បរទេស៖ ក្រុមម្ចាស់ជើងឯក EURO ឆ្នាំ២០១៦ ព័រទុយហ្គាល់ កាលពីយប់មិញនេះ បានចាញ់ ក្រុមជម្រើសជាតិ ស្វីស ដោយលទ្ធផល ២-០ ក្នុងប្រកួតដំបូងនៃ វគ្គជម្រុះ World Cup ឆ្នាំ២០១៨ ខណៈ ក្រុមជើងឯករង នៅ EURO បារាំង បានត្រឹមស្មើជាមួយ ជាមួយ ប៊ែឡារុស ០-០ ។ 

ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលជាក្រុមម្ចាស់ជើងឯក EURO នៅប្រទេសបារាំងកាលពីប៉ុន្មានខែមុននេះ ឥឡូវបានចាញ់ក្រោមស្នាដៃ ក្រុមជម្រើសជាតិ ស្វីស ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតវគ្គជម្រុះ World Cup ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយលទ្ធផលនេះ។

ទាក់ទងនឹងការប្រកួតនេះដែរ ក្រុមជម្រើសជាតិស្វីស ថ្វីត្បិតមិនមានការគ្រប់គ្រងបាល់ច្រើន ប៉ុន្តែពួកគេ អាចស្វែងរកគ្រាប់បាល់ បានរហូតដល់ ២គ្រាប់ គិតត្រឹមតង់ទី១ ដោយគ្រាប់បាល់ទីមួយនោះ កើតឡើងនៅនាទី២៤ ដែលជាការស៊ុតបញ្ចូលទី ដោយកីឡាករ Breel Embolo និងគ្រាប់ទីពីរ ដោយកីឡាករ Admir Mehmedi នៅនាទី៣០។

ចូលដល់តង់ទី២ ក្រុមទាំង២ សុទ្ធតែមានឱកាសស៊ុតរៀងៗខ្លួន ប៉ុន្តែនៅតែមិនអាចធ្វើអ្វីគ្នា ដែលធ្វើឲ្យលទ្ធផល ២-០ រក្សារហូតបញ្ចប់ការប្រកួត។ គួរបញ្ជាក់ផងដែរថា មុននឹង លោក អាជ្ញាកណ្តាល ផ្លុំកញ្ចែរបញ្ចប់ការប្រកួតនោះ Giant Xhaka ដែលជាខ្សែបំរើរបស់ ស្វីស បានទទូលរងពិន័យកាតក្រហម ដោយសារកីឡាកររូបនេះ បានជ្រុលជើងទៅឈូស Nani ដែលជាប្រធានក្រុមរបស់ព័រទុយហ្គាល់។

គួររំលឹកផងដែរថា ព័រទុយហ្គាល់ យប់មិញនេះ មិនមានវត្តមាន កីឡាករលំដាប់ពិភពលោក Cristiano Ronaldo ទេ ដោយសារបញ្ហារបួសមិនទាន់ជា  និងសព្វថ្ងៃ កីឡាកររូបនេះ កំពុងស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ ធ្វើការហ្វឹកហាត់ ជាមួយក្រុម Real Madrid។

ក្រឡេកមកមើល ការប្រកួតមួយគូទៀតវិញ គឺ បារាំង ដែលជាក្រុមម្ចាស់ផ្ទះ កាលពី EURO កន្លងទៅ និងជាជើងឯករងផងនោះ បានប្រកួតត្រឹមស្មើគ្នាជាមួយ ក្រុមជម្រើសជាតិ បេឡារុស ក្នុងលទ្ធផល ០-០ ។

ក្រុមជម្រើសជាតិបារាំង ដែលស្ថិតក្នុង ពូលA កាលពីយប់មិញនេះ បានដាក់បញ្ចូលសុទ្ធតែកីឡាករកំពូលៗ ក្នុងការប្រកួត ដូចជា Griezmann , Giroud និង Pogba ជាដើម ប៉ុន្តែនៅតែមិនអាចស៊ុតបញ្ចូលទី ក្រុមជម្រើសជាតិ បេឡារុស បាន ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិ បេឡារុស គ្មានឱកាសស៊ុត សូម្បីតែមួយជើង ខណៈ បារាំង បានព្យាយាមស៊ុតជាច្រើនលើក ជាច្រើនសារ ប៉ុន្តែនៅតែមិនអាចទម្លាយសំណាញ់ទី គូប្រកួតបាន ធ្វើឲ្យក្រុមភ្ញៀវ បារាំង ទទួលបានត្រឹម១ពិន្ទុ ត្រលប់ទៅផ្ទះវិញ៕

ទស្សនាវីដេអូ Highlights នៃការប្រកួត៖ 

ប្រភព៖ Dailymail | Mirror 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]