ភ្នំពេញ៖ កាលពីយប់មិញ ថ្ងៃទី២៣ ខែសីហា នេះ គណនីហ្វេសប៊ុកផេក របស់ផលិតកម្ម រស្មីហង្សមាស បានបង្ហោះនូវវីដេអូ(Teaser)ខ្លីមួយ ប្រមាណជា១នាទីជាង ដែលបង្ហើបពីបទចម្រៀងថ្មី Original Song និង ជាបទចម្រៀងដំបូងបង្អស់ របស់អតីតបេក្ខជន The Voice Cambodia រដូវកាលទី២ នោះគឺ រ៉េត សូហ្សាណា ដោយមានចំណងជើងថា «ឈប់»។

ទន្ទឹមនឹងនេះផងដែរ យើងសង្គេតឃើញថា បទចម្រៀងមួយបទនេះ គ្រាន់តែបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក មិនទាន់បាន១ថ្ងៃត្រឹមត្រូវផង ប៉ុន្តែបើនិយាយពីចំនួនអ្នកចូលទស្សនាវិញ មានរហូតទៅដល់ជាង៣សែនដង និង ចំនួនអ្នកចែករំលែកShare រហូតដល់ជាង១មឺុន Share ឯណោះ ទាំងដែលបទចម្រៀងមួយបទនេះ នៅមិនទាន់បានចេញ បទចម្រៀងពេញ(Full Song) ឬក៏ MV ចម្រៀង នៅឡើយទេ។ លើសពីនេះទៅទៀតនោះ ថែមទាំងទទួលបាននូវការគាំទ្រ និងការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ក្នុងប្រទេសកម្ពុជាថែមទៀតផង។  

ប៉ុន្តែមិនថាយ៉ាងណា ក៏មានមតិអ្នកគាំទ្រមួយចំនួនក៏បានឆ្ងល់ថា ឃើញមានតែវត្តមាន បេក្ខជន The Voice មួយចំនួនប៉ុណ្ណោះ ដូចជា ហ្សាណា ថែល ថៃ និង ឈិន រតនៈ ដែលបានចេញបទថ្មី​ ចំណែកឯបេក្ខជនផ្សេងទៀត ដូចជា សាន ស្រីឡៃ ឬក៏ ឃី សុខឃុន ជាដើម បែរជាស្ងាត់ឈឹង មិនឃើញចេញបទចម្រៀងអ្វីនឹងគេឡើយ។

គួរបញ្ជាក់ដែរថា នេះជាគឺបទចម្រៀងដំបូងគេបង្អស់ របស់ រ៉េត សូហ្សាណា ដែលជាតារាចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្ម ភ្លេងរីខត (Pleng Record)។ ហើយបទចម្រៀងនេះផងដែរ បានបង្កើតឡើង ដោយមានការសហការរួមគ្នា ពីសំណាក់អ្នកនិពន្ធប្រចាំផលិតកម្ម រស្មីហង្សមាស និងភ្លេងរីខត គឺ លោក មាស សុគន្ធ និង លោកទ្រី សក្កដា ។

ដូចនេះ បើចង់ដឹងបទ«ឈប់» របស់ ហ្សាណា មានអត្ថន័យយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរ កាលពីយប់ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ កម្មវិធី The Voice Cambodia 2 បានឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ Coach និមួយៗមានកូនក្រុម២នាក់ ដើម្បីប្រកួតប្រជែងជាមួយគ្នា ជ្រើសរើសយកតែម្នាក់ ទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ។

