(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារឆ្លងចរន្តអគ្គិសនី ក្រោយពីយកដុំម៉ូទ័របូមទឹកទៅដាក់ក្នុងទឹកអូរ រួចដោតព្រីភ្លើងជាប់នឹងសសរទាំងដៃនៅសើម។ ហេតុការណ៍នេះ កើតឡើងនៅចំណុចអូរសាបមាត់លើ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា បុរសដែលស្លាប់នោះ មានឈ្មោះ ភឹម សុខឃឿន អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ ពុំ កេសី អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកអធិការបន្ដថា នៅវេលាម៉ោង១១៖៥០នាទីព្រឹកម្សិលមិញ ជនរងគ្រោះបានយកដុំម៉ូទ័របូមទឹក ទៅដាក់ក្នុងទឹកអូរ ហើយប្រហែលជាទទឹកខ្លួន ឬសើមដៃ គាត់ក៏បានដោតព្រីភ្លើងជាប់នឹងសសរ ពេលដោតទៅស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ 

ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនគាត់ទៅមណ្ឌលសុខភាព ដើម្បីជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនមានបុរសម្នាក់បានស្លាប់ ដោយសារ លើកដែកប៉ះខ្សែកាបឆ្លងចរន្តអគ្គិសនី នៅស្រុកល្វាឯម។

ជនរងគ្រោះម្នាក់បានស្លាប់ ខណៈក្រុមគ្រួសារបានបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារ លើកដែកប៉ះចំខ្សែកាប មានចរន្តអគ្គិសនីបណ្ដាលឲ្យឆក់។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះឈ្មោះ នួន សារ៉េត ស្ថិតនៅភូមិអរិក្សត្រ ឃុំអរិក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកវរៈសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៉ីវ អំណត់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិតាជោ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវ (ជាប្អូនបង្គើត) ឈ្មោះ អ៉ីវ ចំនិត្យ និង២នាក់បងប្អូនបានទៅស៉ីឈ្នួលម៉ៅការ ធ្វើដំបូលសំយ៉ាបផ្ទះឲ្យ ឈ្មោះ នួន សារ៉េត នៅភូមិឃុំកើតហេតុ ក្នុងតម្លៃ០១ម៉ែត្រការ៉េ១២.៥$។

លោកអធិការស្រុកបានបន្តទៀតថា ជនរងគ្រោះបានលើកដែកធ្វើសំយ៉ាបផ្ទះ ក៍ប៉ះចំខ្សែកាប (ស្រាត) បណ្តាលឲ្យឆ្លងចរន្តឆក់ ហើយក្រុមគ្រួសារជួយសង្គ្រោះ នាំទៅមន្ទីរពេទ្យសង្គ្រោះមិនទាន់ ក៍បណ្ដាលឲ្យស្លាប់តែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចបច្ចេកទេស បានចុះទៅធ្វើការត្រួតពិនិត្យ ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]