អូស្ដ្រាលី៖ មានអ្នកគាំទ្រ Apple រាប់រយនាក់ ដែលមកពីទីជិត និងឆ្ងាយនាំគ្នាបោះតង់ រង់ចាំនៅខាងក្រៅហាង Apple អស់រយៈពេល ២ថ្ងៃ ដើម្បីជាវទូរស័ព្ទដៃ iPhone 7 ក៏ដូចជា បុរសម្នាក់បានហោះពីបាងកក ប្រទេសថៃ មកសីុដនី ប្រទេសអូស្ដ្រាលី ដោយចំណាយប្រាក់ប្រមាណ ៨០០ដុល្លារអូស្ដ្រាលីក្នុងការធ្វើដំណើរ ក្នុងគោលបំណងមួយនេះដូចគ្នា កាលពីថ្ងៃសុក្រ ម្សិលមិញនេះ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសក្លាហានរូបនេះមានឈ្មោះ Attapon 'Tom' Thaphaengphan អាយុ ៣០ឆ្នាំ បានមកកាន់ហាង Apple ដែលមានទីតាំងនៅលើផ្លូវ George ក្នុងស៊ីដនី កាលពីម៉ោង ២ថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ដើម្បីតំរង់ជួរទិញទូរស័ព្ទ iPhone 7 ដែលនឹងបើកសម្ពោធលក់ជាលើកដំបូងនៅថ្ងៃសុក្រ ដោយដាក់កៅអីអង្គុយរង់ចាំ ទាំងត្រជាក់ និងភ្លៀង ហើយបើតាមឯកសារដែលបុរសនេះបាន ថតទុកនៅក្នុងហ្វេសប៊ុក តាំងពីថ្ងៃទៅដល់អូស្ដ្រាលីជាលើកដំបូង កាលពីថ្ងៃច័ន្ទ រូបគេបានធ្វើដំណើរកម្សាន្ដទៅលេងផ្ទះមិត្ដភិក្ដ និងទៅមើល Opera House ផងដែរ។

រូបភាព លោក Attapon 'Tom' Thaphaengphan

ស្របពេលនោះ Thaphaengphan ក៏ធ្វើការផលិតវីដេអូ សម្រាប់វេបសាយថៃមួយឈ្មោះ iPhoneMod ដែលជាកន្លែងធ្វើការរបស់ខ្លួន ដែលនៅក្នុងវីដេអូនោះ រូបគេបានធ្វើការពិភាក្សាជាភាសាថៃ ដូចជា ទៅលើទូរស័ព្ទប្រភេទថ្មីនេះ, ការបើកសម្ពោធនៅក្នុងទីក្រុងស៊ីដនី និងការឈរជាជួរនៅខាងក្រៅហាងនេះផងដែរ មុននឹងហាងបើកទ្វារ។ គ្រាន់តែហាងបើកទ្វារភ្លាម រូបគាត់ក៏ទទួលបានទូរស័ព្ទថ្មី iPhone 7 Plus ពណ៌មាស ជាមួយនឹងសារមួយឃ្លាថា រង់ចាំអស់១៩ម៉ោង ឥលូវវានៅទីនេះ!

គួរបញ្ជាក់ថា Thaphaengphan គឺជាអ្នកតំរង់ជួរដ៏ខ្លាំងក្លាម្នាក់ក្នុងចំណោម ២០០នាក់ផ្សេងទៀត ដែលមានទីតាំងល្អ ដើម្បីទទួលបានទូរស័ព្ទដៃថ្មីនេះ កាលពីថ្ងៃសុក្រពេលព្រឹក ម្សិលមិញនេះ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ Apple បានព្យាយាមប្រើប្រាស់វិធីសាស្ដ្រធ្វើឲ្យអ្នកទិញសប្បាយចិត្ដ តាមរយៈការបញ្ចូលថ្មទូរស័ព្ទ និងផ្ដល់អ៊ិនធើណេត wi-fi ឲ្យប្រើប្រាស់ មិនគិតប្រាក់រយៈពេល ២៤ម៉ោង ហើយអតិថិជន អាចទិញទូរស័ព្ទ iPhone 7 ក្នុងតម្លៃ ១០៧៩ដុល្លារអូស្ដ្រាលី ប្រមាណ ៨០៧ដុល្លារអាមេរិក ឬ iPhone 7 plus ១២៧៩ដុល្លារអូស្ដ្រាលី ប្រមាណ ៩៥៧ដុល្លារអាមេរិក ដែលតម្លៃនឹងកើនឡើងទៅតាម ទំហំផ្ទុកអង្គចងចាំ៕

ទិដ្ឋភាពអ្នករង់ចាំនៅខាងក្រៅហាង

ប្រភព៖ Dailymil

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]