ក្នុងនោះផងដែរ អ្វីដែលចាប់អារម្មណ៍នៅ ក្នុងការប្រកួតនោះ គឺកូនក្រុមរបស់ Coach តារាចម្រៀង ឱក សុគន្ធកញ្ញា គឺបេក្ខនារី រ៉េត ស៊ូហ្សាណា បានធ្លាក់ពីកម្មវិធី The Voice Cambodia ហើយ បន្ទាប់ពីមិនអាចយកឈ្នះគូប្រជែងរួមក្រុមគឺបេក្ខជន ថែល ថៃ បាន ខណៈក្នុងបណ្តាលសង្គម Facebook មួយចំនួន បានរិះគន់ចំពោះ Coach ឱក សុគន្ធកញ្ញា ថាមានភាពមិនយុត្តិធម៌ ព្រោះតែឲ្យ រ៉េត ស៊ូហ្សាណា ច្រៀងបទដែលមានមេឡូឌីទាប ហើយឲ្យ ថែល ថៃ ច្រៀងបទស្រែកៗពិបាកៗនោះក្តី។

ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់មិញនេះ បេក្ខនារី រ៉េ ស៊ូហ្សាណា ដែលនិយមច្រៀងបទចម្រៀង ជាភាសាអង់គ្លេស ហើយទទួលបានការរិះគន់ ជាបន្តបន្ទាប់នោះ បានច្រៀងចម្រៀង២ បទខ្មែរមួយបទ និងបទអង់គ្លេសមួយបទ។ បទខ្មែរ មានចំណងជើងថា «ផ្ការីកក្នុងសមុទ្រទឹកភ្នែក» និងបទជាភាសាអង់គ្លេស «Blank Space»។

យ៉ាងណាក៏ដោយការរិះគន់ដែលបានកើតឡើង ទៅលើគ្រូបង្វឹក ឱក សុគន្ធកញ្ញា ត្រូវបានបញ្ចប់ បន្ទាប់ពីបេក្ខនារី រ៉េត ស៊ូហ្សាណា ត្រូវបានទម្លាក់នៅ យប់ថ្ងៃទី១២ ខែមិថុនា ក្នុងកម្មវិធី The Voice Cambodia ដោយជើងខ្លាំង ថែល ថៃ។ ការបរាជ័យរបស់នាង គឺជាការបិទបញ្ចប់រាល់ការរិះគន់ ខណៈដែលមុនការប្រកាសលទ្ធផល គឺការផុសផុលយ៉ាងខ្លាំង វាយសន្ធាប់ថា កម្មវិធីបានរៀបចំឲ្យ រ៉េត ស៊ូហ្សាណា ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីឲ្យមានប្រៀបលើ ថែល ថៃ នោះ។

ក្នុងវគ្គប្រកាសលទ្ធផល យុវតីវ័យ១៦ឆ្នាំ រ៉េត ស៊ូហ្សាណា បាននិយាយក្នុងភាពជឿជាក់ថា «ចាប់តាំងពីការផ្តើមចូលរួមក្នុងកម្មវិធីប្រកួតនេះ នាងខ្ញុំមិនដែល ស្រមៃថា អាចឈានចូលមកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រដូចពេលនេះទេ ព្រោះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺវាមានន័យណាស់ ហើយវាគឺជាវគ្គដ៏ធំមួយ នៃជីវិតរបស់ខ្ញុំ ។ ខ្ញុំមិនដែលជឿថា នាងខ្ញុំឡើងមកដល់វគ្គហ្នឹងទេ អីចឹងវាមាន័យសម្រាប់ខ្ញុំ ។ បើទោះបីជាថ្ងៃនេះ លទ្ធផលបរាជ័យក៏ដោយប៉ុន្តែ នាងខ្ញុំសប្បាយចិត្តក្នុងការទទួលយកវា ហើយនាងខ្ញុំនឹងយកការបរាជ័យមួយនេះ ទៅជាបទពិសោធន៍របស់នាងខ្ញុំទៅថ្ងៃអនាគត»។

សម្តីគ្រប់មាត់របស់ រ៉េត ស៊ូហ្សាណា និយាយក្នុងវេទិកា បានធ្វើឲ្យ កញ្ញា ឱក សុគន្ធកញ្ញា ដែលជាគ្រូបង្វឹកហូរទឹកភ្នែក នៅចំពោះមុខទស្សនិកជនរាប់ម៉ឺននាក់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]