ចិន៖ ក្រុមមន្រ្តីចិនបាននិយាយថា រដ្ឋាភិបាលបានសម្រេចឲ្យមានការរៀបចំការងារជួសជុលថែទាំជាបន្ទាន់ នៅក្នុងតំបន់ Zhangjiajie ខេត្តហួណាន​​​​ ហើយស្ពានកញ្ចក់ខ្ពស់បំផុត និងវែងបំផុតនៅពិភពលោក ដែលស្ថិតនៅទីនោះ ក៏ត្រូវបានបិទបណ្តោះអាសន្ន ចាប់ពីថ្ងៃសុក្រមក បន្ទាប់ពីមានអ្នកទេសចរច្រើនពេក ហើយការបើកឡើងវិញនឹងត្រូវប្រកាសនៅពេលក្រោយ។

អ្នកនាំពាក្យម្នាប់បានប្រាប់ BBC ថា «ស្ពានកញ្ចក់ឆ្លងជ្រលងភ្នំនេះ មានអ្នកមកទស្សនាច្រើនពេក»។ លោកបន្ថែមថា «មិនមានគ្រោះថ្នាក់ណាមួយកើតឡើង ហើយស្ពានក៏មិនបានបែក ឬខូចអ្វីនោះដែរ»។ ដោយការផ្អាកនេះគឺដើម្បីថែទាំ និងកែសម្រួលផ្នែកខ្លះឲ្យកាន់តែល្អប្រសើរជាងមុន។

ស្ពាននេះអាចផ្ទុកភ្ញៀវទេសចរចំនួន ៨,០០០នាក់ ក្នុងមួយថ្ងៃ ប៉ុន្តែអ្នកនាំពាក្យរូបនោះបាននិយាយថា មានអ្នកទស្សនាច្រើនជាងនេះ ១០ដងមកទស្សនាជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា ស្ពានកញ្ចក់ Zhangjiajie កសាងឡើងមានប្រវែង៤៣០ម៉ែត្រ ក្រាលដោយកញ្ចក់ លើជ្រលងភ្នំកម្ពស់៣០០ម៉ែត្រ ដោយចំណាយទឹកប្រាក់អស់ ៣,៤លានដុល្លារអាមេរិក។ វាត្រូវបានបើកជាផ្លូវការ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ និងបានក្លាយជាស្ពានកញ្ចក់ខ្ពស់ និងវែងបំផុតក្នុងលោក៕ 

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ ដែលចុះផ្សាយកាលពីលើកមុនផងដែរថា ស្ពានយោលលើអាកាស ក្រាលបាតដោយកញ្ចក់ដ៏វែងជាងគេបំផុត ក្នុងពិភពលោក ឆ្លងកាត់ជ្រលងភ្នំដ៏សែនខ្ពស់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទេសចរណ៍ឧទ្យាន National Forest Park ក្នុងទីក្រុង Zhangjiajie ភាគខាងជើងខេត្ត Hunan ប្រទេសចិន ដែលទើបតែបើកដំណើរការ ក្នុងរយៈពេលចុងក្រោយនេះប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរ ដើរលេងកម្សាន្ត និងផ្តិតយករូបភាព ដ៏ស្រស់ត្រកាលជុំវិញជ្រលងដងភ្នំនោះ ជាមួយនឹងទេសភាពដ៏ស្រស់ប្លែក និងមិនធ្លាប់មានផងដែរ។

ទន្ទឹមនឹងនោះផងដែរ បើតាមប្រភព បានឲ្យដឹងថា ត្រឹមតែរយៈប៉ុន្មានខែ ក្រោយពីការសម្ភោធ ដាក់ដំណើរជាផ្លូវការមក គេសង្កេតឃើញថា ប្រជាជនចិនក៏ដូចជា ភ្ញៀវទេសចរជាច្រើន មកពីគ្រប់មជ្ឈដ្ឋាន បាននាំគ្នាសម្រុក ទៅលេងកម្សាន្តនៅទីនោះ យ៉ាងច្រើនកកកុញណែនណាប់ ដោយមិនញញើត ព្រឺសម្បុរ ពីសុវត្ថិភាពអ្វីបន្តិចឡើយ។

ជាមួយគ្នានេះដែរ តាមរយៈរបាយការណ៍ដែលទទួលបាន ភ្ញៀវទេសចរដ៏ក្លាហាន ប្រមាណជាង ៨,០០០នាក់ ដែលបានមកទស្សនា ដើរកាត់ស្ពានកញ្ចក់លើវេហានេះ ក្នុងមួយថ្ងៃៗឥតស្រាកស្រាន្តឡើយ ខណៈចំនួននេះអាចនឹងមានការ កើនឡើងទៀតផងដែរ។

គួរឲ្យដឹងថា ស្ពាននេះមានកម្ពស់ ៣០០ម៉ែត្រ ជាមួយនឹងប្រវែងដ៏វែង រហូតដល់ទៅ ៤៣០ម៉ែត្រ ដែលគ្រោងនិងបើកដំណើរការជាផ្លូវការ តាំងពីខែតុលា ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែដោយសារតែការសាងសង់ និងទាន់រួចរាល់ និងបញ្ហាបច្ចេកទេសមួយចំនួន ខណៈក្រុមវិស្វករជំនាញ ធ្វើការស្ទាបស្ទង់ទៅស្ថានភាពស្ពានបន្ថែម ធ្វើយ៉ាងណាវាពិតជារឹងមាំ ធន់ និងអាចធានាសុវត្ថិភាពបានល្អ ដល់ភ្ញៀវទេសចរ ទើបបន្តការសាងសង់ ដែលទើបតែបញ្ចប់ជាផ្លូវការ ស្ទើរតែពាក់កណ្តាលដើមឆ្នាំ ២០១៦នេះវិញ ពោលគឺរួចរាល់ជាស្ថាពរក្នុងខែ ឧសភា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]