ភ្នំពេញ៖ នាសតវត្សទី២១​ ជាសម័យដែលជឿនលឿនទាន់សម័យ អ្វីៗកាន់តែវិវឌ្ឍន៍ទៅមុខជានិច្ច ។ រីឯយុវវ័យបច្ចុប្បន្នវិញ ពួកគេនិយមចូលចិត្តតុបតែងខ្លួន ដេញតាមសម័យកាលទំនើប ឬក៏អាចនិយាយបានថាចូលចិត្តធ្វើអ្វីតាមគ្នាផងដែរ ដូចជាការលេងពណ៌សក់  ការចោះក្រវិលត្រចៀកពីរបីជាន់ ឬក៏សាក់ ជាដើម -ល-។

បច្ចុប្បន្ននេះមានយុវវ័យមួយចំនួន ចូលចិត្តលេងស្ទាយបែបអឺរ៉ុបផងដែរ ដូចជាស្លៀកពាក់ខ្លីៗ រួចថតរូបបង្ហោះលើបណ្តាញសង្គម ដែលសកម្មភាពទាំងនេះពួកគេគិតថាវាជារឿងសាមញ្ញធម្មតាទៅហើយ។  បើធៀបទៅនឹងសម័យកាលមុនៗ ពួកគេមិនហ៊ានស្លៀកពាក់ ឬក៏តែងខ្លួនអ្វីឲ្យវាហួសហេតុ ឬបង្ហាញជាសាធារណៈដូចសម័យនេះឡើយ។

មិនថាយ៉ាងណា ថ្ងៃនេះ Khmerload សូមបង្វែរអារម្មណ៍ប្រិយមិត្ត ងាកមកចាប់អារម្មណ៍ស្ទាយតុបតែងខ្លួនមួយបែបទៀត កំពុងតែទទួលបានការពេញនិយមខ្លាំងមែនទែន ពិសេសនារីៗតែម្តង ដែលនោះគឺការចោះក្រវិលត្រង់ផ្ចិត។ 

យុវតីមួយចំនួន តែងប្រាថ្នាចង់ចោះក្រវិលផ្ចិតបែបនេះ ព្រោះគិតថាពេលមើលទៅឃើញកាលីបទាន់សម័យ បូករួមទាំងក្បាលពោះរាបស្មើរបស់ពួកគេទៀត​នោះ ពិតជាស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន។​  ប៉ុន្តែពួកគេនៅមិនទាន់បានដឹងនៅឡើយទេថា តាមពិតទៅ ការចោះក្រវិលត្រង់ផ្ចិត មានផលប៉ះពាល់ខ្លាំង ស្ទើរតែមិននឹកស្មានដល់។

ជួបសម្ភាស៍ផ្ទាល់ជាមួយយុវតីអាយុ ១៩ឆ្នាំម្នាក់ ឈ្មោះហៅក្រៅថា AJ Small ​ថ្លែងប្រាប់ Khmerload ថា នាងមានបទពិសោធន៍ធ្លាប់ឆ្លងកាត់ ការចោះក្រវិលផ្ចិតពីមុនមក។ កញ្ញាបានរៀបរាប់់ប្រាប់ពីគុណសម្បត្តិ និង គុណវិបត្តិមួយចំនួន នៃការចោះក្រវិលផ្ចិត និងជួយណែនាំមិត្តៗនារី ដែលមានបំណងចង់ចោះក្រវិលផ្ចិត ឲ្យគាត់បានស្វែងយល់ពីបញ្ហាមួយនេះ។

កញ្ញា AJ បានរៀបរាប់ថា៖ «ខ្ញុំបានចោះក្រវិលផ្ចិត កាលពីកំឡុងខែ៤ បើគិតមកទល់ពេលនេះ វាមានរយៈពេលជាង ៤ខែមកហើយ។ ហើយកាលពីចោះដំបូង ខ្ញុំចាំបានថាវាពិតជាឈឺខ្លាំងមែនទែន នៅពេលដែលជាងគាត់បុកម្ជុលចូលទៅក្នុងសាច់ពោះរបស់ខ្ញុំ  ប៉ុន្តែមិនថាយ៉ាងណា ព្រោះតែចង់ស្អាតខ្ញុំក៏ទ្រាំ បន្ទាប់ពីចោះរួច ខ្ញុំពិតជាប្បាយចិត្តខ្លាំងណាស់ ព្រោះខ្ញុំបានសំរេចបំណងរបស់ខ្ញុំ លើសពីនេះ ខ្ញុំតែងតែថតរូបក្បាលពោះរបស់ខ្ញុំដែលទើបតែចោះក្រវិលរួចនោះ បង្ហោះទៅលើបណ្តាញសង្គមហ្វេសប៊ុក  មិនតែប៉ុណ្ណោះខ្ញុំទទួលបាន ការកោតសរសើរយ៉ាងច្រើន ពីមិត្តៗលើបណ្តាញសង្គមរបស់ខ្ញុំ  ដោយមានអ្នកខ្លះគាត់បានសរសើរ ថាស្អាត រីឯអ្នកខ្លះទៀត ក៏គាត់បានសួរខ្ញុំពីការចោះក្រវិលនេះ ដោយថាចោះនៅណា? ចោះអស់ថ្លៃប៉ុន្មាន? -ល-  ព្រោះភាគច្រើនចង់ចោះបែបនេះដែរ»។ 

