(ភ្នំពេញ)៖ ស្ពានអាកាសផ្សារដីហុយ ដែលជាគម្រោងសាងសង់ស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ត្រូវបានធ្វើការហ៊ុព័ទ្ធការដ្ឋានដើម្បី បុកគ្រឹះសាងសង់ហើយ បន្ទាប់ពីក្រុមហ៊ុនសាងសង់បញ្ចប់ការងារពង្រីកផ្លូវសង្ខាង និងធ្វើការដោះស្រាយផលប៉ះពាល់រួចមក។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបានថ្លែងប្រាប់ឲ្យដឹងថា នៅម៉ោង៩យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយ ត្រូវបានហ៊ុព័ទ្ធការដ្ឋាននៅលើដង ផ្លូវសហព័ន្ធរុស្សីត្រង់ចំណុចស្តុបផ្សារដីហុយហើយ ដើម្បីធ្វើការបុកគ្រឹះសាងសង់ទៅតាមការគ្រោងទុក។ 

ប្រធានមន្ទីរសាធារណរូបនោះបានថ្លែងឲ្យដឹងទៀតថា ការចាប់ផ្ដើមហ៊ុំព័ទ្ធការដ្ឋានធ្វើការបុកគ្រឹះនេះ បន្ទាប់ពីក្រុមហ៊ុនបានធ្វើការឈូសឆាយពង្រីកផ្លូវទាំងសង្ខាង និងធ្វើការដោះស្រាយផលប៉ះពាល់រួចរាល់មក។

សូមបញ្ជាក់ថា តាមគម្រោងការសាងសង់ស្ពានអាកាសផ្សារដីហុយនេះ គ្រោងនឹងបញ្ចប់ការសាងសង់ អោយរួចរាល់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០១៦ខាងមុខ ដែលស្ពាននេះគឺសាងសង់ឡើង នៅលើដងផ្លូវសហព័ន្ធរុស្សី ប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។ ក្នុងនោះតាមប្លង់ ស្ពានអាកាសផ្សារដីហុយនេះ មានបណ្ដោយប្រវែង៩០៥ម៉ែត្រ និងទទឹង១៦,៥ម៉ែត្រ។

ខណៈការដ្ឋានសាងសង់ស្ពានត្រូវបានហ៊ុព័ទ្ធដែលនាំឲ្យដងផ្លូវនៅចំណុចការដ្ឋាន អាចមានការកកស្ទះចរាចរនោះ ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានសំណូមពរឲ្យអ្នកធ្វើដំណើរ និងសាធារណជនមានការយោគយល់ អធ្យាស្រ័យក្នុងការធ្វើចរាចរ នៅលើដងផ្លូវនៅសង្ខាងការដ្ឋានដែលបានពង្រីករួចហើយនេះ។

សូមជំរាបថា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះកន្លងទៅ សាលារាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនម៉ៅការសាងសង់ស្ពានអាកាសស្តុបផ្សារដីហ៊ុយ បានដាក់គ្រឿងចក្រដើម្បីសាងសង់។ ការសាងសង់ស្ពានអាកាសនេះធ្វើដោយក្រុមហ៊ុន OCIC៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់ ស្ពានអាកាសតិចណូ ក៏ត្រូវបានគេដឹងថា បានចំណាយថវិកា សាងសង់ជាង១៤,៥លានដុល្លារ។

ស្ពានអាកាសតិចណូ រត់តាមបណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើ ប្រសព្វមហាវិថី គីម អ៊ីលស៊ុង និង មហាវិថី ម៉ៅ សេទុង មានបណ្តោយ ៣៨២ម៉ែត្រ , ទទឹង ១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដី មានប្រវែង ៣៥៦ម៉ែត្រ និង ទទឹងពី៦ទៅ៨ម៉ែត្រ ។

ស្ពានអាកាសទី៤ នេះដែរ សាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ( OCIC ) ត្រួតពិនិត្យបច្ចេកទេស ដោយមន្ទីរ សាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ រយៈពេល សាងសង់១៦ខែ ដោយតាមគម្រោង នឹងបញ្ចប់ការសាងសង់ ថ្ងៃទី០៩ មករា ២០១៦ និង ចំណាយថវិកា សាងសង់ ១៤,៥០២,៤៧៦ដុល្លារ បានមកពីគម្រោង វិនិយោគនានា របស់ក្រុមហ៊ុន OCIC ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]