(ភ្នំពេញ)៖ យុវតីពិការដៃទាំង២ឈ្មោះ អ៊ិត ស្រីណប់ បានឆ្លើយតបទៅអ្នកលេងបណ្ដាញសង្គម Facebook ថា នាងជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តាំងពីឆ្នាំ ២០១៥មកម៉្លេះ ដែលកាលនោះ នាងប្រឡងជាប់ទន្ទេស E មិនមែនដូចអ្វីដែលអ្នកលេង Facebook បង្ហោះចែកចាយនាពេលនេះថា នាងជាបេក្ខជនប្រឡងបាក់ឌុបឆ្នាំ ២០១៦នេះ ដោយទទួលបាននិទ្ទេស A នោះឡើយ។

យុវតី អ៊ិត ស្រីណប់ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះថា បន្ទាប់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធប្រឡងបាក់ឌុប ជាផ្លូវការសម្រាប់ឆ្ នាំ២០១៦នេះ ស្រាប់តែមានអ្នកលេង Facebook មួយចំនួនធំ បានយករូបរបស់នាងទៅចែកចាយ ដោយបានសរសេរថា នាងប្រឡងបាននិទ្ទេស A ដូចនេះហើយទើប នាងបានបកស្រាយយ៉ាងច្បាស់ ដើម្បីកុំឲ្យមានការយល់ច្រឡំ និងមានជនខិលខូចមួយចំនួនយករូបរបស់នាងទៅធ្វើអាជីវកម្ម ទំនងចង់យកប្រយោជន៍ផ្ទាល់ខ្លួន (អាចប្រើរូបនាងទៅសុំការជួយឧបត្ថម្ភពីអ្នកផ្សេង)។

នាងបញ្ជាក់យ៉ាងដូច្នេះថា «គេដាក់ខ្ញុំថា បាននិទ្ទេស A ហើយព័ត៌មាននេះវាមិនពិត ខ្ញុំមិនចង់ឲ្យគេនិយាយថា ខ្ញុំជាមនុស្សពិការហើយ ទៅនិយាយព័ត៌មានមិនពិតដើម្បីបោកប្រាស់គេ ដោយពីមុនដំបូងមាន Page មួយបានផុសថា នាងខ្ញុំប្រឡងទទួលបាននិទ្ទេស A ហើយឆ្នាំហ្នឹងទៀត នេះវាខុសពីការពិតទាំងអស់ ខ្ញុំខ្លាចតែគេយករូបខ្ញុំទៅដើម្បីចង់បានប្រយោជន៍អ្វីមួយ ក្នុងការបោកប្រាស់មហាជន»

ជាចុងក្រោយ យុវតី អ៊ិត ស្រីណប់ សូមសំណូមពរដល់អ្នកលេង Facebook ទាំងអស់ថា សូម Share ព័ត៌មានអ្វីដែលជាការពិត ដើម្បីកុំឲ្យមហាជនភ័ន្ដប្រឡំ ហើយចោទនាងថា ជាអ្នកបោកប្រាស់គេអី។

សូមបញ្ជាក់ថា យុវតី អ៊ិត ស្រីណប់ ជាកូនកំព្រាឪពុក មានស្រុកកំណើតនៅភូមិពាមជំនិត ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល បច្ចុប្បន្ន ជានិស្សិតរៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែក IT ហើយការបន្ដសិក្សានេះ ស្ថិតនៅក្រោមការឧបត្ថម្ភទាំងស្រុង ដោយលោករដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម លឹម គានហោ និងជាប្រធានគណៈពង្រឹងស្រុកពញាឮ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា យុវ​សិស្ស​ឈ្មោះ ហ៊ួ​ត យូ​ឡែ​ន អាយុ​១៦​ឆ្នាំ មក​ពី​វិទ្យាល័យ​ហ៊ុន សែន ម៉េ​ង​ហួត ស្វាយ​តា​នា​ន់ ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ពិការ​ដៃ​ទាំង​២ បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ក្នុង​ចិត្ត​ថា «​នៅ​ថ្ងៃ​ដែល​បាន​ឈាន​ជើង​ចូល​ប្រលង​កាលពី​ថ្ងៃ​ទី​២២ និង​២៣​សីហា​កន្លង​ទៅ ដោយ​រំពឹង​ថា​នឹង​ប្រលង​ជាប់​» ដោយ​មើលឃើញ​ពី​សមត្ថភាព​របស់​ខ្លួន ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ។

