ចិន៖ ស្ពានយោលលើអាកាស ក្រាលបាតដោយកញ្ចក់ដ៏វែងជាងគេបំផុត ក្នុងពិភពលោក ឆ្លងកាត់ជ្រលងភ្នំដ៏សែនខ្ពស់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទេសចរណ៍ឧទ្យាន National Forest Park ក្នុងទីក្រុង Zhangjiajie ភាគខាងជើងខេត្ត Hunan ប្រទេសចិន ដែលទើបតែបើកដំណើរការ ក្នុងរយៈពេលចុងក្រោយនេះប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរ ដើរលេងកម្សាន្ត និងផ្តិតយករូបភាព ដ៏ស្រស់ត្រកាលជុំវិញជ្រលងដងភ្នំនោះ ជាមួយនឹងទេសភាពដ៏ស្រស់ប្លែក និងមិនធ្លាប់មានផងដែរ។

ទន្ទឹមនឹងនោះផងដែរ បើតាមប្រភព បានឲ្យដឹងថា ត្រឹមតែរយៈប៉ុន្មានខែ ក្រោយពីការសម្ភោធ ដាក់ដំណើរជាផ្លូវការមក គេសង្កេតឃើញថា ប្រជាជនចិនក៏ដូចជា ភ្ញៀវទេសចរជាច្រើន មកពីគ្រប់មជ្ឈដ្ឋាន បាននាំគ្នាសម្រុក ទៅលេងកម្សាន្តនៅទីនោះ យ៉ាងច្រើនកកកុញណែនណាប់ ដោយមិនញញើត ព្រឺសម្បុរ ពីសុវត្ថិភាពអ្វីបន្តិចឡើយ។

ជាមួយគ្នានេះដែរ តាមរយៈរបាយការណ៍ដែលទទួលបាន ភ្ញៀវទេសចរដ៏ក្លាហាន ប្រមាណជាង ៨,០០០នាក់ ដែលបានមកទស្សនា ដើរកាត់ស្ពានកញ្ចក់លើវេហានេះ ក្នុងមួយថ្ងៃៗឥតស្រាកស្រាន្តឡើយ ខណៈចំនួននេះអាចនឹងមានការ កើនឡើងទៀតផងដែរ។

គួរឲ្យដឹងថា ស្ពាននេះមានកម្ពស់ ៣០០ម៉ែត្រ ជាមួយនឹងប្រវែងដ៏វែង រហូតដល់ទៅ ៤៣០ម៉ែត្រ ដែលគ្រោងនិងបើកដំណើរការជាផ្លូវការ តាំងពីខែតុលា ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែដោយសារតែការសាងសង់ និងទាន់រួចរាល់ និងបញ្ហាបច្ចេកទេសមួយចំនួន ខណៈក្រុមវិស្វករជំនាញ ធ្វើការស្ទាបស្ទង់ទៅស្ថានភាពស្ពានបន្ថែម ធ្វើយ៉ាងណាវាពិតជារឹងមាំ ធន់ និងអាចធានាសុវត្ថិភាពបានល្អ ដល់ភ្ញៀវទេសចរ ទើបបន្តការសាងសង់ ដែលទើបតែបញ្ចប់ជាផ្លូវការ ស្ទើរតែពាក់កណ្តាលដើមឆ្នាំ ២០១៦នេះវិញ ពោលគឺរួចរាល់ជាស្ថាពរក្នុងខែ ឧសភា ៕ 

ទស្សនាវីដេអូ៖

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័តមានចាស់ដែរថា ទាក់ទងជាមួយនឹងស្ពាន ក្រាលបាតកញ្ចក់ដដែលនេះ ភ្ញៀវទេសចរមួយចំនួនច្បាស់ជា ភ័យបុកពោះជាក់មិនខានក្រោយពីបានដើរកាត់ ស្ពានយោលលើអាកាស បាតក្រោលដោយកញ្ចក់ដ៏វែង ឆ្លងកាត់ជ្រលងភ្នំដ៏សែនខ្ពស់ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទេសចរណ៍ ឧទ្យាន National Forest Park ក្នុងទីក្រុង Zhangjiajie ភាគខាងជើងខេត្ត Hunan នៃប្រទេសចិន។

បើតាមប្រភពបានឲ្យដឹងថា ស្ពានយោលលើអាកាស ឬ Skywalker ដែលបានរចនាឡើងមានក្រាលបាតកញ្ចក់ ស្វិតរឹងមាំដូចដែកថែប ក្រោយពីបានបញ្ចប់ការសាងសង់កាលពីក្នុងខែឧសភា កន្លងទៅថ្មីៗនេះ ពេលនេះបានចាប់ផ្តើមបើកដំណើរការជាលើកដំបូង ជូនភ្ញៀវទេសចរមកលេងកម្សាន្តហើយ។

ប្រភពបន្តថា ស្ពាន Skywalker នេះដែរ ត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិអីុស្រាអែល គឺលោក Haim Dotan ដែលមានប្រវែងតភ្ជាប់គ្នាពីជ្រលងភ្នំម្ខាងទៀតប្រវែង ៤៣០ម៉ែត្រ និងមានកម្ពស់ជាង ៣០០ម៉ែត្រ។ គម្រោងសាងសង់ស្ពានកញ្ចក់នេះដែរ គ្រោងនឹងបញ្ចប់ការសាងសង់ កាលពីក្នុងខែតុលាមកម៉្លេះ ប៉ុន្តែដោយសារតែមានបញ្ហាបច្ចេកទេសតិចតួច ទើបបណ្តាលឲ្យខកខាន។

គួរបញ្ជាក់ដែរថា ស្ពានដ៏វែងមួយនេះ អាចអនុញ្ញាតឲ្យភ្ញៀវទេសចរ ដើរកាត់លើវាបានដោយមិនមានការព្រួយបារម្ភ ក្នុងចំនួនច្រើនរហូតដល់ទៅជាង ៨០០នាក់ផងដែរ ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]