូបភាពនេះ​បានចរាចរណ៍ លើបណ្ដាញសង្គម ខ្ញុំពិតជាអរគុណ សម្រាប់ការគាំទ្រ​រូបនាង​ខ្ញុំ តែខ្ញុំពិតជានឹង​មិនមានវត្តមាន ក្នុងកម្មវិធី កំពូលតារាបង្ហាញម៉ូដ កម្ពុជានោះទេ!»។ ​កម្មវិធី​ «កំពូលតារាបង្ហាញម៉ូដកម្ពុជា» ត្រូវបានមហាជនមើលឃើញថា ហាក់មិនសូវលេចឮ​ដំណឹងឲ្យទូលំទូលាយសោះ សម្រាប់រដូវកាលទី២នេះ តែបែរជាលេចឮដំណឹងពី​ អ្នកនាង យ៉ាន លីនដា ត្រៀមធ្វើពិធីការិនីទៅវិញ។

កម្មវិធីនេះទៀតសោត គេសង្កេតឃើញ អ្នកនាង យុគ ចិន្តា ហាក់ចេញមុខចេញមាត់ខ្លាំងជាងគេ ព្រោះ​នាងមានតួនាទីធំ​ក្នុងកម្មវិ​ធី។ តារាស្រីប្រុស​នៅប្រទេសកម្ពុជា រួមមាន កញ្ញា មាន សូនីតា, អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់សម្ដែងអារម្មណ៍សោកសៅពេលឮពីការប្រកាស ​ដកខ្លួនចេញពីកម្មវិធី របស់អ្នកនាង យ៉ាន លីនដា ហើយក៏មិនដឹងថា តើនរណាជាអ្នករៀបចំ ផុសស្ទ័រ (ផ្ទាំងរូបភាព) នេះឡើង​ ដែលមានរូបនាង យ៉ាន លីដា ផងដែរ​។

ថ្វីត្បិតតែ​នាង យ៉ាន លីដា បានបដិសេធមិនចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដនេះ ហើយមិនបានប្រាប់ពីហេតុផលក្ដី ក៏អ្នកសិល្បៈ និងមហាជនដឹងថា ការបដិសេធ អាចជាហេតុផលមួយដែល​នាង មិនចង់វិលមកប្រទេសកម្ពុជា​ ដែលជាទឹកដីមួយ ធ្វើឲ្យនាងនឹកឃើញរឿងឈឺចាប់ជាច្រើន ពិសេសទាក់ទងនឹង ប្ដីបំពានប្រើប្រាស់​អំពើហឹង្សាលើរូបនាង ពោល យ៉ាន លីដា មិនចង់ឃើញមុខ លោក យ៉ែម សំអូន ជាស្វាមីតទៅទៀតនោះទេ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា