ការតុបតែងមុខ ឬត្រូវបានគេស្គាល់ថា Makeup គឺជាសិល្បៈមួយ និងដូចជាអំណោយដ៏វិសេសវិសាល សម្រាប់សុភាពនារីគ្រប់ៗរូប។ មនុស្សស្រីភាគច្រើន គឺមានជំនាញ ក្នុងការផាត់មុខ តាមរបៀបរបស់ពួកគេរៀងៗខ្លួន ដោយបិទបាំងកន្លែងមិនស្រស់ស្អាតចោល រួចប្រែក្លាយខ្លួនជាទេពអប្សរ។ ប៉ុន្តែជឿទេថា ទោះបីជាអ្នកប្រើប្រាស់ក្រែមម្សៅ តុបតែងមុខ ជារៀងរាល់ថ្ងៃក៏ដោយ ក៏អ្នកប្រហែលជាមិនដឹងតិចនិចសម្ងាត់មួយចំនួនធំដែរ។

ថ្ងៃនេះ យើងនឹងចែករំលែក តិចនិច និងល្បិចសំខាន់ៗ ទាក់ទងនឹងការ ផាត់មុខ ដែលអ្នកពិតជាចង់ដឹងជាយូរណាស់មកហើយ ៖ 

១. សម្អាតជក់ផាត់មុខ ឲ្យបានស្អាតជានិច្ច

ជក់ផាត់មុខ ដែលមានគុណភាពល្អ អាចទុកបាន សឹងតែមួយជីវិតឯណោះ។ ដើម្បីរក្សាជក់ផាត់មុខឲ្យបានល្អ អ្នកគួរអនុវត្តន៍ តាមជំហានសាមញ្ញៗ តែមានប្រសិទ្ធភាពទាំងនេះ។ ទីមួយ អ្នកមិនត្រូវទុកជក់ផាត់មុខ ទាំងនៅជាប់គ្រឿងម្សៅទេ ព្រោះវាអាចធ្វើឲ្យខូចសរសៃជក់បាន។ អ្នកគ្រាន់តែឧស្សាហ៍លាងសម្អាតវា ដោយប្រើសាប៊ូកក់សក់ ឬប្រើសាប៊ូលាងចានមានជាតិគីមីតិច ក៏បាន។ បន្ទាប់មកទុកឲ្យវាស្ងួត តាមធម្មតា ដោយដាក់វានៅលើក្រណាត់កន្សែង។ ជាពិសេស ត្រូវដាក់ផ្តេក មិនត្រូវដាក់វាបញ្ឈរជាដាច់ខាត។ 

២. មិនត្រូវទិញម្សៅទ្រនាប់ ដែលក្រម៉ៅជាងស្បែកមុខទេ

អ្នកមិនចាំបាច់មាន ម្សៅទ្រនាប់ច្រើនពេក ដាក់ជាប់ខ្លួនរហូតនោះទេ។ អ្នកអាចនឹងចង់បាន ម្សៅទ្រនាប់ដែលមានពណ៌ក្រម៉ៅ ក្នុងរដូវក្តៅ។ ប៉ុន្តែ ជាក់ស្តែង ប្រសិនបើអ្នកគិតថាស្រាលពេក អ្នកគ្រាន់តែយកម្សៅ bronzer សម្រាប់បន្ថែមពណ៌ក្រម៉ៅលើផ្ទៃមុខ គឺជាការស្រេច។ វាមានភាពងាយស្រួលជាង និងមិនចាំបាច់ចំណាយទិញ ម្សៅទ្រនាប់ថ្មី។ 

៣. មិនត្រូវលាបម្សៅក្រាស់ពេកទេ

អ្នកត្រូវបញ្ឈប់ ការតប់ម្សៅ ជាច្រើនដង (ច្រើនជាន់) ដដែលៗ ខណៈពេលដែលអ្នកកំពុងតុបតែងមុខទេ។ ហេតុអ្វី? ពីព្រោះ វាអាចជួយអ្នក ឲ្យចៀសផុតពីបញ្ហា “មុខកកម្សៅ” បាន។ វាជារឿងល្អ ប្រសិនបើអ្នកតុបតែងភ្នែក ច្រមុះ មាត់ រួចរាល់ ទើបលាបម្សៅផាត់មុខតាមក្រោយ។ 

៤. ការគូស eyeliner មិនមែនជាបញ្ហាទៀតឡើយ

អ្នកអាចធ្វើឲ្យភ្នែក របស់អ្នកកាន់តែ មានភាពលេចធ្លោ ជាមួយនឹង eyeliner ដូចជាអ្នកជំនាញបាន។ នេះជាតិចនិច ដ៏សាមញ្ញបំផុតមួយ ដែលអ្នកណាៗ ក៏អាចធ្វើបាន។ អ្វីដែលអ្នកត្រូវការគឺ eyeliner និងស្កុតថ្លា ប៉ុណ្ណោះ។ អ្នកគ្រាន់តែ កាត់បិទស្កុត លើកន្ទុយភ្នែក តាមមុំដែលអ្នកចង់បាន រួចយក eyeliner មកគូស ហើយបកស្កុតចេញ ជាការស្រេច។ 

