រាជធានីភ្នំពេញ ៖ កាលពីមុនចាកចេញទៅប្រកួតនៅអូឡាំពិក កីឡាការិនីស៊ន សៀវម៉ី បានប្រកាសប្រាប់ថា នាងនឹងប្រឹងប្រកួតយកមេដាយក្នុងព្រឹត្តិការណ៍នេះឱ្យបានដាច់ខាត ដើម្បីនាំយកមកវិញនូវមុខមាត់ជាតិនៅលើឆាកអន្តរជាតិផង និងដើម្បីឱ្យនាងសប្បាយចិត្តក្នុងការរៀបចំគូជីវិតដោយអារម្មណ៍ជ្រះស្រឡះនោះផង ។ នៅក្រោយការប្រកួតចាញ់ នាងក៏នៅតែរក្សាជំហរភ្ជាប់ពាក្យដើម្បីបំពេញចិត្តគូស្នេហ៍ផងដែរ ប៉ុន្តែព័ត៌មានចុងក្រោយនាងបានបញ្ជាក់ថា សុខចិត្តពន្យារពេលភ្ជាប់ពាក្យនោះហើយ ដោយសារតែជង្គង់ដែលមានរបួសរបស់នាងមានសភាពរើឡើងវិញ ។
ដំណឹងមួយនេះ គេចាត់ទុកថាជារឿងភ្ញាក់ផ្អើលមួយថ្មី ខណៈដែលស៊ន សៀវម៉ី ក្នុងពេលកន្លងមកហាក់មិនបានលើកឡើងពីបញ្ហារបួសឱ្យគេបានដឹងនោះទេ ប៉ុន្តែនៅក្នុងពេលនេះស្រាប់តែនាងបញ្ជាក់ថា ជង្គង់មានអាការធ្ងន់ធ្ងរដែលអាចប្រឈមការវះកាត់ ។ នាងអះអាងថា ដោយសារតែការប្រកួត និងហ្វឹកហាត់តេក្វាន់ដូទើបបណ្ដាលឱ្យជង្គង់របស់នាងមានរបួស ហើយបើទោះជាបានព្យាបាលដល់ក្រៅប្រទេសក៏បានត្រឹមតែទប់កុំឱ្យមានបញ្ហាធ្ងន់ធ្ងរជាងមុនប៉ុណ្ណោះ។ នាងថា ជង្គង់ដែលបានធ្វើទុក្ខចាប់ផ្ដើមរើឡើងវិញបន្ទាប់ពីនាងចូលប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក ខណៈដែលក្នុងពេលនេះ ស្ថានភាពធ្វើទុក្ខកាន់តែមានសភាពធ្ងន់ធ្ងរ។ នាងនិយាយថា របួសរបស់នាងគ្រូពេទ្យកូរ៉េតម្រូវឱ្យនាងវះកាត់ ប៉ុន្តែបើនាងឆ្លងកាត់ការវះកាត់គឺមិនអាចដូចដើមនោះទេ ក្នុងពេលដែលអ្នកណាក៏ដឹងថា ជង្គង់របស់នាងមានសារសំខាន់បំផុតសម្រាប់ការប្រកួតមួយលើកៗ ។
នាងនិយាយថា៖«ជង្គង់ហ្នឹងមានរបួសយូរហើយប៉ុន្តែខ្ញុំចេះតែលេប និងលាបថ្នាំព្យាបាល ឥឡូវវាធ្វើទុក្ខមែនទែន បើចង់ជាទាល់តែវះកាត់ ហើយខ្ញុំអត់ចង់វះព្រោះវាប៉ះពាល់ការប្រកួតក្រោយៗទើបចេះតែទ្រាំ!»។ នាងថា គ្រូបង្វឹកជាជនជាតិកូរ៉េកំពុងរកមធ្យោបាយបញ្ចៀសនាងពីការវះកាត់ និងកំពុងឱ្យនាងធ្វើចលនា និងប្រើថ្នាំជាមួយគ្រូជំនាញម្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីកុំឱ្យការវះកាត់ធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពផ្នែកជង្គង់របស់នាង។ សៀវម៉ីបញ្ជាក់ថា រហូតដល់ខែឧសភា ឆ្នាំ២០១៧ ទើបនាងមានការប្រកួតជាថ្មីម្ដងទៀត អ៊ីចឹងនាងមានឱកាសសម្រាកព្យាបាលជង្គង់នៅក្នុងរយៈពេលនេះ ។ ជាមួយនឹងការធ្វើទុក្ខជំងឺចាស់នេះហើយ ទើបនាងសម្រេចចិត្តពន្យារពេលភ្ជាប់ពាក្យដោយមិនទាន់កំណត់នៅឡើយ ។
ការទម្លាយរបស់នាងធ្វើឱ្យមានក្ដីបារម្ភពីស្រទាប់មហាជន ជាពិសេសក្នុងពេលដែលនាងស្រាប់តែទម្លាយឱ្យដឹងពីបញ្ហាមុខរបួស និងឈានដល់ការពន្យារពេលភ្ជាប់ពាក្យ ។ មានការលើកឡើងថា សមត្ថភាពប្រកួតរបស់ស៊ន សៀវម៉ី នឹងធ្លាក់ចុះដោយសារតែនាងមិនព្រមវះកាត់ឱ្យជាសះ១០០ភាគរយ ហើយបើនាងសុខចិត្តទទួលយកការវះកាត់តើនឹងមានការប៉ះពាល់ដល់ការប្រកួតរបស់នាង ឬយ៉ាងណា? ក្នុងនោះក៏មានការបារម្ភជុំវិញស្នេហារបស់នាងផងដែរ ដោយសារតែនាងទើបនឹងប្រកាសថាភ្ជាប់ពាក្យធ្វើឱ្យមាន ការចាប់អារម្មណ៍ស្រាប់តែត្រូវលុបចោលទៅវិញកណ្ដាលទី បណ្ដាលឱ្យមានការប៉ាន់ស្មានថា គូស្នេហ៍របស់នាងទំនងជាអន់ចិត្ត ។ យ៉ាងណាមិញ កីឡាការិនីរូបនេះបានអះអាងថា ផ្លូវចិត្តរបស់នាងអត់មានបញ្ហាជាមួយគូស្នេហ៍នោះទេ ដោយគូស្នេហ៍របស់នាងបានទាំងបើកចិត្តទូលាយទទួលយកការពន្យារពេលភ្ជាប់ពាក្យរបស់នាងនោះផង ។
