(កំពង់ស្ពឺ)៖ ជម្លោះរឿងស្នេហា សង្ស័យខាងស្រីមានអ្នកថ្មី បានធ្វើឲ្យខាងប្រុសខឹង ក៏ទៅចាក់សម្លាប់ដល់តូបកាត់ដេរ ក្នុងផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលពេញផ្សារតែម្តង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងជាបឋមថា ហេតុការណ៍នេះ ខាងប្រុសក៏រងរបួសធ្ងន់ផងដែរ។ 

លោក ខឹម សាម៉ន អធិការស្រុកឧដុង្គ បាននិយាយយ៉ាងខ្លីដោយសម្លេងខ្លាំងៗថា «ខ្ញុំជាប់រវល់!» រួចហើយក៏បិតទូរស័ព្ទទៅ។ ដោយឡែកលោក សោម បូរ៉ា ស្នងការរង បានបញ្ជាក់ដោយសំដីទន់ភ្លន់ថា នៅពេលនេះលោកក៏មិនទាន់ដឹងពីព័ត៌មានលម្អិតនោះទេ ដោយកំពុងធ្វើដំណើរជិតដល់ហើយ។

ដោយឡែកមន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណែម ចន្ធូ អាយុ២៤ឆ្នាំ មុខរបរកាត់ដេរ រស់នៅឃុំវាំងចាស់ រីឯជនបង្កមានឈ្មោះ សឹុម ម៉ូត អាយុ៣២ឆ្នាំ រស់នៅភូមិតានាល ឃុំព្រះស្រែ។

បើតាមមន្រ្តីអាវុធហត្ថ មូលហេតុដែលនាំឲ្យមានការចាក់សម្លាប់នេះ កើតឡើងដោយសារតែជនបង្ក លួចស្រឡាញ់ជនរងគ្រោះ តែជនរងគ្រោះមិនស្រឡាញ់ ហើយថែមទាំងមានសង្សារទៀតផង។

ដោយសារបែបនេះទើបជនបង្ក ទៅចាក់សម្លាប់ជនរងគ្រោះតែម្តង រហូតដល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយរួចមកក៏ចាក់ខ្លួនឯងតែម្តង បណ្តាលឲ្យរបួសធ្ងន់៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានករណីហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ស្ត្រីជាប្រពន្ធ បានយកកូនកាំបិតចុងស្រួចទៅចាក់ប្តីជាច្រើនកាំបិត រួចចាក់ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់កាលពី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា មុនពេលកើតហេតុប្តីប្រពន្ធនេះ បានផឹកស្រាជុំគ្នារហូតស្រវឹងរៀងខ្លួន តែមិនដឹងថាប្រពន្ធខឹងប្តីដោយសាររឿងអ្វីទេ ក៏ស្រាប់តែឈ្មោះ ផូ សុធន អាយុ២២ឆ្នាំ ជាប្រពន្ធ បានស្ទុះទៅយកកូនកាំបិតចុងស្រួចចាក់ប្តីឈ្មោះ ពៅ សានិត អាយុ៣២ឆ្នាំ បណ្តាលឲ្យរបួសពេញខ្លួន ក្រោយមកប្តីក៏បាននិយាយថា អញឈប់យកនាងឯងធ្វើជាប្រពន្ធ ហើយភ្លាមៗនោះស្ត្រីជាប្រពន្ធក៏បានចាក់ខ្លួនឯងដោតកាំបិតជាប់នឹងពោះរងរបួសធ្ងន់ទាំងអស់គ្នា ។

លោកអធិការ បញ្ជាក់ថា ក្រោយពីកើតហេតុ ប្តីប្រពន្ធ២នាក់នេះត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

បើតាមការសាកសួរ ក្នុងពេលផឹកនោះប្តីនិយាយលេងថា បើបានប្រពន្ធចេះផឹកស្រាអញមិនយកទេ ទៅយកស្រីក្មេងជាងនេះហើយមិនចេះផឹកវិញល្អជាង ។ ប្រហែលដោយសារការនិយាយលេងនេះហើយទើបធ្វើឲ្យប្រពន្ធខឹង យកកូនកាំបិតមកចាក់ប្តីតែម្តងទៅ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]