ខេត្តកំពង់ចាម ៖ ថ្ងៃ​ប្រកាស​លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ដែល​បាន​ធ្វើ​ឡើង​ព្រម​ៗ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ នៅ​មណ្ឌល​គរុកោសល្យ​និង​វិ​ក្រិត​ការ​ខេត្ត​ក៏​ដូច​ជា​មណ្ឌល​ផ្សេង​ទៀត​សរុប​១១​កន្លែង ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ និង​គួរ​ឲ្យ​អបអរសាទរ​នោះ​គឺ​ពិតជា​មោទនភាព​ខ្លាំង​ណាស់ ដែល​យុវ​សិស្ស​ដែល​ពិការ​ដៃ​ទាំង​សងខាង​បាន​ពុះពារ​គ្រប់​ឧបសគ្គ​តូច​ធំ​រហូត​បាន​ប្រលង​ជាប់​ដោយ​ទឹកមុខ​ញញឹមញញែម ។

យុវ​សិស្ស​ឈ្មោះ ហ៊ួ​ត យូ​ឡែ​ន អាយុ​១៦​ឆ្នាំ មក​ពី​វិទ្យាល័យ​ហ៊ុន សែន ម៉េ​ង​ហួត ស្វាយ​តា​នា​ន់ ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ពិការ​ដៃ​ទាំង​២ បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ក្នុង​ចិត្ត​ថា «​នៅ​ថ្ងៃ​ដែល​បាន​ឈាន​ជើង​ចូល​ប្រលង​កាលពី​ថ្ងៃ​ទី​២២ និង​២៣​សីហា​កន្លង​ទៅ ដោយ​រំពឹង​ថា​នឹង​ប្រលង​ជាប់​» ដោយ​មើលឃើញ​ពី​សមត្ថភាព​របស់​ខ្លួន ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ។

យុវ​សិស្ស យូ ឡែ​ន ប្រាប់​បន្ត​ទាំង​ញញឹម និង​ចង់​បង្ហូរទឹកភ្នែក​ថា ក្នុង​បន្ទប់​លេខ​១ លេខ​តុ​ទី​៣ សម្រាប់​សិស្ស រួម​ថ្នាក់​ទាំងអស់​ចំនួន​២៥​នាក់ គឺ​បាន​ប្រលង​ជាប់​ចំនួន​១៥​នាក់ ក្នុង​នោះ​ស្រី​៩​នាក់ ដោយ​រូបគេ​បាន​ជាប់​និទ្ទេស E ពិតជា​មាន​ក្តី​រំភើប​ក្នុង​ចិត្ត ។ សម្រាប់​គោលដៅ​របស់​ខ្លួន និង​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ស្នាក់​នៅផ្ទះ​របស់​បងប្រុស ។

យុវ​សិស្ស​ឈ្មោះ ឆុ​ន វ៉ា​ន់​ណាត អាយុ​១៩​ឆ្នាំ ត្រូវជា​មិត្តភក្តិ​របស់​ឈ្មោះ យូ ឡែ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​រៀន​នៅ​សាលា​បឋម​សិក្សា ឈ្មោះ យូ ឡែ​ន បាន​ប្រឹងប្រែង​រៀនសូត្រ​រហូត​ដល់​ថ្នាក់​វិទ្យាល័យ​ទី​១២ ហើយ​ថែម​ទាំង​មាន​ច​រិ​ក​សុភាព​រាបសារ ហើយ​ការ​រៀន​ទាំង​ប្រចាំខែ និង​ឆ្នាំ​ទទួល​បាន​លទ្ធផល​គ្រាន់បើ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ ដោយសារ​តែ យូ ឡែ​ន មិន​មាន​មធ្យោបាយ​ជិះ​មក​មើល​លទ្ធផល​ប្រលង រូបគេ​បាន​ឌុ​បម​ក​មើល​ទាំងអស់​គា្ន រូបគេ​ក៏​ប្រលង​ជាប់ តែ​នៅ​មណ្ឌល​ផ្សេង​គ្នា​ពិតជា​សប្បាយចិត្ត ។