នាងនិយាយថា៖ «ខ្ញុំឥឡូវអត់មានគិតរឿងភ្ជាប់ពាក្យ ឬរៀបការអីទេ ដោយសារតែជង្គង់របស់ខ្ញុំស្រាប់តែឈឺ!» ។ នាងថា បុរសដែលនាងស្រឡាញ់អត់មានសតិអារម្មណ៍ដោយសារតែនាងលើកពាក្យភ្ជាប់ពាក្យនោះទេ ។ ផ្ទុយទៅវិញគឺមានតែអាណិត និងយល់ថា នាងគួរតែបានសម្រាកព្យាបាលជង្គង់ឱ្យបានល្អសិន ចាំគិតរឿងអនាគត ។ ស៊ន សៀមម៉ី បញ្ជាក់ថា រវាង នាង និងបុរសឈ្មោះ ណាយ មានទំនាក់ទំនងគ្នាមិនក្រោម៣ឆ្នាំទេក្នុងនាមសង្សារ ហើយក៏ស្គាល់ចិត្តបុរសម្នាក់នេះច្បាស់លាស់ណាស់ដែរ ទើបសម្រេចចិត្តពន្យារភ្ជាប់ពាក្យ ដើម្បីទុកពេលមើលជង្គង់ និងបន្តការប្រកួតដែលនាងស្រឡាញ់ពេញចិត្តនោះសិន ។
ស៊ន សៀវម៉ី បានអះអាងថា រវាងនាង និងបុរសគូស្នេហ៍ គឺពិតជាបានយល់គ្នាកាន់តែច្រើននាពេលចុងក្រោយ ហើយនាងក៏មានជំនឿចិត្តផងដែរថា ការពន្យារពេលភ្ជាប់ ពាក្យនឹងមិនប៉ះពាល់ដល់ជីវិតស្នេហាដែលបានផ្ដើមឡើងប្រមាណជា៣ឆ្នាំចុងក្រោយ ។ នាងថា អ្វីៗមិនមែនជាឧបសគ្គទៀតទេសម្រាប់ស្នេហា ប៉ុន្តែអ្វីដែលជាបញ្ហាធ្វើឱ្យនាងបារម្ភនោះ គឺការប្រកួតនឹងធ្លាក់ដៃជាងមុន ដោយសារតែជង្គង់របស់នាងស្រាប់តែពឺត ហើយខាងគ្រូបង្វឹកទទូចកុំឱ្យធ្វើការវះកាត់បែបនេះ ។ គិតមកដល់ពេលនេះ ស៊ន សៀវម៉ី មានអាយុ២២ឆ្នាំ ខណៈដែលគូស្នេហ៍របស់នាងមានវ័យប្រមាណជាង៣០ឆ្នាំ បងនាងជាង១០ឆ្នាំ ៕
ប្រភព៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នៅព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ថោង ខុន តំណាងឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហពន្ធកីឡាជាតិ ព្រមទាំងគ្រួសារកីឡាទាំងអស់ផ្ញើនូវក្តីសង្ឃឹមយ៉ាងមុតមាំលើ វរកីឡាការនី កញ្ញា ស៊ន សៀវម៉ី និងសូមជូនពរដល់កញ្ញា សូមទទួលបានសុខភាពល្អកំលាំង ពលំខ្លាំងក្លាមាំមួន បញ្ញាវាងវៃ ដើម្បីដណ្តើមបានមេដាយ ជូនជាតិមាតុភូមិ ក្នុងការប្រកួតកីឡា តេក្វាន់ដូ នៅ Rio Game 2016 ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ នៅថ្ងៃទី២០ ខែសីហាខាងមុខនេះ។
សូមបញ្ជាក់ថា ស៊ន សៀវម៉ី នឹងចាប់ផ្តើមប្រកួតដំបូងក្នុង Rio 2016 នៅថ្ងៃទី២០ សីហា ក្នុងវគ្គ១៦នាក់ ដែលត្រូវជួបកីឡាការិនីជើងខ្លាំងហូឡង់ ដែលមានកម្ពស់ ១.៧៩ម៉ែត្រ ប្រភេទកីឡាតេក្វាន់ដូ វិញ្ញសាទម្ងន់លើស ៦៧គីឡូក្រាម (+67kg) ដែលមាន ១៦ប្រទេសប៉ុណ្ណោះ មានវិញ្ញាសាទម្ងន់ធ្ងន់នេះ។
យ៉ាងណាមិញ កីឡាការិនីកម្ពស់ ១,៨៣ម៉ែត្រ អាចនឹងទៅជួបកីឡាការិនីម៉ិចស៊ិក Maria Espinoza ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើប្រកួតឈ្នះ កីឡាការិនីអាមេរិក ហើយប្រសិនបើឈ្នះទៀត អាចនឹងឡើងទៅជួបចិន ដើម្បីដណ្តើមយកមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២១ ខែសីហា ដែលជាថ្ងៃចុងបញ្ចប់ព្រឹត្តិការណ៍ Rio Olympic Games 2016៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]