យុវ​សិស្ស យូ ឡែ​ន ប្រាប់​បន្ត​ទាំង​ញញឹម និង​ចង់​បង្ហូរទឹកភ្នែក​ថា ក្នុង​បន្ទប់​លេខ​១ លេខ​តុ​ទី​៣ សម្រាប់​សិស្ស រួម​ថ្នាក់​ទាំងអស់​ចំនួន​២៥​នាក់ គឺ​បាន​ប្រលង​ជាប់​ចំនួន​១៥​នាក់ ក្នុង​នោះ​ស្រី​៩​នាក់ ដោយ​រូបគេ​បាន​ជាប់​និទ្ទេស E ពិតជា​មាន​ក្តី​រំភើប​ក្នុង​ចិត្ត ។ សម្រាប់​គោលដៅ​របស់​ខ្លួន និង​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ស្នាក់​នៅផ្ទះ​របស់​បងប្រុស ។

យុវ​សិស្ស​ឈ្មោះ ឆុ​ន វ៉ា​ន់​ណាត អាយុ​១៩​ឆ្នាំ ត្រូវជា​មិត្តភក្តិ​របស់​ឈ្មោះ យូ ឡែ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​រៀន​នៅ​សាលា​បឋម​សិក្សា ឈ្មោះ យូ ឡែ​ន បាន​ប្រឹងប្រែង​រៀនសូត្រ​រហូត​ដល់​ថ្នាក់​វិទ្យាល័យ​ទី​១២ ហើយ​ថែម​ទាំង​មាន​ច​រិ​ក​សុភាព​រាបសារ ហើយ​ការ​រៀន​ទាំង​ប្រចាំខែ និង​ឆ្នាំ​ទទួល​បាន​លទ្ធផល​គ្រាន់បើ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ ដោយសារ​តែ យូ ឡែ​ន មិន​មាន​មធ្យោបាយ​ជិះ​មក​មើល​លទ្ធផល​ប្រលង រូបគេ​បាន​ឌុ​បម​ក​មើល​ទាំងអស់​គា្ន រូបគេ​ក៏​ប្រលង​ជាប់ តែ​នៅ​មណ្ឌល​ផ្សេង​គ្នា​ពិតជា​សប្បាយចិត្ត ។

ស្ត្រី​ឈ្មោះ ហេង សុ​ភី អាយុ​៥៣​ឆ្នាំ ជា​ម្តាយបង្កើត​របស់ យូ ឡែ​ន ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​កូនប្រុស យូ ឡែ​ន កើតមក​នោះ ប្តី​របស់​គាត់​នៅ​ពេល​ដែល​ឃើញ​កូនប្រុស​កើតមក​ពិការ​ដៃ​ទាំង​ពីរ​បាន​យំ​បង្ហូរទឹកភ្នែក​ខ្លោចចិត្ត​អាណិតកូន សូ​ម្បី​តែ​គាត់​ជា​ម្តាយ​ក៏​បាន​យំ​ដែរ ក្រោយ​ពី​បាន​ប្រសូត​កូន​រហូត​ទាស់​គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ​ថែម​ទៀត ។ ក្រោយមក​ប្តី​គាត់​បាន​ឈឺ​ស្លាប់ ចំណែក​កូន​ទាំង​៤​នាក់​ក្នុង​បន្ទុក​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​គាត់​ជា​ម្តាយ រាប់​រង​ចិញ្ចឹម​ទាំងស្រុង​តែ​ម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]