(សៀមរាប)​៖ បុរសម្នាក់ត្រូវឃាតកបាញ់សម្លាប់នៅកណ្តាលក្រុងសៀមរាប ដោយមិនទាន់ដឹងមូលហេតុ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណ:កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការសើុបអង្កេតករណីឃាតកម្មមួយនេះ។

លោក ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅ​ចំណុច ក្រុមទី​៤ ភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​សៀមរាប​។​

​លោកស្នងការរង បានបន្តថា «សម្រាប់មូលហេតុវិញ យើងមិនទាន់ដឹងនៅឡើយទេ ដោយកំពុងស្រាវជ្រាវសិន»។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ពាក់មួក​ពណ៌​ខ្មៅ ស្លៀកខោ​កាបូ​យ ពណ៌​ទឹកប៊ិច អាវ​ពណ៌​ខ្មៅ ហើយ​មាន​សាក់ រូប​កង​ចាក់ នៅ​ស្មារ​ខាងឆ្វេង មាន​អាយុ​ប្រហែល​ជិត ៣០​ឆ្នាំ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការពិនិត្យ និងស្វែងរកសាច់ញាតិ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  បាញ់រះជិត៣០គ្រាប់ នៅស្រុកអូររាំង​ តែសមត្ថកិច្ច ពុំហ៊ានទម្លាយព័ត៌មាន ។ គួររំលឹកផងដែរថា​ ប្រជាពលរដ្ឋនៅ ស្រុកអូររាំង​ កាលពីរសៀថ្ងៃទី២១ ខែកញ្ញាកន្លងទៅនេះ​ ភ័យស្លន់ស្លោ ស្ទើរនាំគ្នាវិចបង្វិចនាំកូន​ នាំចៅរត់គេចខ្លួនចូលព្រៃ​ ដើម្បីគេចខ្លួនទៅ ហើយ​ដោយសារជនមិនស្គាល់មុខ​ បាញ់រះកាំភ្លើង AK ជិត៣០គ្រាប់​ នៅកណ្តាលស្រុក​ ប្រៀបដូចការ ប្រយុទ្ធគ្នានៅសរភូមិ​។

ប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់​ ហេតុការណ៍បាញ់រះនេះ​ បែរជាគ្មានអាជ្ញាធរស្រុក ឬខេត្តណាហ៊ានក្អក ឬហ៊ានទៅសួរនាំនោះឡើយ​ គ្រាន់តែគេដឹងថា គ្រប់អង្គភាពមានសមត្ថកិច្ច នៅស្រុកអូររាំងបានត្រឹមនាំគ្នាទៅប្រមូលសម្បក កាទូស ទុកតែប៉ុណ្ណោះ។

សមត្ថកិច្ចបានត្រឹមលួចខ្សឹបខ្សៀវគ្នាថា បុគ្គលដែលជាអ្នកបាញ់បោះសេរីពេញស្រុកបានបែបនេះ គឺអ្នកនៅកាងក្រោយខ្នងជាសែស្រឡាយអ្នកមានអំណាចធំទើបគ្មានសមត្ថកិច្ចណាហ៊ានសួរនាំ​ ហើយហេតុការបាញ់រះពេញស្រុកអូររាំង នេះកើតឡើងនៅវេលាម៉ោង១៥៖១២នាទីរសៀលថ្ងៃទី២១ខែកញ្ញា​ ឆ្នាំ២០១៦នៅទីតាំងខាងមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូររាំង ខេត្តមណ្ឌលគិរី​ស្របពេលដែលរសៀថ្ងៃនេះ​ នៅទីបញ្ជាការដ្ឋានខាងលើមានរៀបចំពិធីជប់លៀងផង។

ប្រជាពលរដ្ឋនៅស្រុកអូររាំងក៏ដូចជាសមត្ថកិច្ចផងដែរបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង​ រាល់ពេលមានការផ្ទុះអាវុធជាញឹកញាប់បាននិងកំពុងកើតមានដដែល​ ជាដដែលហាក់បីដូចជាបាននិងកំពុងពង្រីកអំណាច​ ដើម្បីបំបាក់ស្មារតីអាជ្ញាធរនិងប្រជាពលរដ្ឋឲ្យបាក់ស្មារតី​ ដោយសារអំណាចរបស់ក្រុមខ្លួន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]