ស្ត្រី​ឈ្មោះ ហេង សុ​ភី អាយុ​៥៣​ឆ្នាំ ជា​ម្តាយបង្កើត​របស់ យូ ឡែ​ន ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​កូនប្រុស យូ ឡែ​ន កើតមក​នោះ ប្តី​របស់​គាត់​នៅ​ពេល​ដែល​ឃើញ​កូនប្រុស​កើតមក​ពិការ​ដៃ​ទាំង​ពីរ​បាន​យំ​បង្ហូរទឹកភ្នែក​ខ្លោចចិត្ត​អាណិតកូន សូ​ម្បី​តែ​គាត់​ជា​ម្តាយ​ក៏​បាន​យំ​ដែរ ក្រោយ​ពី​បាន​ប្រសូត​កូន​រហូត​ទាស់​គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ​ថែម​ទៀត ។ ក្រោយមក​ប្តី​គាត់​បាន​ឈឺ​ស្លាប់ ចំណែក​កូន​ទាំង​៤​នាក់​ក្នុង​បន្ទុក​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​គាត់​ជា​ម្តាយ រាប់​រង​ចិញ្ចឹម​ទាំងស្រុង​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ កូនប្រុស​ពៅ​ទី​៤​ឈ្មោះ យូ ឡែ​ន បាន​ឆែក Facebook តាម​ទូរស័ព្ទ​ដៃ ដំបូង​មិន​បានឃើញ​ឈ្មោះ​របស់​ខ្លួន​ក៏​យំ​បង្ហូរទឹកភ្នែក ស្ទុះ​មក​ឱប​គាត់​នៅ​លើ​ផ្ទះ ហើយ​គាត់​ក៏​បាន​យំ​តាម​កូន​ដែរ ។ បន្ទាប់​បាន​ឆែក​មើល​យ៉ាង​ល្អិតល្អន់ ទើប​ដឹង​ថា​ជាប់ ក៏​សប្បាយចិត្ត​រំភើប​ថែម​ទាំង​បង្ហូរទឹកភ្នែក ។ ក្រោយ​ពី​បាន​ប្រលង​ជាប់ គាត់​នឹង​ជំរុញ​ឲ្យ​កូន​រៀនសូត្រ​បន្ថែម​ទៀត​ដើម្បី​អនាគត​ភ្លឺស្វាង ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  រដ្ឋមន្រ្តីក្រសួងអប់រំ ភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញសិស្សបាក់ឌុបឆ្នាំនេះ ទទួលបាននិទ្ទេស «A» ច្រើនជាងឆ្នាំមុនជិត៣ដង ។ គួររំលឹកផងដែរថា រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលទ្ធផលសិស្សប្រឡងបាក់ឌុបជាប់នៅឆ្នាំនេះ ទទួលបាននិទ្ទេស «A» ច្រើនជាងឆ្នាំមុនជិត៣ដង គឺមានចំនួនរហូតទៅដល់៤០៥នាក់នៅទូទាំងប្រទេស។

លោក ហង់ ជួនណារ៉ុន បានថ្លែងប្រាប់អង្គភាព Fresh News កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះថា ក្រោយលទ្ធផលនៃការប្រឡងបាក់ឌុបនៅមណ្ឌលខេត្តកណ្តាល និងរាជធានីភ្នំពេញត្រូវបានប្រកាសថា «លទ្ធផលល្អនេះ បានកើតឡើង ដោយសារតែ កត្តាសិស្ស រួមបញ្ជូលនឹងកត្តាគ្រូ ហើយនឹងការសហការបានយ៉ាងល្អពី អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងពីអង្គភាពប្រឆាំងអំពើពុករលួយជាដើម»។

នៅមុននេះ ក្រសួងអប់រំ បានបង្ហាញលទ្ធផលប្រឡងបាក់ឌុប នៅឆ្នាំនេះឲ្យដឹងថា មានអ្នកជាប់ ៦២.១៨ភាគរយ ក្នុងនោះ មានអ្នកជាប់និទ្ទេស A ចំនួន៤០៥នាក់ និទ្ទេស B ចំនួន២៨០១នាក់ និទ្ទេស C ចំនួន៥ ៥៩៥នាក់ និង និទ្ទេស E មានចំនួន៣៨ ១១៧នាក់។

បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥នាក់ មកពី៖ រាជធានីភ្នំពេញ មានចំនួន ១៨៣នាក់, សៀមរាប មានចំនួន ៣៦នាក់, បាត់ដំបង មានចំនួន ៣៤នាក់, កណ្តាល មានចំនួន ២៩នាក់, កំពង់ចាម មានចំនួន ២០នាក់, បន្ទាយមានជ័យ មានចំនួន ១៦ នាក់, ព្រៃវែង មានចំនួន ១៤ នាក់, កំពត មានចំនួន ១១ នាក់, ត្បូងឃ្មុំ មានចំនួន ១១នាក់, តាកែវ មានចំនួន ១១នាក់, កំពង់ធំ មានចំនួន ១០នាក់, ក្រចេះ មានចំនួន ០៩នាក់, កំពង់ឆ្នាំង មានចំនួន ០៧នាក់, ព្រះសីហនុ មានចំនួន ០៧នាក់, កំពង់ស្ពឺ មានចំនួន ០២នាក់, ពោធិ៍សាត់ មានចំនួន ០២នាក់, មណ្ឌលគិរី មានចំនួន ០១នាក់, ប៉ៃលិន មានចំនួន ០១នាក់, ឧត្តរមានជ័យ មានចំនួន ០១នាក់។

ក្រោយចេញលទ្ធផលនេះ លោក ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានិសិស្ស និងអាណាព្យាបាលសិស្ស និងដៃគូសហការដែលបានចូលរួមចំណែក​ធ្វើឲ្យការប្រឡង​បាក់ឌុប នៅឆ្នាំនេះ ទទួលបានលទ្ធផលល្អបែបនេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]