កញ្ញាបន្តទៀតថា៖ «បន្ទាប់ពីចោះបានរយៈពេលមួយខែដំបូង កន្លែងដែលបានចោះនោះ ចាប់ផ្តើមធ្វើទុក  មានអារម្មណ៍ថាឈឺខ្ទកៗហើយហើម ព្រោះនៅពេលដែលយើងធ្វើអ្វីមួយ ដោយមិនប្រុងប្រយត្ន័ម្តងៗ គឺក្រវិលដែលនៅលើផ្ចិតរបស់យើងនោះ វានឹងទាក់នឹងអាវ ឬក៏ទាក់នឹងអ្វីផ្សេងៗ ដែលធ្វើឲ្យយើងឈឺខ្លាំងមែនទែនស្ទើរតែមិនអាចទ្រាំបានទៀតផង។  បន្ថែមពីនេះទៅទៀត អ្វីដែលមិននឹកស្មានដល់នោះ គឺនៅត្រង់កន្លែងដែលចោះនោះ វាក៏បានហើម ហើយមានខ្ទុះថែមទៀតផង ព្រោះដោយសារតែខ្ញុំញុំអត់សូវចេះតម  ជាពិសេសគឺញុំាសាច់គោតែម្តង ខណៈកំពុងញុំាបណ្តើរ មុខរបួសក៏ចាប់ផ្តើមឈឺភ្លាមៗតែម្តង»

***ចំណាំ៖ ការចោះក្រវិលផ្ចិត គឺវាទាមទារឲ្យយើងតបអាហារជាច្រើនមុខ ដោយមានដូចជា ប្រហុក គ្រឿងសមុទ្រ និងសាច់គោជាដើម ព្រោះថាអាហារទាំងនេះ អាចធ្វើឲ្យមុខរបួសប្រែទៅជាក្លាយ ឬហើម។         

កញ្ញាបានបន្តឲ្យ Khmerload ដឹងទៀតថា៖ «រយៈពេលពីមួយថ្ងៃទៅមួយថ្ងៃ របួសក៏កាន់តែមានបញ្ហាទៅៗ ដោយខ្ទុះនោះវាតែងតែកើតមានជារឿយៗ ទាល់តែយើងឧស្សាហ៍ ញេចខ្ទះនោះចេញទើបវាបានប្រសើរ។ ពីព្រោះថាដោយសារតែខ្ញុំមិនសូវ បានថែទាំមុខរបួសដែលចោះនោះឲ្យវាបានល្អប៉ុន្មាននោះទេ។ កាលដែលចោះត្រង់ផ្ចិតបែបនេះ គេតែងតែប្រើថ្នាំលេប និងថ្នាំលាប ត្រង់មុខរបួសនោះជារឿយៗ ទើបផ្ចិតរបស់យើងគ្មានបញ្ហា ឬក៏គ្មានស្នាមផ្លែផ្សេងៗ។ ប៉ុន្តែមិនថាយ៉ាងណា បើយកល្អកុំចោះក្រវិលត្រង់នេះអីល្អជាង សុខចិត្តទុកពោះឲ្យនៅរលោងវិញល្អជាង ព្រោះថាមិនចង់ឲ្យសោកស្តាយនៅពេលក្រោយនោះទេ។ កាលណាបើចោះហើយ គឺវាត្រូវតែមានស្នាមរហូតហើយ មិនអាចឲ្យវាប្រែមកជាល្អស្អាតដូចកាលពីមិនទាន់ចោះទៀតឡើយ។ ម៉្យាងមួយវិញទៀត បើអ្នកសម្រេចចិត្តចោះវា គួរណាគប្បីថែរក្សារបួសនោះជាប្រចាំ ដូចជាការតមអាហារ ដែលធ្វើឲ្យក្លាយសាច់  ជូតសំអាត និងឧស្សាហ៍លាបថ្នាំនៅលើមុខរបួស ដើម្បីកម្ចាត់មេរោគឆ្លងផ្សេងៗ ព្រោះថានៅត្រង់ពោះនេះ ជាកន្លែងដែលសម្បូរទៅដោយជាតិខ្លាញ់ ដូចនេះវាមិនងាយនឹងជាសះស្បើយដូចជា កន្លែងសម្បូរសាច់ផ្សេងៗនោះទេ។ ហើយបើសិនជាអ្នកមិនបានថែទាំវាឲ្យបានល្អទេនោះ​  ត្រង់មុខរបួសរបស់អ្នកនឹងចេញខ្ទុះ ហើម ឬក៏កើតមេរោគផ្ចិតឆ្លងផ្សេងៗថែមទៀតផង»

សរុបមកខាងលើនេះ គឺជាការរៀបរាប់ទ្រួសៗរបស់យុវតីម្នាក់ ដែលគាត់ធ្លាប់ឆ្លងកាត់លើបញ្ហាទាំងនេះពីមុនមក ដូចនេះប្រិយមិត្តប្រាកដជាជ្រាបខ្លះៗហើយ អំពីការចោះក្រវិលផ្ចិតនេះ។  ការចោះក្រវិលផ្ចិតបែបនេះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិផងដែរ ដែលគុណសម្បត្តិ វាធ្វើឲ្យយើងស្រស់ស្អាត មើលទៅ Swag​ កាលីប និងធ្វើឲ្យយើងសប្បាយចិត្ត នឹងអ្វីដែលយើងបានធ្វើ  រីឯគុណវិបត្តិវិញ​ ដូចអ្វីដែលបានរៀបរាប់ខាងលើដូច្នោះអែង  ធ្វើឲ្យយើងប្រឈមទៅនឹងបញ្ហាជាច្រ់ើន៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណា ចំពោះការចោះក្រវិលផ្ចិតនេះ!!?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]