ភ្នំពេញៈ ប្រភពព័ត៌មានពីស្ថានទូតកូរ៉េខា​ងត្បូង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះ បន្តិច លោកកុងស៊ុល នៃស្ថានទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានចេញដំណើរជាប្រញ៉ាប់មួយ ទៅកាន់ខេត្តព្រះសីហនុ ទីដែលមានសេចក្តីរាយការណ៍ថា មានជនជាតិកូរ៉េ២នាក់ឪកូន បានលង់ទឹកស្លាប់ កាលព្រឹកមិញនេះ។

ប្រភពដដែលឲ្យដឹងថា សពទាំងពីរនាក់នោះ គឺជាភ្ញៀវទេសចរ មកលេងកម្សាន្ត នៅខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា។

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ស្ត្រីជនជាតិបរទេសម្នាក់ ត្រូវបានម្ចាស់ហាង យីហោ «អាខាដៀរ» ប្រទះឃើញ អណ្តែតក្នុងទឹកព្រែកម៉ាក់ប្រាង្គ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលស្រុក បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ប្រ្លែនីគ្រី ស្ទីអាន់នី ភេទស្រី កើតនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៩២ ជាជនជាតិអូស្រ្តាលី។ ស្ត្រីរងគ្រោះរូបនេះ មកស្នាក់នៅផ្ទះសំណាក់ យីហោខាងលើតាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែសីហានេះ ករណីខាងលើ គឺមិនមែនករណីផ្សេង ក្រៅពីករណីលង់ទឹកស្លាប់នោះទេ តាមកម្លាំងនគរបាលជំនាញខេត្តរបស់លោក បានធ្វើកោសល្យវិច្ច័យ រកឃើញថា សពជនរងគ្រោះបានស្លាប់ ដោយសារលង់ទឹក កាលពីក្បាលព្រលប់ ថ្ងៃទី២០ ខែសីហាម្សិលមិញ ប៉ុន្តែគ្មានអ្នកណាដឹង លុះដល់វេលាខាងលើ ទើបម្ចាស់ហាង យីហោ «អាខាដៀរ» ប្រទះឃើញ រួចហើយរាយការណ៍ មកកម្លាំងនគរបាល ទើបកម្លាំងនគរបាលដឹងចុះ ទៅធ្វើកោសល្យវិច្ច័យ ហើយរកឃើញលទ្ធផល ជនរងគ្រោះបានស្លាប់ ដោយសារលង់ទឹកយ៉ាងដូច្នេះតែម្តងទៅ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]