(ភ្នំពេញ)៖ ក្រោយប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅមុននេះបន្ដិចថា បេក្ខជនអវត្តមានកើនឡើងដល់១៣៦១នាក់ ក្នុងនោះស្រី ៥៣២នាក់ បេក្ខជនមានបញ្ហាសុខភាពមាន ២៦នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ២ករណី ដែល ១ករណីមានសភាពធ្ងន់ធ្ថរ មិនអាចបន្តការប្រឡងបាន។

ទោះជាយ៉ាងណា ក្រសួងអប់រំបានបញ្ជាក់បន្ទាប់ពីបញ្ចប់ការប្រឡង នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះថា ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន ពោលគឺគណៈមេប្រយោគ គ្រប់លំដាប់ថ្នាក់មានការទទួលខុស ត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ទោះបីនៅតាម រាជធានី-ខេត្ត មួយចំនួន មានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។ ជាមួយគ្នានេះដែរ បេក្ខជនបានគោរពបទប្បញ្ញត្តិ និងកម្រិតវិន័យ នៃការប្រឡងបានត្រឹមត្រូវ មានភាពជឿជាក់ និងធ្វើកិច្ចការបានច្រើន ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ ឡើយ ដោយមានកិច្ចសហការយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងសហភាពសហព័ន្ធ យុវជនកម្ពុជា។

សូមបញ្ជាក់ថា បេក្ខជនដែលបានចុះឈ្មោះប្រឡងបាក់ឌុប ឆ្នាំនេះ សរុប ៩៣,៧៥២នាក់ ស្រី៤៥,២៣៧នាក់ និងមានមណ្ឌលប្រឡង១៥៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន១១៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៤២មណ្ឌល ស្មើនឹង៣,៧៨១ បន្ទប់ នៅទូទាំងប្រទេស៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបឆ្នាំ២០១៦នេះដែរក៏បានឃើញប្អូនប្រុសម្នាក់ ពិការដៃទាំងពីរ ពីកំណើត បានយកជើងសរសេរប្រលង ក្នុងខេត្តព្រៃវែង។

យោងតាមព័ត៌មាន ដែលទទួលបានប្អូនប្រុសម្នាក់នេះឈ្មោះ បួន គុន រស់នៅភូមិស្ពឺខាងកើត ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង ជាកូនទី៥ (កូនពៅ) ក្នុងគ្រួសារកសិករមួយ ដែលម្ដាយទើបស្លាប់ប្រហែលកន្លះឆ្នាំមុន។ ឳពុកធ្វើជា ជាងសំណង់រកប្រាក់ចិញ្ចឹម និងផ្គត់ផ្គង់ការសិក្សា ចំពោះប្អូនប្រុសរៀននៅវិទ្យាល័យបាភ្នំ ជិះកង់ពីផ្ទះទៅសាលា ប្រហែល១៥គីឡូម៉ែត្រ ដោយឳពុកចងខ្សែពីដៃកង់មកថ្ពក់នឹងស្មា។

លោក ខៀវ ភារិទ្ធ តំណាងឲ្យ ស សុខា ប្រធានស.ស.យ.ក.ខេត្តព្រៃវែងបានមានប្រសាសាន៍ថា លោកសូមកោត សរសើរដោយស្មោះចំពោះប្អូនប្រុស ដែលតស៊ូរៀនរហូតដល់ប្រលងបាក់ឌុបនាពេលនេះ បើទោះជាពិការដៃ ទាំងពីរ និងកំព្រាម្ដាយគ្រួសារជួបការលំបាក ក៏នៅតែពុះពាររៀនសូត្រ។

សូមជូនពរប្អូនឲ្យប្រលង ជាប់បាក់ ឌុបឆ្នាំនេះ។ នេះជាសារដ៏សំខាន់មួយដល់ប្អូនៗជាច្រើនទៀត ដែលមានកាយសម្បទាគ្រប់គ្រាន់មួយចំនួន ប៉ុន្តែពុំមានស្មារតី ឬជំហររឹងមាំដួចប្អូនប្រុស ចំពោះប្អូនមានគំនិត ប្អូនមានផែនការ មានការតស៊ូពុះពារ ប្អូននឹងជោគជ័យជាក់ជាមិនខានឡើយ។

លោក ខៀវ ភារិទ្ធ បានឲ្យដឹងបន្ថែមថា «ក្នុងនាមយុវជនមួយរូប ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្តដ៏ស្មោះ អស់ពីដួងចិត្ត នៅពេលដែលខ្ញុំបានជួបប្អូនពិការដៃទាំងសងខាង តស៊ូរៀនសូត្រ រហូតមកប្រលង បាក់ឌុបថ្ងៃនេះដោយប្រើជើងសរសេរអក្សរជំនួសដៃ »។

ដើម្បីឆ្លើយតបទៅនឹងការតស៊ូដ៏កំរមាននេះ លោកតំណាងឲ្យ លោក ស សុខា ប្រធាន ស.ស.យ.ក.ខេត្តព្រៃវែង សូមលើកទឹកចិត្តប្អូន ក្រោយពីប្អូនប្រលងជាប់ នឹងផ្តល់អាហារូបករណ៍ រៀនមហាវិទ្យាល័យដោយឥតគិតថ្លៃ ប៉ុន្តែបើប្អូនមិនបានប្រលងជាប់វិញ ខ្ញុំនឹងផ្តល់ការសិក្សាជំនាញផ្សេងៗ ដើម្បីជាទន់សម្រាប់ចិញ្ចឹមជិវិតនាថ្ងៃអនាគត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]