៥. លាបពណ៌ភ្នែក ឲ្យជាប់បានយូរ

តិចនិចមួយនេះ មិនត្រឹមតែកាត់បន្ថយការចំណាយលុយ ទៅលើគ្រីម និងពណ៌ស្រមោល លាបភ្នែកប៉ុណ្ណោះទេ វាក៏ជាល្បិចមួយដែលធ្វើឲ្យ ពណ៌ភ្នែក របស់អ្នកជាប់បានពេញមួយថ្ងៃ។ អ្នកគ្រាន់តែ យកជក់ផាត់ភ្នែក ក្បាលសំប៉ែត មកចុចលើ គូល័រលាបភ្នែកណាមួយ តាមការចូលចិត្ត រួចបាញ់ចុងជក់នោះ ដោយទឹកបាញ់មុខ (makeup setting spray) ឬអ្នកអាចប្រើទឹកធម្មតាក៏បាន។ បន្ទាប់មកលាបលើ ត្របកភ្នែកអ្នក ជាការស្រេច។ 

៦. ត្រូវសម្អាតម៉ាស្ការ៉ា ដែលកកជាប់ឲ្យអស់

អ្នកមិនចាំបាច់ រៀបចំពេលវេលា ធ្វើដំណើរទៅហាងធំៗ ចំណាយប្រាក់ច្រើនៗ ដើម្បីចង់បានរោមភ្នែកធម្មជាតិ ទន់ និង ង ទៀតទេ។ នេះជាតិចនិចមួយ ដោយត្រូវការតែ ម៉ាស្ការ៉ា និងក្រដាសជូតមាត់ប៉ុណ្ណោះ។ អ្នកត្រូវរំកិលជក់ម៉ាស្ការ៉ា ទៅវិញទៅមកឲ្យបានច្រើនដង លើក្រដាសជូតមាត់នោះ ដើម្បីសម្អាតម៉ាស្ការ៉ា ដែលកក ជាប់នៅនឹងជក់។ បន្ទាប់មក យកវាមកលាបលើរោមភ្នែករបស់អ្នក។ អ្នកនឹងសង្កេតឃើញ ភាពខុសប្លែកជាមិនខាន។ 

៧. ថែទាំបបូរមាត់ ជាពិសេស មុនពេលលាបក្រែម

ដើម្បីលាបក្រែមមាត់ ឲ្យបានស្អាត បបូរមាត់របស់អ្នកគួរតែ ទន់ និងត្រូវបានថែទាំ យ៉ាងល្អ។ ប៉ុន្តែ មិនមែនមានន័យថា អ្នកត្រូវទិញផលិតផល ថែរក្សាបបូរមាត់បន្ថែមទេ។ ជំនួសមកវិញ អ្នកគ្រាន់តែលាយ ស្ករអំពៅ ប្រេងអូលីវ និងម្សៅវ៉ានីឡា (ខ្មែរយើងហៅ ម្សៅវ៉ានី) ក្នុងបរិមាណស្មើៗគ្នា។ បន្ទាប់មក មកវាទៅម៉ាស្សាលើបបូរមាត់ រួចយកក្រដាសជូតចេញ។ ពេលនេះ បបូរមាត់អ្នករួចរាល់ សម្រាប់ការលាបក្រែមហើយ។ 

៨. លាបក្រែមបបូរមាត់ ឲ្យជាប់បានយូរ

ដើម្បីធ្វើឲ្យ ក្រែមលាប បបូរមាត់របស់អ្នក អាចជាប់បានយូរ និងជួយអ្នក ដោយមិនចាំបាច់ លាបវាឡើងវិញដដែលៗ នៅរៀងរាល់ពីរ ទៅបីម៉ោងម្តង នោះអ្នកគ្រាន់តែ បៀកម្សៅ (ម្សៅផាត់មុខ) លើក្រដាសជូតមាត់ មួយសន្លឹក រួចដាក់ពីលើ បបូរមាត់ របស់អ្នកស្រាលៗ។ អ្វីដែលកាន់តែពិសេសនោះ គឺតិចនិចនេះ មិនធ្វើឲ្យក្រែមលាបមាត់ របស់អ្នក ប្រលាក់ធ្មេញឡើយ។ 

៩. បង្កើតថ្នាំលាបក្រចក ដោយម្សៅលាបភ្នែក

ល្បិចមួយនេះ នឹងបង្រៀនអ្នក ឲ្យចេះប្រើប្រាស់ម្សៅផាត់ពណ៌ភ្នែក ទៅជាថ្នាំលាបក្រចក។ ពេលនេះ អ្នកនឹងអាចបង្អួត ផ្នែកអ្នកមើល ដោយមានពណ៌ត្របកភ្នែក និងពណ៌ថ្នាំក្រចក ដូចគ្នាទៀតផង។ វាមានភាពងាយស្រួលបំផុត។ អ្នកគ្រាន់តែ យកទឹកថ្នាំលាបក្រចកគ្មានពណ៌ (ខ្មែរយើងហៅ ទឹករលោង) ចាក់ចូលកូនក្រឡណាមួយ រូចយកគូល័រលាបពណ៌ភ្នែក ដែលអ្នកពេញចិត្តមកចាក់លាយ ជាការស្រេច។ 

១០. មិនចាំបាច់ផាត់មុខឡើងវិញម្តងទៀតទេ

អ្នកមិនចាំបាច់ជូតមុខចេញ រួចផាត់សារឡើងវិញទេ ទោះបីជាអ្នកត្រូវចេញទៅក្រៅ ពេលល្ងាចក៏ដោយ។ ដើម្បីសម្អាតជាតិខ្លាញ់ និងធ្វើឲ្យផ្ទៃមុខស្រស់ថ្លាឡើងវិញ នោះអ្នកគ្រាន់តែលាប toner ស្តើងៗ លើស្បែកមុខ រួចយកក្រដាសជូតមាត់ផ្តិតស្រាលៗ។ បន្ទាប់មក អ្នកអាចយកម្សៅ មកលើផ្ទៃមុខរបស់អ្នកជាការស្រេច៕ 

ប្រភព៖ Bright Side | the lala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]