មណ្ឌលគិរី៖​ ប្រជាពលរដ្ឋនៅ ស្រុកអូររាំង​ នៅរសៀថ្ងៃទី២១ ខែកញ្ញានេះ​ ភ័យស្លន់ស្លោ ស្ទើរនាំគ្នាវិចបង្វិចនាំកូន​ នាំចៅរត់គេចខ្លួនចូលព្រៃ​ ដើម្បីគេចខ្លួនទៅ ហើយ​ដោយសារជនមិនស្គាល់មុខ​ បាញ់រះកាំភ្លើង AK ជិត៣០គ្រាប់​ នៅកណ្តាលស្រុក​ ប្រៀបដូចការ ប្រយុទ្ធគ្នានៅសរភូមិ​។

ប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់​ ហេតុការណ៍បាញ់រះនេះ​ បែរជាគ្មានអាជ្ញាធរស្រុក ឬខេត្តណាហ៊ានក្អក ឬហ៊ានទៅសួរនាំនោះឡើយ​ គ្រាន់តែគេដឹងថា គ្រប់អង្គភាពមានសមត្ថកិច្ច នៅស្រុកអូររាំងបានត្រឹមនាំគ្នាទៅប្រមូលសម្បក កាទូស ទុកតែប៉ុណ្ណោះ។

សមត្ថកិច្ចបានត្រឹមលួចខ្សឹបខ្សៀវគ្នាថា បុគ្គលដែលជាអ្នកបាញ់បោះសេរីពេញស្រុកបានបែបនេះ គឺអ្នកនៅកាងក្រោយខ្នងជាសែស្រឡាយអ្នកមានអំណាចធំទើបគ្មានសមត្ថកិច្ចណាហ៊ានសួរនាំ​ ហើយហេតុការបាញ់រះពេញស្រុកអូររាំង នេះកើតឡើងនៅវេលាម៉ោង១៥៖១២នាទីរសៀលថ្ងៃទី២១ខែកញ្ញា​ ឆ្នាំ២០១៦នៅទីតាំងខាងមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូររាំង ខេត្តមណ្ឌលគិរី​ស្របពេលដែលរសៀថ្ងៃនេះ​ នៅទីបញ្ជាការដ្ឋានខាងលើមានរៀបចំពិធីជប់លៀងផង។

ប្រជាពលរដ្ឋនៅស្រុកអូររាំងក៏ដូចជាសមត្ថកិច្ចផងដែរបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង​ រាល់ពេលមានការផ្ទុះអាវុធជាញឹកញាប់បាននិងកំពុងកើតមានដដែល​ ជាដដែលហាក់បីដូចជាបាននិងកំពុងពង្រីកអំណាច​ ដើម្បីបំបាក់ស្មារតីអាជ្ញាធរនិងប្រជាពលរដ្ឋឲ្យបាក់ស្មារតី​ ដោយសារអំណាចរបស់ក្រុមខ្លួន។

ពាក់ព័ន្ធជុំវិញការបាញ់រះយ៉ាងអនាធិបតេយ្យនៅស្រុកអូររាំងនៅរសៀនេះ​ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំអាចសុំការបំភ្លឺពីអាជ្ញាធរទីនោះទេនៅយប់ថ្ងៃទី២១​ ខែកញ្ញានេះ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកព័ត៌មានមួយផ្សេងទៀតកាលពីលើកមុន មន្រ្តីយោធាម្នាក់ និងសន្តិសុខដែលយាមប្រចាំការនៅហាងខារ៉ាអូខេ ពីរ៉ាមីន ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។

សម្រាប់ករណីនេះត្រូវបានសមត្ថកិច្ចជំនាញ ដាក់ការសង្ស័យថា អាចផ្តើមចេញពីរឿងគំនុំ ដណ្តើមទ្រព្យសម្បត្តិជាមួយប្រពន្ធរបស់ខ្លួន ដែលកំពុងលែងលះគ្នា នៅឯតុលាការ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះថា ជនរងគ្រោះមានឈ្មោះ លី សុងហេង អាយុជាង៥០ឆ្នាំ រស់នៅផ្ទះវីឡា ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លោកបានបន្តថា ជនរងគ្រោះជាមន្រ្តីយោធាម្នាក់តែឥឡូវ ហាក់បីដូចជាខូចចិត្ត ហើយដូចជាបានឈប់ពីការងារ គិតតែដើរផឹកសីុតាមហាង។

ជនរងគ្រោះមានកូនប្រុស២នាក់ និងកំពុងតែលែងលះជាមួយប្រពន្ធ នៅឯតុលាការ រឿងចែកទ្រព្យសម្បត្តិ តែមិនទាន់ដាច់ស្រេច។ មុនពេលកើតហេតុ ជនរងគ្រោះទៅច្រៀងនៅខារ៉ាអូពីរ៉ាមីន ហើយរាល់ដងតែងតែជិះ តាក់សីុទៅផ្ទះ ប៉ុន្តែយប់មិញ អត់មានតាក់សីុ ក៏ពឹងសន្តិសុខហាង ឲ្យជួយជូនទៅ ស្រាប់តែកំពុងជិះតាមផ្លូវ ក៏លេចមុខជនបង្ក មកបាញ់២គ្រាប់ បណ្តាលឲ្យចំ៤កន្លែង រួចក៏ផ្លាតត្រូវសន្តិសុខនោះដែរ។

ក្រោយបាញ់ប្រហារហើយ ជនបង្កបានបើកម៉ូតូគេចខ្លួនបាត់ទៅ ខណ:នេះកម្លាំងនគរបាល កំពុងតាមស្រាវជ្រាវ។ សម្រាប់ជនរងគ្រោះទាំង២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]