ខេត្តបន្ទាយមានជ័យ៖ ករណី​ហិង្សា​ក្នុង​គ្រួសារ​​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ស្ត្រី​ជា​ប្រពន្ធ បាន​យក​កូនកាំបិត​ចុង​ស្រួច​ទៅ​ចាក់​ប្តី​ជា​ច្រើន​កាំបិត រួច​ចាក់​ខ្លួនឯង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្តី​ប្រពន្ធ​នេះ បាន​ផឹកស្រា​ជុំ​គ្នា​រហូត​ស្រវឹង​រៀងខ្លួន តែ​មិនដឹង​ថា​ប្រពន្ធ​ខឹង​ប្តី​ដោយសារ​រឿង​អ្វី​ទេ ក៏​ស្រាប់តែ​ឈ្មោះ ផូ សុ​ធន អាយុ​២២​ឆ្នាំ ជា​ប្រពន្ធ បាន​ស្ទុះ​ទៅ​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ប្តី​ឈ្មោះ ពៅ សានិ​ត អាយុ​៣២​ឆ្នាំ បណ្តាល​ឲ្យ​របួស​ពេញ​ខ្លួន ក្រោយមក​ប្តី​ក៏​បាន​និយាយ​ថា អញ​ឈប់​យក​នាង​ឯង​ធ្វើ​ជា​ប្រពន្ធ ហើយ​ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ចាក់​ខ្លួនឯង​ដោត​កាំបិត​ជាប់​នឹង​ពោះ​រង​របួសធ្ងន់​ទាំងអស់​គ្នា ។

លោក​អធិការ បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ ប្តី​ប្រពន្ធ​២​នាក់​នេះ​ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ការ​សាកសួរ ក្នុង​ពេល​ផឹក​នោះ​ប្តី​និយាយ​លេង​ថា បើ​បាន​ប្រពន្ធ​ចេះ​ផឹកស្រា​អញ​មិន​យក​ទេ ទៅ​យក​ស្រី​ក្មេង​ជាង​នេះ​ហើយ​មិន​ចេះ​ផឹក​វិញ​ល្អ​ជាង ។ ប្រហែល​ដោយសារ​ការ​និយាយ​លេង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង យក​កូនកាំបិត​មក​ចាក់​ប្តី​តែ​ម្តង​ទៅ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   ជម្លោះក្នុងគ្រួសារ! ប្តីចាក់ប្រពន្ធបណ្តាលឲ្យប្រកាច់ស្លាប់ នៅសង្កាត់ស្ទឹងមានជ័យ គួររំលឹកផងដែរថា ជម្លោះក្នងគ្រួសារបានបណ្តាលឲ្យស្រ្តីម្នាក់ ត្រូវបានប្តីចាក់សម្លាប់ដោយកាំបិតចុងស្រួច កាលពីវេលាម៉ោង១៖១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី០៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទន់ ធាវី អាយុ៤៧ ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ មុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើត ភូមិបាលិលេយ្យ១ ឃុំ ដងឡង ស្រុកបាកាន ខេត្តពោធិសាត់ បាននិងកំពុងរត់គេចខ្លួន។ ដោយឡែកជនរងគ្រោះឈ្មោះ សុខ សុឃិន អាយុ៤២ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ មានមុខរបរ បើកកន្លែងកោសជប់ (មានស្រុកកំណើត ភូមិ វាល ឃុំ ចាម ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង។ វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ៖ កាំបិតចិតបន្លែ០១ដើម,កាំបិតបុ័ងតោ០១។ 

លោក ម៉េង វិមានតារា បានបន្តទៀតថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះ ទន់ ធាវី និង ជនរងគ្រោះឈ្មោះ សុខ សុឃិន ជាស្រ្តីមេម៉ាយមានកូនប្រុស០២នាក់ បានយកគ្នាជាប្តីប្រពន្ធ មកស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុមទី០៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយពេលរស់នៅជាមួយគ្នាអ្នកទាំង០២ ឧស្សាហ៍ឈ្លោះប្រកែកគ្នាក៏លែងលះ។

ក្រោយលែងលះគ្នាជនសង្ស័យបានចេញទៅរស់នៅផ្ទះជួល ភូមិត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន លុះមកដល់ថ្ងៃកើតហេតុស្រាប់តែឮសំឡេងជនរងគ្រោះ ស្រែកឲ្យជួយចេញពីក្នុងផ្ទះ អ្នកជិតខាងបានចេញទៅមើលឃើញជនសង្ស័យឈ្មោះ ទន់ ធាវី កាន់កូនកាំបិតក្នុងដៃខ្លួនប្រឡាក់ឈាម រត់ចេញពីក្នុងផ្ទះតាមផ្លូវក្រោយគេចខ្លួនបាត់។

ចំណែកជនរងគ្រោះដេកស្លាប់ក្នុងផ្ទះ នៅក្បែរសពមានកាំបិតចិតបន្លែ០១ដើម,កាំបិតបុ័ងតោ០១ដើម។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]