អេស្ប៉ាញ៖ សុនខមួយក្បាលកំពុងតែ ធ្វើឲ្យមហាជនជាច្រើន ជាប់ចិត្តអាណិត និងស្រលាញ់លើរូបវាជាខ្លាំង ក្រោយពីបានឃើញនូវទិដ្ឋភាព ដ៏គួរឲ្យស្រងោះស្រងោច ដាច់បាយក្រហាយទឹករបស់វា អស់រយៈពេល៦ថ្ងៃ ដោយសារតែដេករង់ចាំម្ចាស់ ជាទីស្រលាញ់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

បើតាមប្រភព បានឲ្យដឹងថា នាង Sandra Iniesta អាយុ ២២ឆ្នាំ សញ្ជាតិអេស្ប៉ាញ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ Elda Hospital ភ្លាមៗ អស់រយៈពេលជិតមួយសប្តាហ៍ ស្ថិតក្បែរទីក្រុង Alicante នៃប្រទេសអេស្ប៉ាញ ក្រោយពីរូបនាងមានអាការៈ ឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង ដោយមិនអាចទ្រាំបាន បន្ទាប់ពីរូបនាងបានត្រឡប់ មកពីដំណើរកម្សាន្ត លំហែលកាយលេង ជាមួយនឹងឪពុករបស់នាង គឺលោក Andre កាលពីប៉ុន្មានថ្ងៃមុននេះ។

ក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យនិងរកឃើញថា Sandra នាងកើតមានជំងឺពោះវៀនដុះខ្នែង ដែលតម្រូវឲ្យធ្វើការវះកាត់ ជាបន្ទាន់ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេសង្កេតឃើញថា សត្វឆ្កែចិញ្ចឹមញីដ៏ស្អាត និងឆ្លាតរបស់នាង ដែលមានឈ្មោះថា Maya ស្រលាញ់ស្មោះស្ម័គ្រនិងម្ចាស់ សុខចិត្តអត់ឃ្លាន មកដេករង់ចាំរូបនាង នៅមាត់ទ្វារខាងក្រៅក្នុងមន្ទីរពេទ្យ ដោយមិនព្រមទៅណាឡើយសូម្បីតែបន្តិច ដើម្បីរង់ចាំម្ចាស់ជាទីស្រលាញ់របស់វា គឺនាង Sandra ចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញផងដែរ  ជាហេតុធ្វើឲ្យអ្នកនិយមលេងអីុនធឺណែតជាច្រើន កោតសរសើរទឹកចិត្ត  និងសេចក្តីស្រលាញ់របស់សត្វឆ្កែនេះ ដែលមានចំពោះម្ចាស់របស់វា។

បើតាមការឲ្យដឹងពី Sandra និយាយថា «គ្រប់ពេលវេលាទាំងអស់ ពេលដែលខ្ញុំចូលទៅក្នុង ទីកន្លែងមួយណាក៏ដោយ ក៏មានវត្តមានវាតែងតែនៅរង់ចាំខ្ញុំ ខាងក្រៅមាត់ទ្វារជានិច្ច»

លោក Andres ជាឪពុករបស់ Sandra មានប្រសាសន៍ថា «ពួកយើងស្រលាញ់និងចាត់ទុកវា ដូចជាសមាជិកមួយ ក្នុងគ្រួសាររបស់យើងផងដែរ។ ខ្ញុំគិតថា ឆ្កែចិញ្ចឹមរបស់ខ្ញុំនេះ វាដឹងថាច្បាស់ថាមានរឿង អ្វីមួយកើតឡើងហើយ ទើបបានជាវាសុខចិត្តនៅទីនេះ ជាមួយនឹងការអត់ទ្រាំ យ៉ាងខ្លាំងបែបនេះ» ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា កាលពីសប្តាហ៍កន្លងទៅ មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅក្នុងប្រទេសអីុតាលី បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។ ក្នុងនោះដែរ មានសាកសពចំនួន ៣៤នាក់ ត្រូវបានគេយកមកតម្កល់ដាក់ក្នុងមឈូស ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ គេសង្កេតឃើញមានឆ្កែមួយក្បាល បានដេកយាមមឈូស ជាមួយនឹងទឹកមុខក្រៀមក្រំ ដែលគេអាចសន្មតបានថា ជនរងគ្រោះដែលស្លាប់នៅក្នុងមឈូសនោះជាម្ចាស់របស់វា

យោងតាមប្រភពបានឲ្យដឹងថា ឆ្កែដែលមានរោមពណ៌មាសមួយក្បាល មិនព្រមទៅណាសោះ ទោះបីវាត្រូវបានគេដេញក៏ដោយ ក៏មិនព្រមទៅដែរ។ បន្ថែមពីនេះទៀត វាសុខចិត្តដេកក្បែរមឈូស ទាំងទឹកមុខក្រៀមក្រំ ដោយសម្តែងនូវការសោយស្តាយចំពោះម្ចាស់វាដែលបានបាត់បង់ជីវិតទៅ។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា មឈូសដែលឆ្កែមួយក្បាល បានដេកយាមនោះ ត្រូវបានគេស្គាល់ថា ជាសាកសពម្ចាស់របស់វាដែលបានស្លាប់ ក្រោយគ្រោះរញ្ជួយដីនៅអីុតាលី បន្ទាប់មកសាកសពក៏ត្រូវបានគេយកមកតម្កល់។

គួររំលឹកផងដែរថា គ្រោះរញ្ជួយដីនៅអីុតាលីដ៏គួរឲ្យរន្ធត់ ដែលបានកើតឡើងកាលពីសប្តាហ៍មុននេះ មានកម្រិត ៦.២ វិុចទ័រ បានធ្វើឲ្យអ្នកស្លាប់កើនឡើងរហូតដល់ ចំនួន ២៩០នាក់ ។ ក្នុងនោះជនរងគ្រោះភាគច្រើន ត្រូវបានគេជឿជាក់ថា មកពីតំបន់ Accumoli នៃប្រទេសអីុតាលី មិនថែមតែប៉ុណ្ណោះ តំបន់នេះ គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេផងដែរ។

គួររំលឹកបន្ថែមទៀតផងដែរថា សាកសពទាំងនោះ ត្រូវបានគេប្រារព្ធធ្វើពិធីបុណ្យសពរួចរាល់ហើយដែរ កាលពីម្សិលមិញ ដោយមានការអញ្ចើញចូលរួមពិធី ពីប្រធានាធិបតីរបស់ប្រទេសអីុតាលី លោក Sergio Mattarella ផងដែរ ដើម្បីចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ក៏ដូចជាវិញ្ញានក្ខ័ន្ធជនរងគ្រោះ ដែលបានស្លាប់ទៅ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]