ភ្នំពេញ៖ អតីតតារាសម្តែង អ្នកនាងសឿ សុធារ៉ា ប្រកាសវិលចូលប្រឡូក ក្នុងវិស័យសិល្បៈវិញ សុំត្រឹមតួរង ឬជាតួណាមួយ ដែលសមរម្យ ក្រោយពីបោះបង់ អស់ពេលជាច្រើនឆ្នាំ ។ ការអះអាងនេះ ត្រូវបានប្រកាសនៅពេលដែលអ្នកនាង ចូលរួមកម្មវិធីតន្ត្រីសប្បុរសធម៍ របស់សកលវិទ្យាល័យន័រតុន កាលពីថ្មីៗនេះ ។

អ្នកនាងសឿ សុធារ៉ា ភរិយាលោកសាពូន មីដាដា បាននិយាយថា ចាប់ពីពេលនេះតទៅ នាងនឹងតាំងចិត្តវិលមកប្រឡូក ក្នុងវិស័យសិល្បៈ ជាថ្មីម្តងទៀត អោយកាន់តែល្អប្រសើរជាងមុន ដោយមិនប្រាថ្នាធ្វើជាតួឯក សុំត្រឹមតួរង ឬជាតួណាមួយ ដែលសមរម្យនឹងសម្តែង ។ អ្វីដែលធ្វើឱ្យនាងខកខាន ជាច្រើនឆ្នាំមកនេះ គឺជាប់រវល់នៅមើលថែកូនស្រី សំណប់ចិត្ត ជាចំណងដៃដ៏ថ្លៃថ្លារ របស់ព្រះមុនីឥសីបានប្រទានឱ្យ។ 

ភរិយារូបស្រស់ របស់លោកសាពូន មីដាដា បានបន្តដោយទឹកមុខស្រស់ថ្លា ថា មកទល់ពេលនេះកូនស្រីខ្លួន មានអាយុ៥ឆ្នាំហើយ ដូច្នេះនាងមានពេលគ្រប់គ្រាន់ សម្រាប់ប្រឡូកក្នុងវិស័យនេះ ឡើងវិញ ។

ទោះយ៉ាងណា ការសម្រេចចិត្តបែបនេះ ក៏មិនទាន់មានផលិតកម្មណាមួយ មកចែរចូវដែរ សង្ឃឹមថា នាពេលខាងមុខនេះ នឹងមានការទំនាក់ទំនង មកជាហូរហែរ ។ តារាសម្តែងស្រីរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ ជាថ្ងៃដែលនាងបើកទំព័រថ្មី ក្នុងកម្មវិធីតន្ត្រីសប្បុរសធម៍ របស់សកលវិទ្យាល័យន័រតុន ស្វែងរកថវិកាទៅជួយ មន្ទីរពេទ្យគន្ធបុប្ផា។

សូមរំលឹកថា តារាសម្តែងសាច់ខ្ចី សឿ សុធារ៉ា និង សាពូន មីដាដា បានរៀបអាពាហ៍ពិពាហ៍ ៣យប់ ៣ ថ្ងៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅ ណាហ្គាវើល។ រហូតមកដល់ពេលនេះ អ្នកទាំងពីរ បានទទួលចំណងដៃកូនស្រីឈ្មោះ សាពូន ដារ៉ាពិមាន ដែលទើបមានអាយុ៥ឆ្នាំ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្ដែងល្បីឈ្មោះ មានរូបសម្រស់ស្រស់សោភា អ្នកនាង សឿ សុធារ៉ា ត្រូវបានគេមើលឃើញថា អ្នកនាងហាក់បាត់ទីផ្សារ​​​​សម្ដែងសូន្យឈឹង ខណៈដែលតារាថ្មីៗ រះព្រោងព្រាត មានការងារធ្វើស្ទើរ​តែរកពេលសំរាកគ្មាន ប៉ុន្តែនាងមិនមានអ្វីសម្ដែងជា​ដុំកំភួនឡើយ ​ព្រោះតារាសម្ដែងថ្មី សម្ដែងរឿងច្រើនគគោក​ ឯរូបសម្រស់ក៏ស្រស់សោភា​ជាងនាង។ ថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា បាននាំកូនស្រីបណ្ដូលចិត្ត ដើរលេងនៅក្រៅប្រទេស និងបានទិញសម្ភារប្រើប្រាស់ មានតម្លៃរាប់ពាន់ដុល្លារ។

តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ហាក់បង្កប់ភាពមិនសូវសប្បាយចិត្តជាច្រើន ព្រោះបើក្រឡេកមើលពីសង្គមការងារ និងមុខរបររបស់នាង ជាពិសេសសំអាងការ​ ​ក៏មិនសូវមានប្រជាប្រិយភាពដូចមុនដូចគ្នា ខណៈកេរ្តិ៍៍ឈ្មោះ​ក៏ដាំក្បាលចុះ ស្ទើរតែហៅលែងឮទៅហើយ។ រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង សឿ សុធារ៉ា ​ថ្វីត្បិតតែមើលទៅ រកប្រាក់ចំណូល​មិនសូវបានច្រើនក្ដី ប៉ុន្តែអ្នកនាងមិនបានធ្លាក់ខ្លួន ដុនដាប​អ្វីឡើយ ពោលកម្រិតជីវភាពរបស់នាង និងគ្រួសារនៅតែមានលក្ខណៈធូរធាដដែល ជាក់ស្ដែងថ្មីៗនេះ អ្នកនាង​បាននាំកូនស្រី គឺ​កុមារី តារា ពិមាន ដើរកំសាន្តក្រៅប្រទេស ទោះបីអវត្តមានសា្វមី​ គឺលោក សាពូន មីដាដា ក៏ដោយ។

អ្នកនាង សឿ សុធារ៉ា ក្រៅពីនាំកូនស្រីដើរ​លេង​ក្រៅប្រទេស ​នាងក៏បានបង្អួតកាបូបថ្មីម៉ាក «អិលវី» ដែល​​បានទិញពីប្រទេសថៃ តម្លៃជាង២ពាន់ដុល្លារ ​​ហាក់ប្រាប់ទស្សនិកជនថា អ្នកនាងក៏ជាតារាប្រើសម្ភារៈម៉ាកល្បីៗនឹងគេដែរ​។ ​សឿ សុធារ៉ា មិនត្រឹមតែបានទិញរបស់របរទាំងនោះទេ ​ថែមទាំងបានថត​ហាង និង សកម្មភាពទាំងស្រុង ពេល​នាងទិញកាបូបតម្លៃថ្លៃ​ទាំងនោះផងដែរ ព្រោះក្នុងសង្គមសិល្បៈបច្ចុប្បន្ន ច្រើនតែផ្ចាញ់ផ្ចាលគ្នា ថាទិញរបស់កូពី គ្មានគុណភាព​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា