(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថានៅម៉ោង ១១៖៤០នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញានេះ អាកាសធាតុនៅ តំបន់ឆ្នេរមានការប្រែប្រួលជាងពីព្រឹក ដោយ​ផ្ទៃមេឃ​ចាប់ផ្ដើមអាប់អួរ ខ្យល់ធ្លាក់ខ្លាំង និងទឹករលកយោល យោគមធ្យម​ សូមបងប្អូនភ្ញៀវទេសចរ នៅតាមតំបន់ឆ្នេរបន្តប្រុងប្រយ័ត្នខ្ពស់។

លោកឧត្តមសេនីយ៍បញ្ជាក់ថា «គិតត្រឹមម៉ោង១១៖៤០នាទីព្រឹកថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៦​នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃចាប់ផ្ដើមអាប់អួរ ខ្យល់ខ្លាំង ​និងទឹករលកយោលមធ្យម នៅចន្លោះឃ្លង។ នៅតាមឆ្នេរ បែរទៅលំហរសមុទ្រពិសេស ឆ្នេរអូឈើទាលខ្យល់បក់ និងទឹករលកយោលបែកផ្កាត្រែង»។

លោកស្នងការ​ បន្ថែមថា កម្លាំងជំនាញរបស់លោក បានត្រៀមកម្លាំងរួចរាល់ហើយ ក្នុងការជួយសង្គ្រោះប្រសិនបើ មានហេតុការណ៍អ្វីកើតឡើងជាយថាហេតុ ប៉ុន្ដែសូមភ្ញៀវទេសចរ មេត្តាប្រុងប្រយ័ត្នខ្ពស់។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាស ព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ០៦-១២ ខែកញ្ញា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា របាយទឹកភ្លៀងនឹង បន្តធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ខណៈតំបន់មាត់សមុទ្រវ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ជាមួយនឹង បរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។

សូមប្រុងប្រយ័ត្ន៖ តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ ចាប់ពីថ្ងៃទី០៩-១២ ខែកញ្ញា ឆ្នាំ២០១៦៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

កាលពីវេលាម៉ោង២៖២០នាទី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះមានយុវជន២នាក់ រស់នៅរាជធានីភ្នំពេញ និងក្រុមគ្រួសារបានធ្វើដំណើរទៅងូតទឹកសមុទ្រ ស្រាប់តែបានលង់ទឹក ដោយសារតែទឹករលក ប៉ុន្តែភ្លាមៗនោះសំណាងល្អ ត្រូវបានកម្លាំងសមត្ថកិច្ច​ ដែលយាមប្រចាំគោលដៅជួយសង្គ្រោះទាន់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «នៅឆ្នេរអូរឈើទាល មានភ្ញៀវទេសចរណ៍ឈ្លក់ទឹក២នាក់ ភេទប្រុសជនជាតិខ្មែរមកពីភ្នំពេញ ប៉ុន្តែពួកគេត្រូវបានកម្លាំងប្រចាំការគោលដៅ និងពេទ្យនគរបាលសុខាភិបាល ជួយទាន់ពេលវេលា។ ករណីនេះបណ្តាលមកពីពួកគាត់ ជិះពោងលេងទឹករលកមិនពាក់អាវពោង»។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅរសៀលថ្ងៃនេះ អាកាសធាតុលើផ្ទៃសមុទ្រមានខ្យល់បក់មធ្យម ទឹករលកយោងបង្គួរ ហើយនៅឆ្នេរអូរឈើទាល មានខ្យល់បក់ និងទឹករលកយោលបង្គួរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]