ធម្មតាយើងបានដឹងច្បាស់រួចមកហើយថា អាហារជប៉ុនភាគច្រើនគឺមិនសូវ សម្បូរជាតិខ្លាញ់ច្រើននោះទេ ឬបើមានក៏នៅក្នុងបរិមាណតិចតួចណាស់។ ហើយជាទូទៅគឺគេនិយម ទទួលទានត្រីឆៅ និងប្រភេទអាហារស៊ូស៊ី ដែលអាចជួយក្នុងការសម្រកទម្ងន់បានយ៉ាងលឿននិងជាការបរិភោគដើម្បី លើកស្ទួយអាហារប្រចាំជាតិរបស់ខ្លួនផងដែរ។ចំណែកឯនារីៗដែលមានរូបរាង ស្រស់ស្អាតវិញពីព្រោះពួកគេមានអាថ៌កំបាំង នៅក្នុងការទទួលអាហារដើម្បី សម្រកទម្ងន់ប្រចាំខ្លួន។

ចង់ដឹងអាហារទាំង៣មុខនោះ មានអ្វីខ្លះ? មានតែទៅតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១.បញ្ចុះទម្ងន់ជាមួយនឹងស្ពៃក្តោប៖ រូបមន្តនេះគឺពិតជាទាន់សម័យខ្លាំងណាស់ នៅក្នុងចំណោមស្ត្រីជនជាតិជប៉ុនវ័យក្មេង។ វាត្រូវបានគេនាំយកទៅផ្សព្វផ្យាយនៅ លើកញ្ចក់ ទូរទស្សន៍ជារឿយៗ និងបានទទួលការពេញនិយមជាច្រើនផងដែរ ព្រោះដោយសារតែវាមានភាពងាយស្រួលក្នុងការធ្វើ។ ពិសេសមិនចាំបាច់ចំណាយ ថវិការ ឬពេលវេលាយូរ ថែមទាំងមានសុវត្ថិភាព និងឃើញលទ្ធផលឆាប់រហ័ស។

• របៀបធ្វើនោះគឺ៖ គ្រាន់តែជ្រើសទិញយកស្ពៃក្តោបណាស្រស់ៗល្អ ហើយយកវាមក លាងទឹកឱ្យស្អាត ពុះកាត់ជា៤ដុំ បន្ទាប់មកបរិភោគវា១ដុំលាយជាមួយ ទឹកសាឡាត់ (Mayonnaise) ដែលមានជាតិខ្លាញ់ទាប មុនពេលអាហារជារៀងរាល់ពេល។ នេះគឺដោយសារស្ពៃក្តោបគឺជាអាហារដែលមានជាតិសរសៃបន្លែខ្ពស់ ដែលអាច បណ្តាលឱ្យពោះវៀនក្រពះមានដំណើរការស្រួល និងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត ដោយមិនត្រូវការបរិភោគបាយតាមក្រោយក៏បាន ឬក៏បរិភោគបាយតិចជាងមុន។ ហេតុផលទើបបានជាស្រ្តីជប៉ុនមានរូបរាងស្គមស្អាត មិនថាទោះជាឈានចូល ដល់វ័យណាក៏ដោយ។

២. បញ្ចុះទម្ងន់ជាមួយការ៉ុត និងសាច់ទ្រូងមាន់៖ រូបមន្តនេះគឺជាល្អសម្រាប់មនុស្ស ដែលមិនចូលចិត្តតមការបរិភោគអាហារ ព្រោះចំណីទាំង២មុខនេះ ទោះទទួលទាន យ៉ាងណាក៏មិនធាត់ដែរ។ ការ៉ុតមានជាតិសរសៃអាហារខ្ពស់ធ្វើឱ្យក្រពះឆ្អែត ឯទ្រូងសាច់មាន់វិញ គឺស្ទើរតែគ្មានជាតិខ្លាញ់បន្តិចសោះ។

• របៀបធ្វើគឺ៖ គួរទទួលទានវានៅពេលល្ងាច ដោយការនាំយកការ៉ុតមកបរិភោគ ស្រស់ៗក្នុងមួយពេលៗ១-២មើម ឬយកទៅស្ងោរបន្តិចក៏បាន។ ចំណែកឯទ្រូងមាន់ វិញអាចយកទៅចម្អិនដោយលាយគ្រឿងតាមចំណង់ចំណូលចិត្តរួចយកទៅ ប្រឡាក់ចៀន ដុត ឬស្ងោរជាដើម។

៣.បញ្ចុះទម្ងន់ជាមួយចេក និងទឹក៖ រូបមន្តនេះក៏មានភាពពេញនិយមណាស់ដែរ ព្រោះវាងាយធ្វើហើយទទួលបានផលលឿន។ ឯផ្លែចេក និងទឹកក៏ជារបស់ងាយរក ថែមទាំងមានគុណសម្បត្តិយ៉ាងវិសេសវិសាសឥតខ្ចោះសម្រាប់មនុស្សគ្រប់វ័យ។

• របៀបធ្វើ៖ បរិភោគអាហារពេលព្រឹកជាធម្មតា បន្ទាប់មកងាកមកបរិភោគ ចេកទុំ២-៣ ផ្លែ លាយជាមួយទឹកក្នុងបរិមាណសមល្មម។ ដឹងទេថា នៅពេលដែលជាតិសរសៃដែលមាននៅក្នុងផ្លែចេក ជួបជាមួយទឹកសុទ្ធ វានឹងទៅបំបែកខ្លួននៅក្នុងពោះរបស់យើង ហើយវានឹងជួយឱ្យក្រពះ មានដំណើរការល្អ និងជួយបំបាត់ជាតិពុលចេញពីពោះវៀនធំឱ្យបានស្អាត។ ក្រៅពីនេះក៏គួរបរិភោគវានៅពេលល្ងាចដែរ ព្រោះកំណកជាតិខ្លាញ់ក្នុងសរសៃឈាម ក៏ត្រូវបានជាតិសរសៃរបស់ផ្លែចេកបណ្តេញបានយ៉ាងល្អ។ គួរទទួលទានរយៈពេល៤ម៉ោងមុនចូលគេង និងព្យាយាមកុំញ៉ាំអ្វីទៀតឱ្យសោះ។ បើឃ្លានគួរផឹកទឹកដោះគោធម្មតាមួយកែវបានហើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]