បរទេស៖ ក្រុមអ្នកជំនាញបាននិយាយថា ភពផែនដីអាចការពារខ្លួនបានពីព្យុះព្រះអាទិត្យ ឬព្យុះសូឡា (Solar Storm) ដោយរបាំងការពារដែលយើងមើលមិនឃើញមួយ មានឈ្មោះថា ដែនមេដែក។

ប៉ុន្តែដោយសារប៉ូលម៉ាញេទិករបស់ផែនដី កំពុងតែបន្តរំកិលបន្តិចម្តងៗ ដែនមេដែក ក៏ចុះខ្សោយបន្តិចម្តងៗដែរ។ នេះមានន័យថា ភាពងាយរងគ្រោះទៅនឹងផលប៉ះពាល់នៃឥទ្ធិពលរបស់ព្រះអាទិត្យចំពោះភពផែនដីរបស់យើង បានកើនឡើង។ 

បច្ចុប្បន្ន អតីតព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអវកាសអន្តរជាតិ ក្នុងសហគមន៍ Illkirch-Graffenstaden ប្រទេសបារាំង លោក Joseph Pelton បានអំពាវនាវឲ្យអ្នកវិទ្យាសាស្ត្រមានវិធានការ ដើម្បីបង្កើតរបាំងដែនម៉ាញេទិក សម្រាប់ការពារភពផែនដី។

គួរបញ្ជាក់ថា ព្យុះព្រះអាទិត្យ គឺជាការផ្ទុះនៃថាមពលម៉ាញេទិកពីផ្ទៃរបស់ព្រះអាទិត្យ។ នៅពេលដែលថាមពលម៉ាញេទិកនេះបានភាយចេញ វាបង្កើតបានជាឧស្ម័នដ៏ក្តៅ ដែលអាចធ្វើដំណើរយ៉ាងលឿនមកកាន់ភពផែនដី។

បន្ទុះនៃពន្លឺព្រះអាទិត្យ ដែលគេហៅ 'killer electrons' អាចធ្វើដំណើររាប់លានគីឡូម៉ែត្រក្នុងមួយម៉ោង។

ពេលនេះក្រុមអ្នកជំនាញបានព្រមានថា មនុស្សជាតិមិនទាន់បានត្រៀមខ្លួនដើម្បីទប់ទល់នឹងមហន្តរាយព្យុះព្រះអាទិត្យនៅឡើយទេ ហើយផលប៉ះពាល់ពិតជាធ្ងន់ធ្ងរណាស់។

អ្នកវិទ្យាសាស្រ្តបាននិយាយថា ប្រសិនបើព្យុះព្រះអាទិត្យបុកនឹងដែនម៉ាញេទិករបស់ផែនដី វាអាចប៉ះពាល់ដល់បច្ចេកវិទ្យាជាច្រើន រួមទាំងផ្កាយរណបដែលហោះជុំវិញផែនដី និងប្រព័ន្ធរ៉ាដាទៀតផង។

លោក Joseph Pelton បានព្រមានដែរថា ព្យុះព្រះអាទិត្យ អាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអ៊ិនធើណេតទូទាំងពិភពលោក។ លោកបន្ថែមថា ឧស្ម័នកម្តៅ ដែលនាំយកអ៊ីយ៉ុងរាប់តោនមកជាមួយនោះ ធ្វើដំណើរប្រហែលពីរលានគីឡូម៉ែត្រក្នុងមួយម៉ោង អាចធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចពិភពលោក និងហេដ្ឋារចនាសម្ព័នសកល ស្ថិតក្នុងស្ថានភាពច្របូកច្របល់។

តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកវិទ្យាសាស្រ្តអាចបង្កើតរចនាសម្ព័ន្ធខែលអេឡិចត្រូម៉ាញេទិកដែលមានទំហំធំនោះ វាអាចនឹងការពារផែនដីពីព្យុះព្រះអាទិត្យ។ លោក Joseph Pelton បន្ថែម៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]